គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់តាំង​កម្លាំង ៣ ក្រុម ក្នុង​ប្រតិបត្តិការ​

ភ្នំពេញ: ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ នា​ព្រឹក​ថ្ងៃទី​១៨​មករា​នេះ ដើម្បី​រៀបចំ​យន្តការ​ការងារ អនុវត្ត​សេចក្តីសម្រេចចិត្ត និង​ចាត់តាំង​អនុវត្តតាម​ស្មារតី នៃ​ផែនការ​នេះ ដោយ​ធ្វើការ​បែងចែក​ភារកិច្ច​គ្នា​។ ក្នុងនោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានកំណត់ ចាត់តាំង​កម្លាំង និង​ការប្រើប្រាស់​កម្លាំង ដោយមាន​កម្លាំង​ទប់ស្កាត់ កម្លាំង​ល្បាត កម្លាំង​នីតិវិធី​។

​ក្នុង​កិច្ចប្រជុំ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​លើកឡើងថា ក្រុមទី​១ គឺ​ក្រុម​ប្រតិបត្តិការ​ស្រាវជ្រាវ​ព័ត៌មាន និង​នីតិវិធី ទាក់ទង​បទល្មើស​ព្រៃឈើ​។ ក្រុមទី​២ គឺ​ក្រុម​ទប់ស្កាត់ គឺ​កម្លាំង​ដែល​ការពារ​គោលដៅ (​កម្លាំង​សមត្ថកិច្ច​ឈរជើង​នៅតាម​ព្រំដែន​)​។ ក្រុមទី​៣ គឺជា​ក្រុម​អន្តរាគមន៍ ដែលជា​កម្លាំង​ចេញពី​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មកពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​កម្លាំង​មកពី​កងពលតូច​ទ័ព​ពិសេស ៩១១ (​ថ្នាក់ជាតិ​)​។​

​ជាមួយនឹង​ចាត់តាំង​កម្លាំង ៣ ក្រុម​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏បាន​បញ្ជាក់ថា កងកម្លាំង​ទាំងបី ប្រើ​មធ្យោបាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ របស់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ ដែលមាន​រថយន្ត និង​ម៉ូតូ​។ ក្នុងនោះ ក៏មាន​ឧទ្ធម្ភាគចក្រ សម្រាប់​វាយប្រហារ​លើ​អាកាស មាន ៣​គ្រឿង និង​ចាំបាច់​ត្រូវ​ប្រើ​រថពាសដែក​ថែមទៀត​។

​លោក សៅ សុខា បន្តថា "​ប៉ុន្តែ​អ្វីដែល​យើង ត្រូវអនុវត្ត​បទ​ប​បញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល គឺ​ឧទ្ធម្ភាគចក្រ ពីព្រោះ​កន្លែង​ខ្លះ ធ្វើដំណើរ​ដោយ​ឡាន ទៅ​មិន​ដល់​ទេ ទម្រាំ​ទៅដល់ គេ​លួច​យក​ឈើ​ទៅ​បាត់អស់ ហើយ​យើង​ត្រៀម​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ហើយ​កម្លាំង​របស់​យើង​ត្រៀម​ជានិច្ច ពេល​មាន​បទបញ្ជា​ភ្លាម កម្លាំង​នឹងត្រូវ​តែ​ចេញ​"៕​