​​​កិច្ច​​​ព្រម​​​ព្រៀង​​​ត្រីភាគី​​​​​​ត្រូវ​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​​​ដើម្បី​​​​​​ប្រយុទ្ធ​​​​​​​​​នឹង​​​​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​

ប្រទេស​​​កម្ពុជា​​​​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​​​​ជា​​​មួយ​​​វៀត​​​ណាម និង​​​ឡាវ​​​​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ដើម្បី​​​ពង្រឹង​​​​​​ការ​​​ខំ​​​ប្រឹង​​​ប្រែង​​​​​​ប្រយុទ្ធ​​​នឹង​​​​​​​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ ដោយ​​​ប្រទេស​​​​​​វៀត​​​ណាម​​​រាយ​​​ការណ៍​​​​​​នៅ​​​ឯ​​​កិច្ច​​​ប្រជុំ​​​​​​ថា នគរ​​​បាល​​​​​​បាន​​​រក​​​ឃើញ​​​ក្រុម​​​ជួញ​​​ដូរ​​​មនុស្ស​​​ជិត​​​៩០​​​បណ្តាញ​​​​​​នៅ​​​តាម​​​ព្រំ​​​ដែន​​​របស់​​​ខ្លួន​​​ជា​​​មួយ​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ឆ្នាំ​​​មុន។​​​

លោក សាយ ម៉េងឈាង​​​ ​​​អនុ​​​ប្រធាន​​​នាក​​​ដ្ឋា​​​ន​​​​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​នៃ​​​ក្រសួង​​​មហា​​​ផ្ទៃ ដែល​​​បាន​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​នោះ​​​នៅ​​​​​​ក្នុង​​​​​​ក្រុង​​​ហូជី​​​មិញ បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រទេស​​​កម្ពុជា ឡាវ និង​​​វៀត​​​ណាម​​​​​​ជំរុញ​​​ឲ្យ​​​មាន​​​កិច្ច​​​សហ​​​ប្រតិបត្តិការ​​​​​​ជិត​​​ស្និទ្ធ​​​​​​ថែម​​​ទៀត​​​ ដើម្បី​​​បង្ក្រាប​​​​​​​​​ក្រុម​​​ជួញ​​​ដូរ​​​​​​​​​មនុស្ស​​​នៅ​​​តាម​​​ព្រំ​​​ដែន​​​ ហើយ​​​ទី​​​ពីរ​​​ សម្រាប់​​​កិច្ច​​​សហការ​​​​​​ជាមួយ​​​​​​នគរ​​​បាល​​​ព្រំដែន​​​​​​រវាង​​​ប្រទេស​​​ទាំង​​​បី”។

យោង​​​តាម​​​របាយ​​​ការណ៍​​​សារ​​​ព័ត៌មាន​​​វៀត​​​ណាម​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ឯ​​​កិច្ច​​​ប្រជុំ​​​ នគរ​​​បាល​​​វៀត​​​ណាម​​​​​​​​​បាន​​​​​​លាត​​​ត្រដាង​​​ថា ពួក​​​គេ​​​បាន​​​រក​​​ឃើញ​​​​​​ក្រុម​​​​​​បណ្តាញ​​​រត់​​​ពន្ធ​​​មនុស្ស​​​ចំនួន​​​៨៧​​​តាម​​​ព្រំ​​​ដែន​​​​​​របស់​​​ខ្លួន​​​ជាមួយ​​​កម្ពុជា។

យោង​​​តាម​​​​​​គម្រោង​​​អន្តរ​​​ទី​​​ភ្នាក់​​​ងារ​​​​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​ស្តី​​​ពី​​​​​​​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ឲ្យ​​​ដឹង​​​ថា ជនរងគ្រោះ​​​នៃ​​​ការ​​​ជួញ​​​ដូរ​​​​​​​​​​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​ភាគ​​​ច្រើន​​​​​​ ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​​​​ជា​​​ផ្លូវ​​​ការ​​​ពី​​​​​​ប្រ​​​ទេស​​​វៀត​​​ណាម​​​ គឺ​​​សុទ្ធ​​​តែ​​​កុមារ។

យោង​​​តាម​​​​​​​​​​​​​​​អង្គការ​​​ទេសន្ត​​​ប្រវេសន៍​​​​​​អន្តរ​​​ជាតិ​​​ឲ្យ​​​ដឹង​​​ថា មាន​​​កុមារ​​​កម្ពុជា​​​ជាង​​​១០០​​​នាក់​​​ត្រូវ​​​បាន​​​ធ្វើ​​​​​​មាតុភូមិ​​​និវត្ត​​​​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​ពី​​​ប្រទេស​​​វៀត​​​ណាម​​​​​​ទៅ​​​កាន់​​​ខេត្ត​​​ជាប់​​​ព្រំដែន​​​​​​គឺ​​​ខេត្ត​​​ស្វាយ​​​រៀង​​​ បន្ទាប់​​​ពី​​​​​​ត្រូវ​​​បង្ខំ​​​ឲ្យ​​​​​​ធ្វើ​​​ជា​​​អ្នក​​​សុំ​​​ទាន​​​​​​នៅ​​​ក្នុង​​​​​​ទី​​​ក្រុង​​​នានា​​​​​​នៅ​​​វៀត​​​ណាម​​​។​​​​​​​​​

លោកស្រី អាមី កូល្លីនស៍ អ្នក​​​ចាត់​​​ចែង​​​គម្រោង​​​ទប់​​​ស្កាត់​​​ប្រចាំ​​​តំបន់​​​​​​សម្រាប់​​​គម្រោង​​​​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​នៃ​​​ទស្សន​​​ពិភព​​​លោក បាន​​​មាន​​​ប្រសាសន៍​​​ថា “ដោយ​​​មាន​​​​​​កម្មករ​​​ចំណាក​​​ស្រុក​​​​​​ដែល​​​​​​ងាយរងគ្រោះ​​​ពី​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ ប្រទេស​​​ថៃ​​​នៅ​​​តែ​​​ជា​​​គោលដៅ​​​ធំ​​​បំផុត​​​​​​សម្រាប់​​​ជន​​​រងគ្រោះ។ ក៏​​​មាន​​​ចំនួន​​​កើន​​​ឡើង​​​នៃ​​​​​​ស្ត្រី​​​ជន​​​ជាតិ​​​វៀត​​​ណាម និង​​​ខ្មែរ​​​​​​​​​ដែរ​​​ដែល​​​ត្រូវ​​​គេ​​​ជួញ​​​ដូរ​​​ទៅ​​​​​​​​​ប្រទេស​​​ចិន​​​​​​ស​​​ដើម្បី​​​រៀប​​​ការ​​​ដោយ​​​បង្ខំ”។

យោង​​​តាម​​​អ្នក​​​ជំនាញ​​​ឲ្យ​​​ដឹង​​​ថា ឈ្មួញ​​​កណ្តាល​​​កំពុង​​​នាំ​​​ស្ត្រី​​​ជន​​​ជាតិ​​​ខ្មែរ​​​កាត់​​​តាម​​​ប្រទេស​​​វៀត​​​ណាម​​​ ដើម្បី​​​បាន​​​ទៅ​​​ដល់​​​ប្រទេស​​​ចិន ក្នុង​​​ខណៈ​​​ដែល​​​ជើង​​​ហោះ​​​ហើរ​​​​​​ទៅ​​​កាន់​​​ប្រទេស​​​ចិន​​​​​​ដោយ​​​ស្ត្រី​​​នៅ​​​លីវ ​​​​​​គឺ​​​ស្ថិត​​​ក្រោម​​​ការ​​​តាម​​​ឃ្លាំ​​​មើល​​​កាន់​​​តែ​​​ខ្លាំង។

យោង​​​តាម​​​​​​របាយការណ៍​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​សហរដ្ឋ​​​អា​​​មេរិក​​​នា​​​ឆ្នាំ​​​២០១៥​​​ឲ្យ​​​ដឹង​​​ថា ទោះ​​​បី​​​ជា​​​មាន​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ពី​​​សំណាក់​​​​​​រដ្ឋា​​​ភិបាល​​​​​​​​​ទាំង​​​ឡាយ​​​នៅ​​​ក្នុង​​​ក្រុង​​​ហូ​​​ជីមិញ​​​ ក៏​​​ដោយ​​​​​​ ក៏​​​ការ​​​ឃុបឃិត​​​គ្នា​​​​​​ជា​​​ផ្លូវ​​​ការ​​​នៅ​​​តែ​​​ជា​​​បញ្ហា​​​ដដែល៕​​​រើន​​​

 

The post ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ត្រីភាគី​​​​​​ត្រូវ​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​​​ដើម្បី​​​​​​ប្រយុទ្ធ​​​​​​​​​នឹង​​​​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ appeared first on ខេមបូឌា ដេលី.