ក្រុមចោរ​កាំភ្លើង​វែង និង​ពូថៅ ចូល​ប្លន់​ថៅកែ កា​រ៉ា​ស​សាំង​យកប្រាក់​អស់​ជាង​៣​ពាន់​ដុល្លា និង​វាយ​ថៅកែ​សាំង​៧​ខ្នងពូថៅ​របួសធ្ងន់​

ខេត្តរតនគិរី ៖ ក្រុមចោរប្លន់​២​នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង និង​ពូថៅ បាន​ចូល​ប្លន់​កា​រ៉ា​ស​សាំង មួយកន្លែង យីហោ សុវណ្ណារិទ្ធ ប្រមូលប្រាក់​សរុប​ជាង ៣​ពាន់ ដុល្លា​អាមេរិក និង​វាយ​បុរស​ម្នាក់ ជា​ម្ចាស់កា​រាស់​សាំង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។ អំពើ​ប្លន់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦ និង​១០ នាទី​ល្ងាច​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៧៨ ក្នុងភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ។​

​បន្ទាប់ពី​ក្រុមចោរ​ធ្វើ​សកម្មភាព​ប្លន់​ចប់សព្វគ្រប់​ទៅ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ មាស សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ​មុខរប​គ្រូបង្រៀន សាលា​បៀ​ល​ប្រាយ ជា​ម្ចាស់កា​រាស់​សាំង យីហោ​ស្ថានីយ៍ សុវណ្ណារិទ្ធ រងរបួស​ធ្ងន់ ត្រូវបញ្ជូន​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ​ផងដែរ​។ ស្ត្រី​ឈ្មោះ ឆាយ រ៉ា​ភ័​ក្រ អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា ក្នុងពេល​កើតហេតុ គាត់​កំពុង​រៀបចំ​ទុកដាក់​ឥ​វ៉ាន់​នៅ​ខាងក្នុង ប្តី​គាត់​និង​ម្តាយ រួមទាំង​កម្មករ​ម្នាក់​ផង​នោះ នៅខាងមុខ ចាំ​លក់​សាំង​។​

​សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹងថា ស្រាប់​តែមាន​មនុស្ស​ប្រុស ២​នាក់ ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក ឌុប​គ្នា​មក​ឈប់ ម្នាក់​មាន​ស្ពាយ​កាំភ្លើង​វែង និង​ម្នាក់ទៀត​កាន់​ពូថៅ បាន​ស្ទុះ​ទៅ ប្រតាយប្រតប់​ប្តី​គាត់ និង​យក​ពូថៅ​ខាង​ខ្នង វាយ​សំពង​ទៅលើ​ឆ្អឹងជំនី និង​ខ្នង​បោះដៃផុត ប្រមាណ ៦​ទៅ​៧ ពូថៅ បណ្តាល​ឲ្យ​ប្តី​គាត់ ដួលសន្លប់​ក្បែរ​គ្រែ ចំណែក​ម្នាក់ទៀត ស្ទុះ​ទៅ​ទាញ​រុះរើ​យក​កាបូប​លុយ រួច​នាំគ្នា​ឡើង​ជិះ​ម៉ូតូ ទិសដៅ​ឆ្ពោះ​ចូល​ក្រុង​បាន​លុង​បាត់ស្រមោល​។ មួយសន្ទុះ​ក្រោយមក ទើប​មាន​សមត្ថកិច្ច នគរបាល​ក្រុង សង្កាត់​និង​កងរាជអាវុធហត្ថ​ក្រុង រួមទាំង​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​មកជួយ​អន្តរា​គន៍​។​

​ភ្ជាប់​នឹង​ហេតុការណ៍​នេះ​ពលរដ្ឋ​រិះគន់ថា នៅក្នុង​ខេត្តរតនគិរី ពេលបច្ចុប្បន្ន​នេះ សំបូរ​ទៅដោយ វង់ល្បែង​ស៊ីសង​គ្រប់​ប្រភេទ ដូចជា​ល្បែង សង្វៀន​បញ្ជល់មាន់ ភ្នាល់​បាល់​ច្រើន​កន្លែង និង​វង់​បៀ​គ្រប់​ប្រភេទ នៅតាម​ផ្ទះ ជុំវិញ​ផ្សារ​ក្រុង​បាន​លុង ជាពិសេស​គឺ​ល្បែង​ឆ្នោត កន្ទុយលេខ ដែលមាន​មេ​ធំៗ ជាច្រើន​ទៀត ស្ទើរ​ពេញ​ក្រុង និង​បណ្តា​ស្រុក​ទៅហើយ មិនដែល​ឃើញ មាន​សមត្ថកិច្ច​ណាមួយ ហ៊ាន​ចុះទៅ​បង្ក្រាប ម្តងណា​នោះឡើយ ហើយ​សូម្បីតែ​គ្រឿងញៀន​ក៏​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ ទាំងនេះហើយ​ជាដើម​ចម នៃ​អំពើចោរកម្ម និង​អំពើ​ប្លន់​នោះ ៕ លីវ​ណ្ណៈ​ ​

KA-18-01-2016-06 KA-18-01-2016-07 KA-18-01-2016-08 KA-18-01-2016-09