រថយន្តដឹកដី កិនស្រ្តីម្នាក់ស្លាប់ រួចបើកគេចបាត់

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្ត មួយគ្រឿងបើកមកបុក ពីក្រោយកិនបែកទ្រូង រួចរថយន្តបង្ក បានបើករត់គេចខ្លួនបាត់ នៅម៉ោង១២ជាង ថ្ងៃត្រង់ទី១៦ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាល បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ទី ចន្នី អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិព្រែកត្រល ឃុំសន្ទុក ស្រុកសន្ទុក ខេត្តកំពងធំ ជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង C90 ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញៈ 1BC.7147 ធ្វើដំណើរពីកើតទៅលិច ចំណែករថយន្តបង្ក មិនត្រូវបានគេស្គាល់ម៉ាកនោះទេ គ្រាន់តែដឹងថា ជារថយន្តដឹកដី។

សាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តដឹកដីមួយគ្រឿង បានបុកពីក្រោយ បណ្តាលឲ្យដួល រួចហើយរថយន្តបង្ក ព្យាយាមបើករត់គេចខ្លួនបាត់។ 

ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានចុះទៅដល់ និងបានធ្វើកំណត់ហេតុ រួចប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារ យកទៅបុណ្យតាមប្រពៃណី និងវត្ថុតាង ត្រូវប្រគល់ទៅឲ្យ នគរបាលចរាចរជើងគោក រាជធានីភ្នំពេញ យកទៅរក្សាទុកដើម្បី រង់ចាំដោះស្រាយគ្នាជាក្រោយ៕

រថយន្តដឹកដី កិនស្រ្តីម្នាក់ស្លាប់ រួចបើកគេចបាត់
រថយន្តដឹកដី កិនស្រ្តីម្នាក់ស្លាប់ រួចបើកគេចបាត់
រថយន្តដឹកដី កិនស្រ្តីម្នាក់ស្លាប់ រួចបើកគេចបាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត