ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​៖ រកឃើញ​ឈើ​រាប់ពាន់​ម៉ែត្រគូប របស់​ឧកញ៉ា ខ្នា និង​ឧកញ៉ា ស៊ឹង សំអុល​

ភ្នំពេញ: នៅ​ក្នុង​​ប្រតិបត្តិកា​រ​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាប់ពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ​ កម្លាំង​កង​រាជអាវុធហត្ថ បាន​រកឃើញ​ឈើ​ច្រើន រាប់ពាន់​ម៉ែត្រ​គីប ដែល​ក្រុម​ពួក​ឈ្មួញ និង​ឧកញ៉ា​​មួយចំនួន បាន​លាក់ទុក​នៅក្នុង​ព្រៃ និង​នៅក្នុង​ឃ្លាំង ដែល​គ្រោង​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ ឈើ​ដែល​សមត្ថកិច្ច​កំពុងតែ​គ្រប់គ្រង គឺ​មាននៅ​ខេត្ត​ក្រចេះ ជាង ១០០០​ម៉ែត្រ​គីប និង​នៅ​ខេត្ត​មណ្ឌល​គី​រី គឺមាន​មាន​ពី ១០០០ ទៅ ២០០០ ម៉ែត្រ​គីប​។

​ចំណែក​ឈើ ដែល​ស្តុក​ទុក​នៅក្នុង​ឃ្លាំង​របស់​ឧកញ៉ា ខ្នា ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ​ជាង ២០០០ ដុំ (​មិនទាន់​រាប់​អស់​) ជិត ១០០០ ម៉ែត្រ​គីប និង​ឈើ​របស់​ឧកញ៉ា សឹង្ហ សំអុល ត្រូវបាន​រកឃើញ​ឈើ​ដដែល​ស្តុក​ទុក​ផងដែរ តែមាន​ចំនួន​តិចជាង​ឧកញ៉ា​ខ្នា​។ ឈើ​របស់​ឧកញ៉ា ទាំងពីរ​នាក់​នេះ គឺ​បាន​លាក់ទុក​នៅ​ជិត​តំបន់​ព្រំដែន​វៀតណាម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន នាយសេនាធិការ និង​ជា​មេបញ្ជាការរង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​រាយការណ៍​នៅក្នុង​អង្គប្រជុំ​ថា “​តាម​ព័ត៌មាន ដែល​រាយការណ៍​របស់​កម្លាំង​អាវុធហត្ថ ដែល​ចុះ​អនុវត្ត បានផ្តល់​ឲ្យ​ដឹង​អំពី​ទីតាំង​ឃ្លាំង​មួយចំនួន ដែល​ស្តុក​ឈើ​ទុក និង​ត្រៀមលក្ខណៈ​ដឹក​ចេញ គឺ​ត្រូវបាន​ឃាត់ទុក​នៅក្នុង​ឃ្លាំង​ទាំងអស់ មិនមាន​ដឹក​ចេញ​បានទេ​។ ចំពោះ​ឈើ​មួយចំនួន ដែល​នៅក្នុង​ព្រៃ គឺ​នៅ​ក្នុងព្រៃ​ទាំងអស់ អត់​មាន​ចេញ​ទៅណា​រួច​ទេ ដោយសារតែ​មធ្យោបាយ ដឹកឈើ​មួយចំនួន​ធ​ធំ បានគេច​ចេញពី​ក្នុងព្រៃ​អស់ គឺ​ឈើ​នៅ​ប្រមូលផ្តុំ​។ ហើយ​ពិនិត្យ ឃើញ ថា នៅ​ភូមិ​រលួស ស្រុក​សំបូរ ក្នុង​ទឹកដី​របស់​ខេត្តក្រចេះ គឺ​កម្លាំង​អាវុធហត្ថ​បាន​ទៅ គ្រប់គ្រង នៅក្នុង​តំបន់​នោះ ហើយ ដោយ​ឃើញ​មាន​ឈើ​ជាច្រើន​នៅក្នុង​តំបន់​នោះ ហើយ​ឈើ​ទាំងនោះ បាន​អូស​ចេញពី​ខេត្តស្ទឹងត្រែង ខេត្ត​មណ្ឌល​ល​គី​រី និង​អូស​ចេញពី​ក្នុង​ខេត្តក្រចេះ បានមក​ប្រមូលផ្តុំ​នៅ​តំបន់​ព្រៃ​រលួស និង​មាន​គោលការណ៍​យកចេញ​ពី​តំបន់​នេះ ឡើង​កាត់​ក្រចេះ ដើម្បី​ឡើងទៅ​ច្រក​ខាង​មេមត់ ដើម្បី​ចេញទៅ​ច្រកទ្វារ​តំបន់​ព្រំដែន​។ ហើយ​ឈើ​នៅ​តំបន់​រលួស​ក្នុង​ខេត្តក្រចេះ បើ​គិត​ទៅ​មាន​ប្រហែលជា ១០០០​ម៉ែត្រ​គីប ដែល​អាវុធហត្ថ​កំពុងតែធ្វើកា​រ​គ្រប់គ្រង​។ ចំណែក​នៅ​តំបន់​ខេត្ត​មណ្ឌល​គី​រី គឺមាន​នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា មាន ៣​គោលដៅ (​ស្តុក​ឈើ​) ដែល​កំពុងតែ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​សមត្ថកិច្ច​អាវុធហត្ថ ហើយ​ឈើ​អាចមាន​ពី ១០០០ ទៅ ២០០០ ម៉ែត្រ​គីប ដែលជា​ឈើ​ដុំ​នៅក្នុង​តំបន់​ព្រៃ​។ ហើយ​កម្លាំង​អាវុធហត្ថ កំពុងតែ​ស្វែងរក​កន្លែង​លាក់​ឈើ នៅក្នុង​តំបន់​ព្រៃ​មួយចំនួន​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន បាន​បញ្ជាក់ថា “​ទាក់ទង​ឈើ​ស្តុក​ទុក​នៅតាម​ឃ្លាំង ដោយមាន​បទបញ្ជា​ច្បាស់ នៅក្នុង​នោះ គឺមាន​ឧកញ៉ា អ៊ុ​ល (​សឹង្ហ សំអុល​) ហើយ​និង​ឧកញ៉ា ខ្នា អីចឹង​ឧកញ៉ា អុល​នេះ យើង​បាន​គ្រប់គ្រង​ឃ្លាំង នៅ​តំបន់​កៀក​ព្រំដែន ប៉ុន្តែ​យើង​ពិនិត្យ​ទៅ មិនមាន​ឈើ​អី​ច្រើន​ទេ​។ ដោយឡែក​ឧកញ៉ា​ខ្នា​នេះ គឺមាន​ឈើ​ច្រើន​នៅ​តំបន់​ព្រ​ដែន ហើយ​ឈើ​ដែល​រាប់​ត្រួសៗ មិនទាន់​ឆេ​ក​អស់ មាន​ជាង ២០០០ ដុំ ប្រហាក់ប្រហែល​នឹង ៨១៥ ម៉ែត្រគូប និង​ធ្វើ​ការងារ​រាប់​បន្តទៀត ហើយ​ដែល​នៅក្នុង​ព្រៃ និង​នៅក្នុង​ឃ្លាំង យើង​ក៏​មិនទាន់​កំណត់ថា ជា​បទល្មើស ដែល​ខុសច្បាប់​នឹង​ដែរ មិនជា​មានច្បាប់​ប៉ុន្មាន ហើយ​មិនមាន​ច្បាប់​ប៉ុន្មាន គ្រាន់តែ​ក្នុងនោះ​ក៏មាន​ច្បាប់​ពី​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម​។ តែ​នៅលើ​ការជាក់ស្តែង​ថា ស្របច្បាប់ ឬ​មិន​ស្របច្បាប់​នោះ គឺ​អាស្រ័យទៅលើ​គណៈកម្មការ​ចម្រុះ​របស់​យើង ដែល​លោក​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​។ ហើយ​រាល់កន្លែង​ដែល​យើង​បាន​ហ៊ុំ​ព័ន្ធ ក៏​យើង​បានធ្វើការ​គ្រប់គ្រង​ទាំងស្រុង​ដែរ មិនទាន់​អនុញ្ញាត​ឲ្យ​អ្នក​ណាមួយ​ចូលមក​ដោះស្រាយ​ទេ​”​។​

​សូម​រម្លឹកថា នៅ​ព្រឹក​ថ្ងៃទី​១៨​មករា​នេះ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​បើក​កិច្ចប្រជុំ ក្រោម​ការដឹកនាំ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង ខ​ភម និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ កិច្ចប្រជុំ​នោះ បានសម្រេច​បិទ​មិន​ឲ្យ​មានការ​នាំចេញ​ឈើ ទៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​ទាំងអស់​។

​នៅ​រសៀល​ថ្ងៃទី​១៨​មករា​នេះ គណៈកម្មការ​ជាតិ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ចុះ​ត្រួតពិនិត្យ និង​ល្បាត​ព្រៃ ដោយ​ប្រើ​ឧទ្ធម្ភាគចក្រ​យោធា​ពីរ​គ្រឿង នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ភាគ​និរតី ប្រទេស​កម្ពុជា ផងដែរ​៕​