PNN ប្រើ​កាមេរ៉ា​ទំនើប៨គ្រឿង និង Drone ពេល Cambodian All Stars ប៉ះ Buriram

PNN ប្រើ​កាមេរ៉ា​ទំនើប៨គ្រឿង និង Drone ពេល Cambodian All Stars ប៉ះ Buriram

ស្ថានីយ​ទូរទស្សន៍ PNN នឹង​ប្រើ​កាមេរ៉ា​ទំនើប​ចុង​ក្រោយ ៨​គ្រឿង ព្រម​ទាំង Drone ដើម្បី​ចាប់​យក​ទិដ្ឋភាព​ផ្សាយ​ផ្ទាល់​ពី​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ពេល​ក្រុម Cambodian All Stars ប្រកួត​ជាមួយ​ក្រុម​ជើង​ឯក​លីគ​កំពូល​ថៃ Buriram United នៅ​ថ្ងៃ​ទី២៣ ខែ​មករា ខាង​មុខ។

 

PNN ប្រើ​កាមេរ៉ា​ទំនើប៨គ្រឿង និង Drone ពេល Cambodian All Stars ប៉ះ Buriram

 

លោក​ស្រេង ស្រ៊ឺ (សំណព្វ) ប្រធាន​ផ្សាយ​ផ្នែក​កីឡា​នៅ​ស្ថានីយ​ទូរទស្សន៍ PNN បាន​និយាយ​ថា ក្នុង​ដំណើរ​ការ​ផ្សាយ​ផ្ទាល់​កម្ម​វិធី​ប្រកួត​លើក​ទី១ របស់​ខ្លួន PNN នឹង​ប្រើ​កាមេរ៉ា ៨​គ្រឿង ដែល​មាន​ទាំង​កាមេរ៉ា​ដាក់​ក្រោយ​ចំណាញ់​ទី ២​គ្រឿង ដើម្បី​ចាប់​យក​ទិដ្ឋភាព​គ្រាប់​បាល់​ចូល​ទី​បាន​ល្អ។

 

លោក សំណព្វ បាន​បន្ត​ទៀត​ថា ក្រៅ​ពី​កាមេរ៉ា ៨​គ្រឿង​ខាង​លើ ក្រុម​ការងារ​បច្ចេកទេស​កំពុង​ពិចារណា​ដាក់​កាមេរ៉ា​ចល័ត​ទី៩ ដើម្បី​ងាយ​ស្រួល​ចាប់​យក​សកម្មភាព​នានា។ មុន​ការ​ប្រកួត​ចាប់​ផ្ដើម ក្រុម​ការងារ​ក៏​ត្រៀម Drone (កូន​យន្តហោះ​បំពាក់​កាមេរ៉ា) ថត​សកម្មភាព​ពី​លើ​អាកាស​ទុក​ប្រើ​ប្រាស់​ផង​ដែរ។

 

ដោយសារ​ជា​ការ​ផ្សាយ​ផ្ទាល់​កម្ម​វិធី​ប្រកួត​កីឡា​បាល់​ទាត់​លើក​ដំបូង លោក សំណព្វ ក្នុង​នាម​ក្រុម​ការងារ​ទូរទស្សន៍ PNN បាន​និយាយ​ថា៖ «យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ ប៉ុន្តែ​ប្រសិន​បើ​មាន​បញ្ហា​អ្វី ឬ​ក៏​យ៉ាង​ណា​នោះ សូម​អធ្យាស្រ័យ​ទុក​ជាមុន ហើយ​យើង​រង់ចាំ​ទទួល​​ការ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា ព្រោះ​ចង់​លើក​ស្ទួយ​​វិស័យ​បាល់​ទាត់​នៅ​ស្រុក​ខ្មែរ… ចង់​ឲ្យ​បច្ចេកទេស​នៃ​ការ​ផ្សាយ​​ល្អ​ដូច​នៅ​ស្រុក​គេ​ដែរ»។

 

លោក សំណព្វ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ទូរទស្សន៍​ផ្សេងៗ​ទៀត ដូចជា​បាយ័ន​ជាដើម បាន​​ផ្សាយ​ផ្ទាល់​សកម្មភាព​ប្រកួត​ល្អ​ហើយ។ លោក​បញ្ជាក់​ថា ក្រុម​ការងារ PNN នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​​ប្រហាក់​ប្រហែល​នឹង​ស្ថានីយ​ទូរទស្សន៍​បាយ័ន ព្រោះ​ជា​ការ​ផ្សាយ​លើក​ទី១៕

 

អត្ថបទ៖ គង់ វិសាល