រថយន្ត​កាមរី​ឆ្លាម​ក្រឡាប់​ធ្លាក់​ផ្លូវ ឆេះ​ខ្ទេច សំណាងល្អ​គ្មាន​អ្នករបួស​

កោះកុង:  ហេតុការណ៍​គ្រោះថ្នាក់​បង្កឡើង​ដោយ​រថយន្ត កាមរី​ឆ្លាម​មួយគ្រឿង​កាលពី​វេលាម៉ោង​ជិត​១១​ព្រឹក ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១៤៧-១៤៨ ក្នុង​ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិលខេត្តកោះកុង ស្ថិត​ទល់មុខ​វត្ត​គិរី​វ័​ន្ត ស្រុក​កំពុងសីលា (​ម្ខាង​ខេត្ត​ព្រះសីហនុ និងម្ខាង​ទៀត​ខេត្តកោះកុង​)​បើក​ធ្លាក់​ផ្លូវ ក្រឡាប់​ផ្ទុះ​ឆេះ​ខ្ទេច តែ​សំណាងល្អ​អ្នកបើកនិង​អ្នកជិះ​នៅ​ខាង ក្នុង​មិនមាន​គ្រោះថ្នាក់​នោះទេ ។​

 ប្រភពពី​មន្ត្រី​អាវុធហត្ថ​ប្រចាំការ នៅតាម​បណ្ដោយ​ផ្លូវជាតិ លេខ​៤ ដែល​ចុះទៅ​ជួយអន្តរា​គម​ន៏ បាញ់​ទឹក​ពន្លត់ បានអោយដឹងថា រថយន្ត​កាមរី ឆ្លាម​ពណ៌​ស្ករខាងលើនេះ បាន​បើក​ក្នុងទិសដៅ ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​។ លុះ​ពេល​បើកមកដល់​ចំណុចកើតហេតុ ដែល​ផ្លូវ​កោង ដោយសារ​រថយន្ត​ខាងលើ បើក​លឿនបួង​ចង្កូត​មិន​ផុត ក៏​បណ្ដាល​ឲ្យ​ជ្រុល​ចង្កូត ធ្លាក់​ចិញ្ចើមថ្នល់ ក្រឡាប់​ផ្ងា​ជើងឡើងលើ​តែម្តង​។​

 ក្រោយ​រថយន្ត​ក្រឡាប់​គេ ឃើញ​មនុស្ស​ប្រុស ស្រី​ពីរ​នាក់​បាននាំគ្នា លូន​ចេញពី​ក្នុងរថយន្ត ដោយ​មិនមាន​រងរបួស​ធ្ងន់ធ្ង​រ​នោះទេ​។​បន្តិច​​ក្រោយមក​ស្រាប់តែ គេ​ឃើញផ្សែងហុយ​ចេញ ពី​រថយន្ត​បង្ក​ទៅជា​អណ្ដាតភ្លើង​ឆាបឆេះ តែម្ដង​។ ក្រោយរថយន្ត​ត្រូវ​ភ្លើង​ឆេះ មិនអាច​ពន្លត់​បាន​ម្ចាស់​ក៏​នាំគ្នា ហៅ​ម៉ូតូឌុប​ជិះ​គេចខ្លួនបាត់ទៅ​។ ក្រោយមក​ទើប​គេ​ឃើញ​កំលាំង​សមត្ថកិច្ច ចុះទៅ​អន្តរា​គម​ន៏ ជួយបាញ់​ទឹក​ពន្លត់​តែ​រថយន្ត​ត្រូវ​ភ្លើង​ឆេះ​អស់ នៅសល់តែ​គ្រោងឆ្អឹង តែប៉ុណ្ណោះ​៕​