ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​ផ្នែក​សន្តិសុខ​គូសបញ្ជាក់​ថា ការ​វាយប្រហារ​អត្តឃាត​ប្រើ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​សំដៅលើ​លំនៅ​ឋាន​របស់​ប្រមុខ​ប៉ូលិស​ក្រុង​អា​ដេ​នភា​គ​ខាងត្បូង​យេ​ម៉ែ​ន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១០​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​៨​នាក់​កាលពី​ថ្ងៃ​ទី​១៧ មក​រា ។

អ្នក​ទទួលខុសត្រូវ​យេ​ម៉ែ​ន​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​ថ្លែងប្រាប់ AFP ថា ជន​អត្តឃាត​នេះ​ដែល​បើករថយន្ត​បឺស​ធុន​តូច​មាន​ផ្ទុក​គ្រឿងផ្ទុះ​មួយ បាន​ធ្វើ​ឱ្យ​ផ្ទុះ​ត្រង់​ទ្វារ​ចូល​បរិវេណ​លំនៅ​ឋាន​របស់​ឧត្តមសេនីយ៍ CHALAL ALI AL CHAEA ស្ថិត​ក្នុង​សង្កាត់​តា​វ៉ា​ហ៊ី ។ ឧត្តមសេនីយ៍​រូប​នេះ​ដែល​ស្ថិត​ក្នុងផ្ទះ​ពុំ​រងគ្រោះថ្នាក់​ឡើយ ។

អ្នក​ទទួលខុសត្រូវ​ខាង​សន្តិសុខ​ម្នាក់​ទៀត​និយាយ​ថា មនុស្ស​១០​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​៨​នាក់​បាន​ត្រូវ​ស្លាប់ រួច​មនុស្ស​១២​នាក់​ទៀត​រង​របួសធ្ងន់​ក្នុង​ការ​វាយប្រហារ​នេះ ។ អ្នក​ស្លាប់​២​នាក់​ទៀត​ជា​ឆ្មាំ​ការពារ​ផ្ទះ ។ រថយន្ត​៤​គ្រឿង​ចត​នៅ​ជិត​កន្លែង​វាយប្រហារ​រង​ការ​ខូចខាត​ខ្លាំង ។

ការ​វាយប្រហារ​នេះ​ជា​ការ​វាយប្រហារ​ថ្មី បន្ទាប់​ពី​ការ​វាយប្រហារ​បង្ហូរឈាម​ជាប់​រដឹក​សំដៅលើ​បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​សន្តិសុខ​នៃ​ទីក្រុង​កំពង់​ផែ​ធំ​នេះ​របស់​យេ​ម៉ែ​ន ជា​កន្លែង​ដែល​បណ្តា​ក្រុម​ជី​ហា​ដ​ដូច​ជា​ក្រុម​អាល់​កៃ​ដា និង​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម​ជាដើម​មាន​វត្តមាន​កាន់តែ​ច្រើន ។

អាជ្ញាធរ​របស់​រដ្ឋាភិបាល​នៃ​ប្រធានាធិបតី លោក​អាប់​ដ៍ រ៉ា​បូ​ម៉ា​ន​សួរ​ហា​ឌី ដែល​ដណ្តើម​កាន់កាប់​ទីក្រុង​អា​ដេ​ន​ពី​ពួក​ឧទ្ទាម​ស៊ី​អុ​ី​ត​ហ៊ូ​ធី កាលពី​ខែកក្កដា ឆ្នាំ​២០១៥ ចាប់​តាំង​ពី​ពេល​នោះ​មក​ពុំ​ទាន់​អាច​ស្តារ​សន្តិសុខ​ក្នុង​ទីក្រុង​នេះ​បាន​ទាំងស្រុង​នៅឡើយ ៕