​ច្បាប់​សហជីព​មាន​ភាពខ្វះខាត បើ​គ្មាន​ការផ្តល់​យោបល់​ពី​និយោជក​

​ដោយ​គ្មាន​វត្តមាន​បក្សប្រឆាំង សមាជិក​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​មកពី​បក្ស​កាន់អំណាច បាន​ជួប​ជាមួយ​ភាគី​និយោជក នៅ​វិមាន​រដ្ឋសភា នៅ​ព្រឹក​នេះ ដើម្បី​ស្តាប់​ការទាមទារ​របស់​និយោជក​ជុំវិញ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​។ ភាគី​និយោជក អះអាងថា សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កម្មក​រ​និង​និយោជក នៅឡើយ​ទេ ដោយសារតែ​កន្លងមក រដ្ឋសភា បាន​ស្តាប់​សំឡេង​សហជីព​តែ​ម្ខាង ដោយ​មិនបាន​ស្តាប់​ការចង់បាន​របស់​និយោជក​។

​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) លោក វ៉ាន់ ស៊ូ​អៀង បាន​លើកឡើងថា វា​ជា​ភាពខ្វះ​ចន្លោះ​មួយ ដែល​កន្លងមក បក្ស​កាន់អំណាច​និង​បក្សប្រឆាំង បាន​ពិភាក្សាគ្នា​លើ​សំណើរ​របស់​ភាគី​សហជីព ជុំវិញ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព ដោយ​គ្មាន​ការចូលរួម​ពី​ខាង​និយោជក​។ លោក​ថា ការជជែក​ពី​បញ្ហា​នេះ ត្រូវតែមាន​វត្តមាន​ខា​ង​ភាគី​និយោជក​ផងដែរ ដើម្បី​ឲ្យ​និយោជក​បានបង្ហាញ​ពី​ការមើលឃើញ​របស់ខ្លួន​លើ​ទិដ្ឋភាព​ច្បាប់​នេះ​។ ការ​ថ្លែង​ដូច្នេះ ធ្វើឡើង​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​រវាង​គណៈកម្មកា​រ​ចំពោះ​កិច្ច​ជាមួយ​សហព័ន្ធ​និយោជក​និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា នៅ​វិមាន​រដ្ឋសភា នា​ថ្ងៃនេះ​។​

​លោក វ៉ាន់ ស៊ូ​អៀង បានបញ្ជាក់​ដូច្នេះ​ថា​៖«​វា​ជា​ការល្អ​ណាស់ ដែល​ត្រូវ​ស្តាប់​ទាំង​ខាង​និយោជក និង​សហជីព ក្នុងការ​និ​ពិ​ន្យ​ឡើងវិញ​ចំពោះ​ច្បាប់​នេះ​។ ច្បាប់​ហ្នឹង កន្លង សហជីព និង​បក្សនយោបាយ​មានការ​ជជែក តែ​ម្ខាង ដោយ​ឥតមាន​សំឡេង​និយោជក ។ អ៊ីចឹង​យើង​តំណាង​ឲ្យ​និយោជក មក​ដើម្បី​ជជែក​និង​ស្នើសុំ​នូវ​ការខ្វះខាត​មួយចំនួន​។ ខ្ញុំ​យល់ថា ការពិនិត្យ​នេះ ត្រូវតែមាន​ការចូលរួម​ពី​និយោជក​ផងដែរ មិនមែន​តែ​សហជីព​តែ​ម្ខាង​ទេ​»​។

​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​រូបនេះ បាន​បន្ថែមទៀតថា ការទាមទារ​នេះ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ច្បាប់​ស្តីពី​សហជីព​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ក្នុង​ធានា​ការពារ​សិទ្ធិសេរីភាព​កម្មករ ហើយ​ជាពិសេស ដើម្បី​ឲ្យ​ពួក​អ្នកវិនិយោគ​បរទេស មាន​ទំនុកចិត្ត​មករក​ស៊ី​នៅ​កម្ពុជា ក្នុង​វិស័យ​រោងចក្រ​នេះ​។

​ក្នុងជំនួប​កាលពី​ព្រឹក​មិញ ភាគី​និយោជក​បានស្នើ​ឲ្យ​កែប្រែ​ចំណុច​ចំនួន​៧ ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​នេះ កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​។ ចំណុច​ទាំង​៧​នោះ មានដូចជា ការបង្កើត​សហជីព​មូលដ្ឋាន ត្រូវ​ទាមទារ​ឲ្យ​មាន​ចំនួន​កម្មករ​យ៉ាងតិច ២០​ភាគរយ​នៃ​ចំនូ​ន​កម្មករ​សរុប​ក្នុង​សហគ្រាស​មួយ និងសេចក្តីសម្រេច​រប​ស់​សហជីព ដូចជា​ការធ្វើ​បាតុកម្ម​ឬ​កូដកម្ម ត្រូវ​សម្រេច​ដោយ​សំឡេង ៥១​បូក​១ នៃ​សមាជិក​ចូលរួម ទើប​អាចធ្វើ​ទៅបាន ជាដើម​។

​យ៉ាងណាក៏ដោយ ការស្នើសុំ​ទាំង​៧​ចំណុច មិនទាន់​ត្រូវបាន​សម្រេច​យ៉ាងណា​នោះទេ ពោលគឺ សំណើ​នេះ នឹងត្រូវ​បានដាក់​ជូន​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​ឲ្យ​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា​និង​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ជជែក​និង​សម្រេច នៅ​ថ្ងៃស្អែក​។​

​សូមបញ្ជាក់ថា គណៈកម្មការ​ចំពោះ​កិច្ច បាន​ជួប​ពិភាក្សាគ្នា​ពីរដង​រួចមកហើយ ដោយ​សម្រេចបាន​៩​ចំណុច ក្នុងចំណោម​២១ ចំណុច ដែល​ភាគី​សហជីព​ស្នើ​ឲ្យ​កែប្រែ ជុំវិញ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​។ ជំនួប​លើក​ទី​១ ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ដោយ​សម្រេចបាន​២​ចំណុច​។ ចំណែកឯ​ជំនួប​លើក​ទី​២ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ដោយ​សម្រេចបាន​៧​ចំណុច​។ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ បក្ស​ទាំងពីរ​នេះ​នឹង​បន្ត​ជួបគ្នា​សាជាថ្មី ដើម្បី​ពិភាក្សា​បន្ថែមទៀត លើ​ចំណុច​សេសសល់​ទាំង​១២ ព្រមទាំង​ចំណុច​ទាំង​៧ របស់​ភាគី​និយោជក​ផងដែរ​៕
កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​