ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃអាទិត្យ​ទី​១៧ មក​រា នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់ Ganzburg របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍  កីឡាករ​កម្ពុជា​២​រូប គឺ​ពេជ្រ សីហា និង​សា​រឿ​ន ច័ន្ទ បាន​បរាជ័យ​ដូច​គ្នា​ក្រោម​ដៃ​កីឡាករ​ថៃ​។ ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ កីឡាករ​ចាន់ គង់​រាជ ឯណោះ​វិញ បែរជា​ទទួល​បានការ​ចាប់អារម្មណ៍​គួរ​ឲ្យ​សរសើរ បន្ទាប់​ពី​គេ​អាច​ប្រើ​បច្ចេកទេស​យ៉ាង​ខ្ពស់​ផ្ដួល​ជើង​ខ្លាំង​ជា​គូប្រកួត ហើយ​ឈាន​ឡើង​វគ្គ​១៦​នាក់​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥ ។

កីឡាករ​ពេជ្រ សីហា ដែល​កូនសិស្ស​សំណព្វចិត្ត​របស់​លោក ប៊ុ​ន សុធា និង​ពេជ្រ សុ​ផា​ន់ ជា​គ្រូបង្វឹក មិន​ត្រឹមតែ​មិន​អាច​ទារបំណុល​ពី​កីឡាករ​ថៃ​ឈ្មោះ Phech Bunchoung បាន​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ត្រូវ​ខាតដើម​នៅ​លើសង្វៀន​នោះ​ផង ។ ក្នុង​ការ​ប៉ះ​គ្នា​លើក​មុន​កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ផ្ដួល​ឲ្យ​គេ​បរាជ័យ​យ៉ាង​អាម៉ាស់​លើ​រេញ​ម្ដង​ហើយ ទើប​គេ​សុំ​សងសឹក​ដោយ​មានការ​រំពឹង​ច្រើន​ថា​នឹង​អាច​ធ្វើ​ឲ្យ​កីឡាករ​ថៃ​រង​ការ​អាម៉ាស់​វិញ​ម្ដង ។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ​កម្ពុជា​ពេជ្រ សីហា ប្រឹងប្រែង​សម្បើម​ណាស់ ដោយ​ក្នុង​ទឹក​ទី​២ គេ​ឃើញ​កីឡាករ​ថៃ​បាន​ក្លាយជា​បាវ​សាក់​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់ចិត្ត​នោះ​ផង ។

យ៉ាងណាមិញ គេ​កត់​សម្គាល់ថា កីឡាករ​ថៃ Phech Bunchoung ក្រៅពី​មាន​ស្នៀត​ពិសេស​ក្នុង​ការ​វាយលុក ក៏​មាន​បច្ចេកទេស​វាយ​បោក​ធ្វើ​ឲ្យ​ពេជ្រ សីហា ដួល​ម្ដង​ហើយ​ម្ដងទៀត​ផង ។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​យ៉ាង​ហោច​ជាង​ពាក់កណ្ដាល​នៃ​អ្នក​ទស្សនា​ស្រែក​ហ៊ោ​ស្ទើរ​រញ្ជួយ​ស្ទី​ឌី​យោ​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​នៅ​ពេល​ការ​ប្រកួត​របស់​ពួក​គេ​កាន់តែ​ឡើង​កំ​ដៅ​ចាប់ពី​ទឹក​ទី​៣​ទៅ ។

បើ​ទោះជា​លទ្ធផល​ចុង​ក្រោយ​នៅ​តែ​ស្ដែង​ឡើង​ថា កីឡាករ​កម្ពុជា​ជា​អ្នក​ចាញ់​ពិន្ទុ​ដូច​មុន ក៏​ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​ម្សិលម្ង៉ៃ​គឺ​កីឡាករ​ពេជ្រ សីហា ចាញ់​ដៃ​ដោយ​ភាព​ប្រផិតប្រផើយ​បំផុត ដែល​មាន​ន័យ​ថា​កីឡាករ​ថៃ Phech Bunchoung នៅ​តែ​រក្សា​ភាព​ខ្លាំង ប៉ុន្តែ​ក៏​មាន​ន័យ​ថា ​កីឡាករ​កម្ពុជា​បាន​បង្កើន​សមត្ថ​ភាពល្អ​ជាង​មុន ក្នុង​ជំនួប​សងសឹក​នោះ​ផង​ដែរ ។ នៅ​ជុំវិញ​សង្វៀន គេ​ឃើញ​អ្នក​ទស្សនា​ណែនណាន់តាន់តាប់​តែ​ម្ដង ដោយ​អ្នក​ទាំងនោះ​គាំទ្រ​កីឡាករ​ពេជ្រ សីហា យ៉ាង​ខ្លាំង បើ​ទោះជា​ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ គឺ​ពេជ្រ សីហា នៅ​តែ​មិន​អាចសងសឹក​កីឡាករ​ថៃ​បាន​នោះ​ក៏​ដោយ ។

