ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជ​ធានីភ្នំពេញ​ ៖ ​យុវជន​​​​​២នាក់​​​ធ្វើ​សកម្មភាព​ឆក់​កាបូប​​ពី​ស្ត្រី​ជន​ជាតិ​កូរ៉េ​​ម្នាក់​ ត្រូវ​​​កម្លាំង​កង​រាជ​អាវុធ​ហត្ថខណ្ឌ​ទួលគោក​​​ដេញ​​ចាប់​​បាន​ទាំង​២នាក់​ និង​ដក​ហូត​បាន​កាបូប​មកវិញ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៨ ​មករា ២០១៦ ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅសេទុង សង្កាត់​ទឹក​ល្អក​ទី១ ខណ្ឌ​ទួល​គោក ។

​ជន​សង្ស័យ​ទាំង​២នាក់​ខាង​លើនេះ ម្នាក់​ឈ្មោះ មាស រតនា អាយុ​១៧ឆ្នាំ ជាសិស្ស​ថ្នាក់ទី១២«E1» ​មាន​ទីលំនៅ​សង្កាត់​​ផ្សារ​ថ្មី​ទី២ ខណ្ឌ​ដូន​ពេញ និង​ម្នាក់​ទៀត​ឈ្មោះ ស៊ីវ ម៉េង អាយុ​១៧ឆ្នាំ ​មាន​ទីលំនៅ​​ផ្ទះ​លេខ​៣៦៩ ផ្លូវ​លេខ​១០ ខណ្ឌ​ច្បារ​អំពៅ ។ ចំណែក​​ស្ត្រី​ម្ចាស់​កាបូប​ឈ្មោះ HANUI JU អាយុ​៣១​ឆ្នាំ ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង ​ជា​ភ្ញៀវទេស​ចរ ស្នាក់នៅ​​ទីក្រុង​រណបកាំកូស៊ីធី ។​

ជន​សង្ស័យទាំង​២នាក់​​ជិះ​ម៉ូតូ​ម៉ាក​​ហុង​ដា​ឌ្រីម ​ធុន​សេ​១២៥ ​ពាក់​ស្លាក​លេខ​1DD-5056 ​មួយ​គ្រឿង ​​ធ្វើ​សកម្មភាព​​ឆក់​កាបូប​ពី​ស្ត្រី​​​បរទេស​​​ខាង​លើ ខណៈ​ពេល​ស្ត្រី​រូប​នេះ​ចុះ​ពី​លើ​រ៉ឺម៉ក​ម៉ូតូ​​ បាន​​សម្រេច​ហើយរូច​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​ ​ត្រូវ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ខណ្ឌ​ទួល​គោក​​​​អន្តរាគមន៍​ដេញ​ចាប់​​​បាន​ជន​សង្ស័យ​ទាំង​២នាក់​ និង​ដក​ហូត​កាបូប​មក​វិញ ដែល​ក្នុង​កាបូប​នោះ​ មាន​ប្រាក់​​២០០០វ៉ុន និង​ប្រាក់​​អាមេរិក​​ចំនួន​១៥៥​ដុល្លារ ។

ជន​សង្ស័យ​ទាំង​២នាក់ ​ត្រូវ​បាន​​ប៉េអឹម​នាំ​​ទៅ​​សាក​សួរ​​នៅ​ខណ្ឌ​ទួលគោក ។ ចំណែក​កាបូប ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើមវិញ ៕