ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ទូរទស្សន៍​អា​រ៉ាប់ AL MAYADEEN រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ មក​រា ថា ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ិ​ស្លា​ម បាន​ចាប់​មនុស្ស​៤០០​នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង​ក្នុង​ទីក្រុង​មួយ​នៃ​ខេត្ត DEIR EZZOR ភាគ​ខាងកើត​ស៊ី​រី ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ធ្វើការ​វាយលុក​លើ​ទីក្រុង AL BAGHALIYEH កាលពី​ថ្ងៃ​ទី​១៦ មក​រា ហើយ​សម្លាប់​មនុស្ស​ជាង​២៨០​នាក់ ក្នុង​នោះ​ភាគច្រើន​ជានា​រី និង​កុមារ មុន​ពេល​ទម្លាក់​សាកសព​ពួក​គេ​ទៅ​ក្នុង​ទន្លេ EUPHRATE ជិត​ប្រទេស​អីុ​រ៉ា​ក់ ។ ការ​វាយលុក​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចាប់ផ្តើម​តាម​រយៈ​ការ​វាយប្រហារ​អត្តឃាត​ជា​ច្រើន​ប្រឆាំង​បណ្តា​ទីតាំង​រដ្ឋាភិបាល ។ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ី​រី SANA ក៏​រាយការណ៍​ដែរ​ពី​មនុស្ស​ច្រើន​សិប​នាក់​ត្រូវ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​សម្លាប់​រង្គាល​នៅ AL BAGHALIYEH ។

ម្យ៉ាងវិញទៀត អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​មូលដ្ឋាន​នៅ​អង់គ្លេស ហើយ​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​គូសបញ្ជាក់​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​វាយលុក​ចូល​ទីក្រុង AL BAGHALIYEH កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា ដោយ​សម្លាប់​ទាហាន​រដ្ឋាភិបាល​ជា​ច្រើន​នាក់ ។

ការ​ប្រយុទ្ធ​គ្នា​ថ្មី​ៗ​រវាង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​កងទ័ព​ស៊ី​រី​ផ្ទុះ​ឡើង​នា​ពេល​ថ្មី​ៗ​នេះ នៅ​តាម​ផ្នែក​ជា​ច្រើន​នៃ​ខេត្ត DEIR EZZOR ពិសេស​នៅ​ក្បែរ​មូលដ្ឋាន​អាកាសចរណ៍​សំខាន់​មួយ​កន្លែង​ជិត​ព្រំដែន​អីុ​រ៉ា​ក់ ។

ជន​ស៊ី​វិល​ទាំង​៤០០​នាក់​ដែល​ត្រូវ​ចាប់ពង្រត់​ក្នុង​នោះ​មាន​នារី និង​កុមារ ព្រមទាំង​បណ្តា​សមាជិកគ្រួសារ​យុទ្ធ​ជន​ស្និទ្ធ​របប​ស៊ី​រី ត្រូវ​គេ​នាំ​ទៅ​កាន់​តំបន់​នានា​ស្ថិត​ក្នុង​ដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ខេត្ត DEIR EZZOR សម្បូរ​ដោយ​ប្រេងកាត និង​ទៅ​កាន់​តំបន់​ក្បែរ​ខេត្ត​រ៉ា​កា ។

កាលពី​ថ្ងៃ​ទី​១៦ មក​រា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ធ្វើការ​វាយលុក​ដោយ​ទ្រង់ទ្រាយ​ធំ​មួយ​លើ​តំបន់​ជា​ច្រើន​នៃ​ខេត្ត DEIR EZZOR ដែល​អាច​ឱ្យ​គេ​ដណ្តើម​ត្រួតត្រា​ប្រមាណ​ជា​៦០% នៃ​ខេត្ត​នេះ ៕