អាជីវកម្ម​រ៉ែ​ស្ពាន់​ខុសច្បាប់​នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប នរណា​ជា​អ្នកទទួលខុសត្រូវ​

កាលពី​ម៉ោង​៩​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៤ ខែមករា កន្លងទៅ​ថ្មីៗ​នេះ សមត្ថកិច្ច​ចម្រុះ​បាន​ចាត់វិធានការ​បង្ក្រាប​អាជីវកម្ម​រ៉ែ​ទង់ដែង​(​ស្ពាន់​)​ហួស​អាជ្ញាប័ណ្ណ​នៅ​ចំណុច​ជាំ​ក្រវាញ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ក្នុងការ​បង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​ស្ពាន់​ខុសច្បាប់​នោះ សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​ជាច្រើន ហើយ​ម្ចាស់​ទីតាំង​បាន​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​។ បញ្ហា​នេះ​ត្រូវបាន​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់ ព្រោះ​គេ​សង្ស័យថា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​រ៉ែ​ស្ពាន់​ខុសច្បាប់​តាម​អំពើ​ចិត្ត រហូតដល់​មានការ​បង្ក្រាប​ពី​សមត្ថកិច្ច​ចម្រុះ​។

ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នោះ បាន​ឲ្យ​ដឹងថា ការបិទ​ទីតាំង​ក្រុមហ៊ុន​ជីក​រ៉ែ​ស្ពាន់​របស់​ចិន​មួយកន្លែង​នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង បានកើត​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ​នៅ​ទីតាំង​ខាងលើ ព្រមទាំង​រកឃើញ​រថ​យន្ត​បែន​ដឹក​ដី​និង​គ្រឿងចក្រ​សម្រាប់​ជីក​រ៉ែ​យកទៅលក់​ជាច្រើន​គ្រឿង​។ ក្រុមហ៊ុន​ចិន​នោះ​មាន​អាជ្ញាប័ណ្ណ​ហួស​សុពលភាព ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ ប៉ុន្តែ​គេ​បានធ្វើ​អាជីវកម្ម​បន្ត​រហូតដល់​ពេលដែល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​។ តាម​ឯក​សារបាន​បង្ហាញថា​ក្រុមហ៊ុន​ចិន​នោះ មក​វិនិយោគ​លើ​ផ្ទៃដី​៣៦០០​ហិកតា​ដែល​បាន​ផ្ទេរសិទ្ធិ​ពី​ក្រុម​ណឹ​ម​ម៉េង​គ្រុប តាំងពី​ឆ្នាំ​២០១២​រហូតដល់​ថ្ងៃ​ដែល​សមត្ថកិច្ច​បង្ក្រាប​។

​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មិន​ឈានដល់​ការបិទ​ទីតាំង​អាជីវកម្ម​រ៉ែ​ស្ពាន់​ខុសច្បាប់​ខាងលើ​ជា​បណ្ដោះអាសន្ន គឺ​ក្រុមហ៊ុន​ចិន​មួយ​នេះ បានធ្វើ​សកម្មភាព​ជីក​រ៉ែ​ស្ពាន់​ដឹក​យកទៅលក់​នៅ​រាជធានី​ភ្នំពេញ​ចំនួន​២​រថយន្ត​ស្មើនឹង​៤០​តោន កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ ហើយ​ត្រូវ​សមត្ថកិច្ច​ខេត្តកំពង់ធំ​ចាប់បាន​។ មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា បើ​គ្មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់ស្រុក ព្រមទាំង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប​ទេនោះ គឺ​ក្រុមហ៊ុន​ចិន​មិន​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានឡើយ ព្រោះ​អាជីវកម្ម​រ៉ែ​ទង់ដែង​ត្រូវ​ប្រើប្រាស់​គ្រឿងចក្រ​និង​រថយន្ត​ដឹក​ដី​ជាច្រើន​គ្រឿង​។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរពិនិត្យមើល​ផងដែរ ចំពោះ​ភាព​អសកម្ម​របស់​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប ដែល​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន​ប្រើ​អាជ្ញាប័ណ្ណ​ហួសការ​បរិច្ឆេទ​ធ្វើ​អាជីវកម្ម​រ៉ែ​ទង់ដែង​(​ស្ពាន់​)​នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប យ៉ាង​ពេញបន្ទុក​៕

Pic45 - Copy Pic45 Pic46