ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ព្រះ​កេស និង​ដងខ្លួន​ព្រះ​ហិ​រហរ​បាន​បែក​គ្នា​អស់​រយៈពេល​ជាង​១៣០​ឆ្នាំ​មក​​ហើយ​​នោះ ពេល​នេះ​​បាន​មក​ដល់​កម្ពុជា​​វិញ​ហើយ បន្ទាប់​ពី​សារមន្ទីរ​ហ្គី​ម៉េ​ ប្រទេស​បារាំង​ បាន​ប្រគល់​ឱ្យ​កម្ពុជា​​វិញ ខណៈ​ដងខ្លួន​កំពុង​ដាក់​តាំង​បង្ហាញ​នៅ​ឯ​សារ​មន្ទីរ​​ជាតិ​​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​ ។

លោក​ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​បានឱ្យ​កោះសន្តិភាព​ដឹង​តាម​​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៨​ មក​រា ​២០១៦ ​នេះ​ថា ព្រះ​កេស​ និង​ដងខ្លួន​ព្រះ​ហិ​រហរ​មក​ជួប​គ្នា​នេះ គឺជា​ការ​នាំ​យក​មក​វិញ​នូវ​ព្រលឹង​របស់​ជាតិព្រលឹង​វប្បធម៌ ព្រលឹង​អាទិទេព ព្រលឹង​​​វត្ថុ​បុរាណ ដែល​បាន​បែក​គ្នា​រយៈកាល​ជាង​១៣០​ឆ្នាំ​មក​ហើយ​នោះ ។​ បន្ទាប់​ពី​សារមន្ទីរ​ហ្គី​ម៉េ​ ប្រទេស​បារាំង​បាន​ប្រគល់​ព្រះ​កេស​នៃ​បដិមា​ហរិ​ហរជូន​សារមន្ទីរ​ជាតិ​កម្ពុជា ដែល​ព្រះ​កេស​នេះ​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​ហើយ កាលពី​ថ្ងៃ​ទី​១៦ ​មក​រា​២០១៦​ ថ្មី​ៗ​នេះ ហើយ​ពិធី​ប្រគល់​ទទួល និង​ពិធី​ត​ភ្ជាប់ ជាមួយ​ដងខ្លួន​ព្រះ​ហរិ​ហរ​ឡើង​វិញ គ្រោង​ធ្វើ​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ស្ថិត​ក្នុង​អធិបតីភាព​​លោក​សុខ អាន ឧប​នាយករដ្ឋ​ រដ្ឋ​មន្ត្រី​​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​នា​ថ្ងៃទី២១ មករា ២០១៦ ឆាប់​ៗនេះ ។

លោក នូ ចាន់​សុ​ភី ប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​រាជបណ្ឌិត​សភា បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​ត្រលប់​មក​វិញ​នូវ​សម្បត្តិ មរតក​ដ៍​មាន​តម្លៃ​របស់​កម្ពុជា​នេះ ដែល​បាន​បង្ហាញ​ពីការ​យកចិត្តទុកដាក់​របស់​ជាតិខ្មែរ ទៅ​លើ​មរតក​វប្បធម៌​ជាតិ ដែល​បាន​បាត់បង់​ទៅ​បរទេស ។ គួរ​រំលឹក​ថា កន្លង​មក ប្រទេស​ដែល​បាន​ប្រគល់​វត្ថុ​បុរាណ​មក​ឲ្យ​កម្ពុជា​វិញ រួម​មាន​ប្រទេស​ន័​រវេ​ស អា​មេ​រិ​ក ថៃ ក្រុមហ៊ុន​ឯកជន និង​សប្បុរសជន​ដទៃ​ទៀត​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ៕