រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​សប្ដាហ៍​ក្រោយ

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី (John Kerry) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ ខែ​មករា។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​១៦ មករា ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់ លោក ចន ឃែរី មក​កម្ពុជា គឺ​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ក្នុង​បំណង​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ចន ឃែរី នឹង​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង។

នេះ គឺ​ជា​លើក​ទី​១ ដែល លោក ចន ឃែរី មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) តែង​តាំង​ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក។

ចំណែក​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ចុះ​ថ្ងៃ​ទី​១៥ មករា ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ទស្សនកិច្ច​របស់ លោក ចន ឃែរី នៅ​ភ្នំពេញ លោក​នឹង​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ​កម្ពុជា អំពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ទីក្រុង​សាន់នីឡែន្តស៍ (Sunnylands) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ ខាង​មុខ។ លើស​ពី​នេះ ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរ ក៏​នឹង​ពិភាក្សា​ស្វែងរក​មធ្យោបាយ​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ដែរ។

សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​មហា​អំណាច​មួយ​ដែល​តែង​រិះគន់​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។