ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ស្ត្រី​​ជា​ពលការិ​នី​ម្នាក់ ​ត្រូវ​​​អ្នក​ស្រុក​​និង​​សមត្ថកិច្ច​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​​អន្តរជាតិ​ប៉ោយ​ប៉ែ​តជួយ​ជា​ថវិកា​ ​និង​សម្រួល​​លើ​​ឯកសារ​បាន​ឆ្លង​ដែន​​ទៅ​ប្រទេស​ថៃ​​ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៨ ​មករា ២០១៦ ក្រោយ​ពី​ត្រូវ​​ចោរលួច​អស់ប្រាក់​​ និង​ទូរស័ព្ទ​កាល​ពី​វេលា​រំលង​អ​ធ្រា​ត្រ ខណៈ​​នាង​ចូល​ទៅ​ដេក​​ក្នុង​វត្ត​បា​លិ​លេ​យ្យ​ម្នាក់ឯង ​។

ស្ត្រីរងគ្រោះ​​ខាងលើ​​ឈ្មោះ​អ៊ុយ​ សុ​ភ័​ណ ​អាយុ​១៨​ឆ្នាំ ​​មក​ពី​ភូមិ​ជាយ​សំពៅ​ ឃុំ​សំបូរ​ ស្រុក​ប្រាសាទ​សំបូរ​ ខេត្តកំពង់ធំ​ ។ មុន​ចាក​ចេញ​​​ទៅ​ប្រទេស​ថៃ​ ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ស្ត្រី​ខាងលើ​បាន​រៀប​រាប់​ទាំង​​ថា​ កាលពី​រំលង​អ​ធ្រា​ត្រ​ម៉ោង​ប្រហែល​០១​ថ្ងៃ​ទី១៨​ មក​រា ២០១៦ ​នាង​​​ជិះ​រថយន្ត​ពី​ស្រុក​​កំណើត​ មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ​ហើយ​​ចូល​ដេក​លើ​បង់​ស៊ីម៉ង់​ត៍​​ក្នុង​វត្ត​បា​លិ​លេ​យ្យ ​ភូមិ​ក្បាលស្ពាន២​ សង្កាត់​ប៉ោយ​ប៉ែ​ត ​។

នាង​បន្ត​ថា​ ដោយ​ងងុយ​ខ្លាំង​ក៏​​បាន​ដេក​លង់លក់​​ទាំង​គ្មាន​មុង​ភួយ​ លុះ​ភ្ញាក់​ឡើង​​ស្រាប់តែ​បាត់​កាបូប​ ដែល​មាន​ប្រាក់​ជិត​១ពាន់​​បាត​ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​ ។ ស្ត្រី​ពលការិនី​រូប​នេះ​ ដោយសារ​គ្មាន​ប្រាក់​បន្តដំណើរ​ទៅ​ធ្វើការ​​នៅ​ប្រទេស​ថៃ ​នាង​ត្រូវ​បាន​អ្នក​ស្រុក ​អ្នក​រត់​តាក់ស៊ី ​ពិសេស​នគរបាល​ប៉ុស្តិ៍​​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​​ត​ជួយ​ជា​ថវិកា ​​ដើម្បី​​សម្រួល​លើ​ឯកសារ​បាន​បន្ត​ឆ្លង​ដែន​ទៅ​​ប្រទេស​ថៃ​វិញ​ តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ ។ មុន​ឆ្លង​ព្រំដែន ​នាង​ប្រាប់​ពី​ការ​ពិត​ថា ​ជីវិត​នាង​ធ្លាប់​ជា​ពលការ​នី​នៅ​ប្រទេស​ថៃ​ ហើយ​ពេល​នេះ​នាង​ត្រូវ​វិល​ត្រឡប់​ទៅ​វិញ​ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​កូនស្រី​ម្នាក់​​ឱ្យ​​បាន​រៀនសូត្រ​ បច្ចុប្បន្ន​រស់នៅ​ជាមួយ​ជីដូន​​ឯ​ភូមិកំណើត​ ។ ​