ឆ្លងកាត់​ការ​ប្រកួត​ចំនួន​១០២​លើក ឈ្នះ​៧៧​លើក ចាញ់​១៧​លើក និង​ស្មើ​៥​លើក ក្រុម​អ្នកគាំទ្រ​កីឡាករ​ថៃ​បាន​រិះគន់​ចំពោះ​ជើង​ខ្លាំង​ខាង​កម្ពុជា បន្ទាប់​ការ​ប៉ះ​កណ្ដាប់ដៃ​ជាមួយ Phech Bunchoung នៅ​តែ​មិន​អាច​ទៅ​រួច​ក្នុង​ពេល​កីឡាករ​ថៃ​ទើបតែ​ឆ្លងកាត់​ការ​ប្រកួត​បាន​៧៨​លើក ឈ្នះ​៦៥​លើក ចាញ់​១២​លើក និង​ស្មើ​១​លើក ដោយ​មិន​ទាន់​រាប់​បញ្ចូល​ការ​ប្រកួត​មួយ​លើក​ចុង​ក្រោយ​នោះ​ផង​។

យ៉ាងណា​ក៏​ដោយ​ក្រុម​អ្នក​លើកទឹកចិត្ត​ពេជ្រ សីហា យល់​ឃើញ​ថា ស្ថាន​ភាពល្អ​ប្រសើរ​របស់​កីឡាករ​ថៃ ដោយសារ​តែ​តម្លៃ​ខ្លួន​របស់​ពួក​គេ​ខ្ពស់ ហើយ​លក្ខខណ្ឌ​ក្នុង​ការ​រស់នៅ​ក៏​ខុស​ពី​កីឡាករ​កម្ពុជា ដែល​ក្រៅពី​ប្រដាល់​ក៏​ត្រូវ​ធ្វើការ​ប្រើ​កម្លាំង​នៅ​ខាងក្រៅ​សង្វៀន ដើម្បី​បាន​ប្រាក់​មក​បំប៉នកម្លាំង​រាល់ពេល​ឡើង​រេញ​ដែរ​។ ការ​ប្រកួត​គូ​នេះ ទំនង​នឹង​លែង​ឲ្យ​ប៉ះ​គ្នា​ទៀត​ហើយ ដើម្បី​កុំ​ឲ្យ​បាក់មុខ​កីឡាករ​ពេជ្រ សីហា និង​ម្យ៉ាង​មក​ពី​កីឡាករ Phech Bunchoung មាន​សមត្ថ​ភាពល្អ​ជាង​ដែល​មាន​ន័យ​ថា​ទោះជា​ឲ្យ​ពួក​គេ​ជួប​គ្នា​ប៉ុន្មាន​ដង​ទៀត ក៏​កីឡាករ​កម្ពុជា​នៅ​តែ​ចាញ់​ពិបាក​ឈ្នះ​ដែរ ។

ជាក់ស្ដែង​ក្រោយ​ពី​មានការ​ប្រកាស​ថា​ការ​ប្រកួត​កន្លង​មក​របស់​កីឡាករ​ថៃ​រូប​នេះ គឺ​មិន​ដែល​ចាញ់​ដោយ​ស្មើ​ជាមួយ​កីឡាករ​រឿង សោ​ភ័​ណ្ឌ និង​ឡុ​ង សុ​ភី ហាក់​ធ្វើ​ឲ្យ​មានការ​ទទួលស្គាល់​ថា​ពេជ្រ សីហា មិនមែន​ជា​ដៃគូ​របស់​គេ​ឡើយ​។

