សំណើ ក្រុមនិយោជក ៧ចំណុច នឹងលើក ទៅពិភាក្សា ជាមួយ គណៈកម្មការ ចំពោះកិច្ចទាំងពីរ

ភ្នំពេញ៖ សំណើទាំង ៧ចំណុច របស់ក្រុមនិយោជក ដែលស្នើទៅកាន់គណៈកម្មការចំពោះកិច្ច ភាគីគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ នឹងត្រូវលើកយកទៅពិភាក្សា នៅក្នុងគណៈកម្មការចំពោះកិច្ចទាំងមូល ដែលតំណាង ដោយគណបក្សធំៗទាំងពីរ(CPP-CNRP)។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបជាមួយគណៈកម្មការ ចំពោះកិច្ចភាគីគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ មករា នាវិមានរដ្ឋសភា លោក វ៉ាន់ សូអៀង បានលើកឡើងថា និយោជកចង់ការពារសិទ្ធិកម្មករ ប៉ុន្តែចង់ឲ្យតំណាងកម្មករ (សហជីព) មានសិទ្ធិជាតំណាង មិនមែនក្នុងរោងចក្រមានកម្មករប្រហែល ៥០០នាក់ ឬ១០០នាក់ ហើយពួកសហជីពប្រហែល ៧នាក់។

លោកថា “កម្មករប្រមាណ១.០០០នាក់ តំណាង៧នាក់ មានអ្នកណាស្តាប់ឬ? រួចហើយយកលេសហ្នឹង ទៅធ្វើកូដកម្មអត់ប្រាប់កម្មករទៀត អត់ឲ្យកម្មករដឹងទៀត ហើយបង្ខំវាយកម្មករ អត់ឲ្យគេមកធ្វើការទៀត ហ្នឹងជាអំពើខុស។ ខ្ញុំចង់ទៅជួយសហជីពណា ដែលមានកម្មករត្រូវគ្រប់គ្រង ខ្ញុំជួយ”។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា កាលពីពេលកន្លងមក គណៈកម្មការចំពោះកិច្ចរបស់រដ្ឋសភា ក៏ធ្លាប់ទទួលយកនូវលក្ខខណ្ឌចំនួន ៧ចំណុចផងដែរ ការទទួលយកនេះ ដើម្បីធ្វើឲ្យច្បាប់សហជីពមានលក្ខណៈល្អ សម្រាប់សហជីព។

លោកបានបន្តថា “ឥឡូវសំណូមពររបស់និយោជក យើងក៏ទទួលសំណូមពររបស់គាត់ដែរ ៧ចំណុច ដែលមានពាក់ព័ន្ធនឹង ៧មាត្រា ហើយដែលគាត់ព្រួយបារម្ភអំពីសិទ្ធិ និងព្រួយបារម្ភអំពីដំណើរការផលិតកម្ម អាជីវកម្មរបស់គាត់ អីចឹងមានតែប៉ុណ្ណឹងទេ យើងយកសំណូមពរនេះ ដើម្បីទៅពិភាក្សាជាមួយនឹងផ្ទៃក្នុង របស់គណៈកម្មការចំពោះកិច្ច ដើម្បីធ្វើម៉េចឲ្យសម្របសម្រួលគ្នា ឲ្យច្បាប់នេះឲ្យមានលក្ខណៈល្អ ហើយទទួលយកបានគ្រប់ភាគី វាមានកម្មករ និយោជក និងសហជីព”។

បើតាមលោក វ៉ាន់ សូអៀង សំណើនេះមិនដឹងថា ខាងគណៈកម្មការចំពោះកិច្ចរដ្ឋសភា នឹងលើកយកទៅពិភាក្សានៅពេលណានោះទេ។

សូមបញ្ជាក់ថា ក្នុងចំណោមលក្ខខណ្ឌទាំង៧ចំណុច ដែលស្នើនោះ មានចំណុចសំខាន់ៗដូចជា ៖ទី១- ត្រង់មាត្រា១០ ភាគីនយោជក ស្នើសុំឲ្យមានការកែប្រែនូវការកម្រិតចំនួន កម្មករ និយោជិត ក្នុងការចូលរួមបង្កើតសហជីព។ ត្រូវបង្កើតឡើងដោយកម្មករ និយោជិតយ៉ាងតិច ២០ភាគរយ នៃចំនួនកម្មករនិយោជិតសរុប។ -២មាត្រា១៣ លក្ខន្តិកៈរបស់ ឬសមាគម និយោជកណាដែលស្នើសុំចុះបញ្ជី ត្រូវបង្កើតចំនួនកូរ៉ុមប្រជុំចំនួនភាគច្រើនដាច់ខាត (យ៉ាងតិច៥០ភាគរយបូក១), លក្ខខណ្ឌតម្រូវឲ្យមានការបោះឆ្នោតជាសម្ងាត់ ដោយសំឡេងយ៉ាង៥០ភាគរយបូក១។

ទាក់ទងករណីនេះនៅម៉ោង២រសៀលថ្ងៃទី១៩ មករា ស្អែកនេះ ក្រុមគណៈកម្មាការចំពោះនឹងបន្តពិភាក្សាគ្នា ទៅលើចំណុចសេសសល់មួយចំនួន ទៅលើសំណើសហជីព  ប៉ុន្តែជំនួបនេះមិនដឹងថា នឹងលើកយកសំណើនិយោជកទៅពិភាក្សាទេ៕

សំណើ ក្រុមនិយោជក ៧ចំណុច នឹងលើក ទៅពិភាក្សា ជាមួយ គណៈកម្មការ ចំពោះកិច្ចទាំងពីរ