ភ្នំ​ប៉ក់​យ៉ៃ ជា​កូនភ្នំ​សំបុក​ល្បែង​ស៊ីសង​ក្រៅច្បាប់ ក្រោម​អំណាច​ អាជ្ញា​ធរ​ខេត្ត

ខេត្តរតនគិរី ៖ នៅ​លើ​កូនភ្នំ​ប៉ក់​ញ៉ៃ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​យ៉ៃ ស្រុក​អូ​រយ៉ា​ដាវ មិន​ឆ្ងាយ​ប៉ុន្មាន​ ពី​ច្រក​ទ្វារ​ព្រំដែន​ អូ​រយ៉ា​ដាវ​ មាន​សង់រោង​ធំ​មួយ​ ជា​សំបុក​កាស៊ីណូ​ ក្រៅច្បាប់​របស់​ឈ្មោះ សុខ គឹ​ម​សាន្ត ដែល​មក​ពី​រាជធានី​ភ្នំពេញ​ធ្វើ ​ថៅកែ​ល្បែង ដោយ​ប្រាប់​គេ​ថា រត់ការ​ត្រឹម​អភិបាលខេត្ត និង​ស្នងការ​នគរបាល​ខេត្ត ។

មាន​ផ្លូវលំ​ធំ​ទូលាយ​បើករថយន្ត​បាន អាច​ឡើង​ដល់​ទៅ​សំបុក​កាស៊ីណូ​អនាធិបតេយ្យ​នេះ​តែ​ម្ដង ដោយ​មាន​អ្នកយាម​ ប្រចាំការ​ហូរហែ ។ មើល​បើ​ឃើញ​អ្នកកាសែត ​ណា​ទៅ​ទីនោះ ត្រូវ​ពួក​គេ​ដេញ​ ចេញ​អត់​ស្វាគមន៍​ទេ ក្រុម​សន្តិសុខ​កាច​ ដូច​ម៉ាហ្វីយ៉ា ។ ទោះ​អ្នកកាសែត​ត្រូវ​គេ​ច្រាន​ ទ្រូង​អត់ឱ្យ​ចូល​ក៏​ដោយ ក៏​បានដឹង​យ៉ាង​ប្រាកដ​ថា នៅ​លើ​កូនភ្នំ​ប៉ក់​យ៉ៃ​ដ៏​ ស្រស់​ត្រកាល​នោះ​ មាន​ល្បែងស៊ីសង​ក្រៅច្បាប់​ គ្រប់​ប្រភេទ​ដូច​ជា យូគី​,​អាប៉ោង​,​បៀរ​,​ជល់​មាន់​,​។​ល​។ អ្នក​ល្បែង​ដែល​ កំពុង​វក់​នៅ​ទីនោះ​យួន​ក៏​មាន ខ្មែរ​ក៏​មាន ដែល​ក្នុង​មួយ​ថ្ងៃ​ៗ​ មាន​យ៉ាងតិច​៥០​នាក់ ទៅ​១០០​នាក់ ។

វង់ល្បែង​លើ​ភ្នំ​ប៉ក់​យ៉ៃ​នេះ ក៏​មាន​បង្កើត​ហាង​បញ្ចាំ​មួយ​ចង់​បញ្ចាំ​រថយន្ត​ក៏​បាន បញ្ចាំ​ម៉ូតូ​ក៏​បាន​...​យក​លុយ​ភ្លាម​ៗ​ទៅ​ចាក់​ លេង​បន្ត​ទាន់ ចិត្ត​នៅ​ក្ដៅ ។ ឈ្មោះ សុខ គឹ​ម​សាន្ត ថៅកែ​ល្បែង​ល្បីឈ្មោះ​ ប្រចាំ​ភ្នំ​ប៉ក់​យ៉ៃ បើ​តាម​មន្ត្រី​មូលដ្ឋាន​ម្នាក់​ខ្សឹប​ប្រាប់​កោះ សន្តិភាព​ថា គាត់​ប្រាប់​គេ​ថា​ជាទី​ប្រឹក្សា​...​ទៀត​ផង មិនដឹង​ទីប្រឹក្សា​ខ្មោច​អី​ទេ​...​ចេះ​តែ​អួត​ប្រាប់​គេ ។