សម្រាប់​កីឡាករ​សា​រឿ​ន ច័ន្ទ ក៏​មិន​ខុស​គ្នា​ដែរ​នៅ​ពេល​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Soper Sam កាលពី​ថ្ងៃអាទិត្យ​នោះ ។ បើ​ទោះជា​ប្រឹង​ប្រកួត​យ៉ាង​អស់​សមត្ថភាព​ធ្វើ​ឲ្យ​អ្នក​ទស្សនា​អស់ចិត្ត ក៏​លទ្ធផល​ចុង​ក្រោយ​នៅ​តែ​ចាញ់​នៅ​វគ្គ​ចុង​ក្រោយ ។ នេះ​ជា​ជ័យជម្នះ​លើក​ទី​៣​របស់​កីឡាករ​ថៃ​រូប​នេះ បន្ទាប់​ពី​ការ​ប្រកួត​របស់​គេ​២​លើក​កន្លង​មក ក៏​បាន​យកឈ្នះ​កីឡាករ​កម្ពុជា​ឃី​ម បូ​រ៉ា និង​ម៉​ន សា​ម៉េ​ត នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ បើ​ធៀប​នឹង​គូប្រកួត​របស់​ពេជ្រ សីហា គឺ​សា​រឿ​ន ច័ន្ទ ហាក់​មាន​សន្ទុះ​ល្អ​ជាង ដោយ​ការ​វាយ​ចេញ​ក៏​មាន​កម្រិត​ច្រើន​ជាង​ផង​ដែរ ដោយ​គ្រាន់តែ​ការ​វាយ​ត្រូវ​គោលដៅ​មិន​អាច​ប្រដូច​នឹង​ឱកាស​របស់​កីឡាករ​ថៃ​ប៉ុណ្ណោះ ។ ឆ្លងកាត់​ការ​ប្រកួត​រហូត​ដល់​១០៦​លើក ឈ្នះ​៩៤​លើក ចាញ់​១០​លើក និង​ស្មើ​២​លើក អ្នក​ទស្សនា​មានការ​សរសើរ​ទៅ​វិញ​ទេ​ចំពោះ​កីឡាករ សា​រឿ​ន ច័ន្ទ ដែល​ទើប​ឆ្លងកាត់​ការ​ប្រកួត​បាន​៧១​លើក ឈ្នះ​៦១​លើក ចាញ់​៩​លើក និង​ស្មើ​១​លើក ។ ម្យ៉ាង​គេ​ស្គាល់​យូរ​មក​ហើយ​ថា​កីឡាករ Soper Sam គឺជា​អតីត​កីឡាករ​ប្រដាល់​សាកល​ជម្រើសជាតិ​របស់​ថៃ ទើប​ជ័យជម្នះ​របស់​គេ​មក​លើ​កីឡាករ​កម្ពុជា​ហាក់​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ប៉ុន្មាន​ឡើយ។

ងាក​ទៅ​កាន់​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ឯណោះ​វិញ កីឡាករ​ចាន់ គង់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ក៏​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ទទួល​ការ​សរសើរ​ពី​សំណាក់​អ្នក​ស្នេហា​ប្រដាល់​ខ្លាំង​ណាស់​ដែរ តាម​រយៈ​ឱកាស​វាយ​ទម្លាក់​កីឡាករ ខន សុ​ខុន មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​រតនៈគីរី ឲ្យ​ធ្លាក់​ហាលអាវ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​របស់​ក្រុមហ៊ុន Tiffy ។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​មាន​ភាពស្វិតស្វាញ​គួរ​ឲ្យ​ចាប់អារម្មណ៍ ហើយ​បើ​កុំ​តែ​កីឡាករ​ខន សុ​ខុន ភ្លាត់​ឲ្យ​បង្គោល​ក្រហម​ទាត់​ត្រូវ​មួយ​ជើង​បណ្ដាល​ឲ្យ​រាប់​ដល់​៨ ប្រហែលជា​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​គឺជា​លទ្ធផល​របស់​គេ​នោះ​ទេ ។

គូ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​ដោយ​មិន​សំចៃ​ដៃ ហើយ​ភាគី​ម្ខាង​ៗ​ក៏​បាន​ប្រកួត​ប្ដូរ​ដោយ​មិន​ខ្លាច​គ្រោះថ្នាក់​នៅ​លើ​សង្វៀន​នោះ​ដែរ ទើប​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ គឺ​កីឡាករ​ទាំង​ពីរ​កន្ដ្រាក់​បានការ​គាំទ្រ​លើសលប់​ជាងគេ​បើ​ធៀប​នឹង​ការ​ប្រកួត​ទាំងអស់​នៅ​ប៉ុស្ដិ៍​លេខ​៥​។ ចាន់ គង់​រាជ មិន​ត្រឹមតែ​បាន​បង្ហាញ​ថា​គេ​ល្អ​ជាង​មុន​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ឈាន​ឡើងជា​កីឡាករ​មួយ​រូប​ដែល​បាន​ឡើង​អង្គុយ​កៅអី​១៦​រូប​ក្នុង​ចំណោម​៣២​រូប​ដែល​ត្រូវ​ប្រកួត​ជម្រុះ​នោះ​ដែរ ។

យ៉ាងណា​ក៏​ដោយ កីឡាករ​ខន សុ​ខុន ក៏​ធ្វើ​ឲ្យ​គេ​សរសើរ​ថា​ប្រឹង​អស់ចិត្ត​ទម្រាំ​តែ​ចាញ់​ការ​ប្រកួត​នោះ​ដែរ​។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ កីឡាករ​ឆាយ ម៉េ​ត មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង ក៏​ជា​អ្នក​បាន​ឡើង​ទៅ​វគ្គ​១៦​នាក់​ប្រកបដោយ​កិត្តិយស​ផង​ដែរ បន្ទាប់​ពី​ផ្ដួល​កីឡាករ​យឹ​ម សា​រុន មក​ពី​ក្លិប​កងពលតូច​លេខ​៣១​ឲ្យ​ហាលអាវ​នៅ​លើ​សង្វៀន ៕