បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​ខេត្តស្ទឹងត្រែង មិនទាន់មាន​ការទប់ស្កាត់​នៅឡើយ​ទេ

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​សេ​សាន ស្រុក​សៀម​ប៉ាង និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។ ជាមួយគ្នានេះ​ពួកគាត់​បាន​អំពាវនាវ​ឲ្យ​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ចាត់វិធានការ​ជាបន្ទាន់​ទៅលើ​ក្រុម​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កុំ​ឲ្យ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ ដោយហេតុថា មួយរយៈ​ពេល​ចុង​ក្រោយនេះ បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​និង​បទល្មើស​កាប់រំលំ​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិដើម​ភាគតិច​នៅតែ​កើតមាន​គួរ​ឲ្យ​ព្រួយបារម្ភ​។

សកម្មជន​ការពារ​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា បើទោះបី​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជា​យឺត​ពេល​បន្តិច​ក៏ដោយ​ប៉ុន្តែ​អាច​ការពារ​ព្រៃឈើ​ដែល​នៅសល់​តិចតួច​មិន​ឲ្យ​រង​ការបំផ្លាញ​តទៅទៀត​។ សកម្មជន​ការពារ​ព្រៃឈើ​បាន​បញ្ជាក់ថា នៅពេលដែល​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​តាមច្បាប់​ទៅលើ​ឈ្មួញ​ធំៗ​និង​អ្នកមាន​លុយ អ្នកមានអំណាច ដែល​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​នោះ គឺ​ព្រៃ​សហគមន៍​អាច​នៅ​គង់វង្ស​ជា​ប្រយោជន៍​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ជាពិសេស​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​មេ​ឈ្មួញ ទ្រី ភាព ត្រូវគេ​ដឹងថា​ជា​មេខ្លោង​កាប់​ឈើ​ធំ​បំផុត​ក្នុង​ខេត្តស្ទឹងត្រែង ហើយ​វិធានការ​ទៅលើ​មេ​ឈ្មួញ​ទាំង​២​នាក់​នេះ ជា​កត្តា​សំខាន់​ណាស់​ដើម្បី​ការពារ​ព្រៃ​សហគមន៍ ព្រៃ​ដែន​ជម្រក​សត្វ និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក្នុង​ខេត្តស្ទឹងត្រែង​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា កន្លងមក​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​មេ​ឈ្មួញ​ធំៗ​ដែល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង យកទៅលក់​នៅ​ស្រុក​យួន​ដោយ​ឆ្លងកាត់​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ​។ សូម្បីតែ​ឈ្មួញ​យួន​ឈ្មោះ សំនៀង ហៅ​យាយ​ព្រឿង ដែល​ល្បីល្បាញ​ខាង​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​និង​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន ក៏​គេ​ដឹងថា​បាន​យក​លោក ឈាង តុលា ជា​ខ្នងបង្អែក​ដែរ​។ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​ចាត់វិធានការ​លើ​លោក ឈាង តុលា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង តាមច្បាប់​ជាបន្ទាន់ ទើប​អាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ក្នុង​ខេត្ត​នេះ កុំ​ឲ្យ​រាលដាល​យ៉ាង​ពេញបន្ទុក​តទៅទៀត​៕

124លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង image