ឃាត់ខ្លួន សិស្សវិទ្យាល័យពីររូប ក្នុងករណី ឆក់កាបូប ជនជាតិកូរ៉េ

ភ្នំពេញ៖ កម្លាំងអាវុធហត្ថ ខណ្ឌទួលគោក នៅម៉ោងប្រម៉ាណ ១១៖០០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នេះ បានធ្វើការឃាត់ខ្លួន សិស្សវិទ្យាល័យពីររូប បន្ទាប់ពីបានធ្វើសកម្មភាព ឆក់កាបូបជនជាតិកូរ៉េ ពីរនាក់ ស្ថិតនៅផ្លូវលេខ១២២ កែងផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ទល់មុខអាគារពន្ធដារ។

មន្រ្តីអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួន ទី១.ឈ្មោះ មាស រតនា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិសិស្សថ្នាក់១២E1 វិទ្យាល័យបាក់ទូក  ស្នាក់នៅផ្ទះលេខ១៣ ផ្លូវត្រសក់ផ្អែម ខណ្ឌដូនពេញ  (ជាអ្នកអង្គុយពីក្រោយធ្វើ សកម្មភាពឆក់កាបូប) និងទី២.ឈ្មោះ សៀវ ម៉េង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់១២E1 វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះលេខ៣៦៩ ផ្លូវលេខ១០ ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ។ ឯជនរងគ្រោះ ឈ្មោះ ហានអ៊ី ជូ (Hanui Ju) អាយុ ៣១ឆ្នាំ ជនជាតិកូរ៉េខាងត្បូង ជាអ្នកទេសចរ ស្នាក់នៅខុនដូរ កាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត ម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DD-5056 (ជារបស់ជនសង្ស័យធ្វើសកម្មភាព), កាបូប០១ ក្នុងកាបូបមានលុយ១៥៥$ និង ២០០០វុន ជារបស់ជនរងគ្រោះ បានប្រគល់ជូនជនរងគ្រោះវិញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង ១០៖០០នាទី ជនរងគ្រោះ បានចេញពីខុនដូរកាំស៊ីធី ដោយជិះម៉ូតូកង់បី ពីរនាក់ ពូរបស់គាត់ គោលបំណងទៅ វិទ្យាស្ថានបច្ចេកទេស កម្ពុជា (សាលាតិចណូ) ដើម្បីចង់ស្គាល់ និងថតរូបលេង ជាលក្ខណៈទេសចរណ៍ ប៉ុន្តែម៉ូតូកង់បី ក៏បានជិះហួស ពេលនោះជនរងគ្រោះ ក៏បានប្រាប់ឲ្យអ្នកបើកម៉ូតូកង់បី ឈប់ ជនរងគ្រោះក៏បានចុះ ដើរស្ពាយកាបូបនៅដៃ ខាងឆ្វេង ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះមកក្បែរ ធ្វើសកម្មភាពឆក់កាបូប។

សាក្សីបានបន្តទៀតថា ជនរងគ្រោះ ក៏បានស្រែកចោរៗ ពេលនោះកម្លាំងល្បាត របស់អាវុធហត្ថខណ្ឌទួលគោក នៅក្បែរនោះ ក៏ដេញតាមចាប់យ៉ាងប្រផាប់ប្រផីង មកដល់ចំណុចផ្លូវ១២២ កែងផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ក៍ធ្វើការឃាត់បានជាក់ស្តែងបានតែម្តង រួចធ្វើការសួរនាំ និងសុំការអនុញ្ញាតពីមេបញ្ជាការ ដើម្បីបញ្ជូនជនសង្ស័យ ទៅការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ៕

ឃាត់ខ្លួន សិស្សវិទ្យាល័យពីររូប ក្នុងករណី ឆក់កាបូប ជនជាតិកូរ៉េ

ឃាត់ខ្លួន សិស្សវិទ្យាល័យពីររូប ក្នុងករណី ឆក់កាបូប ជនជាតិកូរ៉េ