អួត​ប្រាប់​មន្ត្រី​មូលដ្ឋាន​បែប​នេះ ទំនង​គាត់​ភូត ឬ​គាត់​អួត​ដើម្បី​តម្លើង​ឥទ្ធិពល​...​វា​មិន​ដែល​ថ្នាក់​ ទីប្រឹក្សា​ឯណា ហ៊ាន​ផ្គើន​ ទៅ​បើក​ល្បែងស៊ីសង​ក្រៅ ច្បាប់​បែប​នេះ ។ ប៉ុន្តែ​បើ​មិន​ជឿ​...​តិច​មែន​ទៅ​...​?​! មែន​ក៏​មែន​ទៅ​...​ដឹង​មិន​ដល់​ដែរ​...​ព្រោះ​កោះសន្តិភាព​ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ ថៅកែ​ល្បែង​នេះ​បាន​ទេ មួយ​ឆ្នាំ​ជាង​មក​ ហើយ​ដែល​គាត់​បើក ហើយ​ប្រាប់​គេ​ថា បាន​រត់ការ​ដល់​លោក​ អភិបាលខេត្ត​ព្រមទាំង​លោក ស្នងការ​នគរបាល​ខេត្ត​រួច​ហើយ ដូច​ចែក​ហ៊ុន​គ្នា​ ក៏​មិនដឹង​បានជា​ សុខ​ស្រួល​យ៉ាងនេះ ។

ប៉ុន្តែ​មាន​ជំនិត​ថៅកែ​ម្នាក់​និយាយ​ប្រាប់​គេ​ថា ទីតាំង​ល្បែង​មួយ​នេះ​មិនសូវ​បាន​កាក់កប​ពេក​ទេ ព្រោះ​ គ្រាន់តែ​បង់​ឱ្យ​អាជ្ញាធរ​ ពី​ថ្នាក់​ស្រុក​ដល់​ថ្នាក់​ខេត្ត ក្នុង​មួយ​ខែ​អស់​ជាង​ ៣​ម៉ឺន​ដុល្លារ​ទៅ​ហើយ ។ ប្រហែលជា​ ពិតមែន​ទេ​ដឹង បានជា​គេ​បើក​លេង​ជាង​១​ឆ្នាំ សឹក​រិច​កូន ភ្នំ​ប៉ក់​យ៉ៃ​ទៅ​ហើយ អត់​មាន​ដែល​រត់ លូន​ម្ដងណា​ឡើយ គឺ​លេង​ដោយ​សុវត្ថិភាព​ទៅ​ហោង ។

បើ​និយាយ​ពី​កើត​មាន​ចោរប្លន់​វិញ រាប់​មិន​អស់​ទេ ដែល​ពួក​គេ​និយាយ​ថា មក​ពី​ខេត្តរតនគិរី​កើត​ មាន​ល្បែង​អនាធិបតេយ្យ​ ច្រើន​ពេក​។ ជា​ពិសេស​ល្បែងស៊ីសង​ នៅ​លើ​កូន ភ្នំ​ប៉ក់​យ៉ៃ​នេះ​ជាដើម ដែល​ច្រើន​នាក់​ហើយ​អស់​ម៉ូតូ អស់​ឡាន រឿង​អី​មិនកើត​ចោរប្លន់ ? ជាក់ស្ដែង​ម្សិលមិញ​នេះ ចោរ​២​នាក់​ប្លន់​ស្ថានីយ​ ប្រេង​យក​ ប្រាក់​អស់​ដោយ​សុវត្ថិភាព​ទៅ​ហោង ៕ 

ភ្នំ​ប៉ក់​យ៉ៃ ជា​កូនភ្នំ​សំបុក​ល្បែង​ស៊ីសង​ក្រៅច្បាប់ ក្រោម​អំណាច​ អាជ្ញា​ធរ​ខេត្ត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត