ប៉េអឹម លើកឡើងថា មិនមាន​ឈើ​ដឹក​ចេញ​ទៀត​ទេ តាម​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម​

ភ្នំពេញ: ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន នាយសេនាធិការ និង​ជា​មេបញ្ជាការរង​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​រាយការណ៍​នៅក្នុង​អង្គប្រជុំ​ថា ក្រោយពី​មាន​បទបញ្ជា​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា កាលពី​ថ្ងៃទី​១៥ ខែមករា គឺ​កម្លាំង​នៅតាម​បណ្តា​ខេត្ត ដែលមាន​ការពាក់ព័ន្ធ​ខាងលើ​ទៅ​ទប់ស្កាត់​នៅតាម​បណ្តា​ច្រកព្រំដែន​ជាបន្ទាន់ និង​បាន​បិទ​ច្រកព្រំដែន​ទាំងស្រុង ចំពោះ​ខេត្ត ដែល​បាន​បិទ​ហើយ គឺមាន​ខេត្ត​មណ្ឌល​គី​រី នៅ​ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ ខេត្ត​រតនគីរី​។

​លោក​បន្តថា កម្លាំង​បាន​ចូលទៅ​គ្រប់គ្រង​នៅតាម​គោលដៅ និង​បាន​ពិនិត្យ​អំពី​ស្ថាន​ភាព ឃើញថា ក្រោយពី​មាន​បទបញ្ជា​ពី​រាជរដ្ឋាភិបាល នៅ​ច្រកព្រំដែន អត់​មាន​មធ្យោ​បាយ​ណាមួយ ដែលមាន​ការដឹកឈើ​ចេញ​នោះទេ​។ នៅក្នុង​យប់​ថ្ងៃទី​១៥ ខែមករា គឺ​ឃើញ​មាន​មធ្យោបាយ​ជាច្រើន ជិត ៣០០ គ្រឿង (​ឡាន​ដឹកឈើ​) ចេញពី​ក្នុងព្រៃ​ទាំងអស់ គឺ​នៅ​ច្រក​តំបន់​ខេត្តក្រចេះ និង​តំបន់​ខេត្ត​មណ្ឌល​គី​រី បាន​ចេញមក​ស្នាក់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន សកម្មភាព​នៅតាម​ច្រកចេញ​ទៅតាម​ព្រំដែន មិនមាន​ការ​ចេញ​ឈើ​បាន​ទៀត​ទេ​។​

​ការលើកឡើង​នេះ បានធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជាការរង ខ​ភម និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ក្នុង​រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​នោះ ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ជំ​ហ៊ាន​ដំបូង គឺ​បិទ​គ្រប់​ច្រកព្រំដែន​ទាំង​អស់ នៅជាប់​នឹង​ប្រទេស​វៀតណាម មិន​ឲ្យ​មានការ​នាំចេញ​ឈើ​ទៀត​នោះទេ​៕​