ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៨ មក​រា កន្លង​មកនេះ នៅ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​មាន​រៀបចំ​ធ្វើ​សិក្ខាសាលា​មួយ​ស្ដី​ពី​គុណ​តម្លៃ​ក្បាច់គុន​ល្បុក្កតោ​ក្នុង​សង្គម​វប្បធម៌​ជាតិខ្មែរ ។ សិក្ខាសាលា​នេះ​មានការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​លោក​បណ្ឌិត​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ​និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក ។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា សិក្ខាសាលា​ថ្ងៃនេះ​មាន​តម្លៃ​ណាស់​សម្រាប់​ប្រទេស​ជាតិ សម្រាប់​វប្បធម៌​ជាតិ និង​សម្រាប់​មនុស្ស​ខ្មែរ​គ្រប់​ជំនាន់ ដែល​មាន​កាតព្វកិច្ច និង​ភារកិច្ច​ត្រូវ​តែ​រួម​គ្នា​អភិរក្ស​និង​អភិវឌ្ឍ​ព្រលឹង​ក្បាច់គុន​បុរាណ​ខ្មែរ​ដើម្បី​តបស្នង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ដូនតា បុព្វបុរស​យើង​ដែល​បាន​បង្កើត​ឡើងជា​យូរយារ​ណាស់​មក​ហើយ ។ យើង​ទាំងអស់​គ្នា​ចង​ចាំ​ថា «​វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន​»​ហើយ​ក្បាច់គុន​បុរាណ​ខ្មែរ​ដូច​ជា​ក្បាច់គុន​ល្បុក្កតោ គឺជា​វត្ថុធាតុដើម​មួយ​ក្នុង​វប្បធម៌​ខ្មែរ​យ៉ាង​ពិតប្រាកដ ដែល​កូន​ខ្មែរ​គ្រប់​ជំនាន់​ត្រូវ​មាន​សតិសម្បជញ្ញៈ​ជីក​កកាយ រៀបចំ​ចងក្រង និង​បំផុស​ផ្សព្វផ្សាយ​ឱ្យ​លេច​ចេញ​ត្រដែត​ឡើង ឱ្យ​មាន​ពន្លឺ​ចែងចាំង​ឡើង​វិញ​ក្នុង​គោលដៅ​លើក​គុណ​តម្លៃ​ក្បាច់គុន​ខ្មែរ​ឡើង​វិញ​ទាំង​ក្នុង​សង្គម​ជាតិខ្មែរ​និង​លើ​ឆាក​អន្តរជាតិ ។

ម្យ៉ាងវិញទៀត បើ​យោង​តាម​សំណៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​ប្រាប់​យើង​ថា ខ្មែរ​ជា​ពូជ​អ្នក​ចម្បាំង​ត​ពី​សម័យ​អង្គរ ខ្មែរ​អង្គរ​ពិតជា​ពូជ​អ្នក​ចម្បាំង​ត​ពី​បុព្វបុរស​ចេ​ន​ឡា និង​ហ្វូ​ណ​ន ។ ពាក្យ​ថា ពូជ​អ្នក​ចម្បាំង​បាន​ន័យ​ថា គុណសម្បត្តិ​យោធា​នា​សម័យកាល​មុន​អង្គរ និង​សម័យ​អង្គរ​ពិតជា​ខ្លាំងពូកែ​មាន​វិន័យ និង​យុទ្ធសាស្ដ្រ​ច្បាស់លាស់ ។ មេទ័ព​ជា​ព្រះមហាក្សត្រ ដ៏​អង់អាច​ក្លាហាន មានការ​ហ្វឹកហាត់​ទ័ព​បាន​ល្អ ពិសេស​កងទ័ព និង​មេទ័ព​មានចំណេះ​ដឹង និង​ហ្វឹកហាត់​ក្បាច់គុន​បាន​យ៉ាង​ស្ទាត់ជំនាញ ។ ដូច្នេះ​ហើយ​បានជា​ក្បាច់គុន​ខ្មែរ​ដូច​ជា​ក្បាច់គុន​ល្បុក្កតោ​មាននៅ​ក្នុង​ព្រលឹង​កងទ័ព​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​រួច​មក​ហើយ ។

លោក​រដ្ឋមន្ត្រី​ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​មាន​ប្រសាសន៍​ថា ថ្ងៃនេះ​យើង​បាន​ជួបជុំ​គ្នា​ជាម​ហា​គ្រួសារ​ខ្មែរ ដែល​ត្រូវ​បន្តវេន​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ វប្បធម៌​បុព្វបុរស​ខ្មែរ​ដ៏​រុងរឿង ដែល​បាន​បន្សល់​ទុក​នូវ​រតនសម្បត្តិ​យ៉ាង​សម្បូរ​បែប​ដល់​កូនចៅ​ជំនាន់​ក្រោយ ។ លោក​បាន​រំលឹក​ថា នៅ​ឆ្នាំ​២០១២​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​ជំរុញ​និង​អនុញ្ញាត​ឱ្យ​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដោយ​មាន​ស្ថាប័ន អង្គការ​កីឡា​ពាក់ព័ន្ធ​មាន​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រសួង​អប់រំ​យុវជន​និង​កីឡា ទីស្ដីការគណៈរដ្ឋមន្ត្រី អង្គការ​យូ​ណេ​ស្កូ​ជាតិ និង​សហព័ន្ធ​កីឡាប្រដាល់ សហព័ន្ធ​កីឡា​ល្បុក្កតោ ដើម្បី​រៀបចំ​ឯកសារ និង​បំពេញ​សំណុំ​បែបបទ​ដាក់​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ​នៃ​អង្គការ​យូ​ណេ​ស្កូ ។ ប៉ុន្តែ​ឯកសារ​ដែល​បញ្ជូន​ទៅ​ត្រូវ​បាន​អង្គការ​យូ​ណេ​ស្កូ​បដិសេធ​បញ្ជូន​ត្រឡប់​មក​វិញ ហើយ​អង្គការ​យូ​ណេ​ស្កូ​បាន​ប្រាប់​ថា កម្ពុជា​នៅ​មានឱកាស​ដាក់​សំណើ​ម្ដងទៀត ។ ប៉ុន្តែ​នៅ​ពេល​នេះ​យើង​មាន​មិត្តភក្តិ​កូរ៉េ​ផ្នែក​វប្បធម៌​អរូបី​ជួយ​ធ្វើការ​កែទម្រង់​តាម​ក្បាច់គុន​បុរាណ​កូរ៉េ​ដែល​គេ​អាច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​បាន​សម្រេច​។

ដូច្នេះ​លោក​សង្ឃឹមថា សិក្ខាសាលា​ថ្ងៃនេះ សិក្ខាកាម​ទាំងអស់​នឹង​ផ្ដល់​ធាតុ​ផ្សំ​និង​ធាតុ​ចូល​គ្រប់គ្រាន់​សម្រាប់​ចងក្រង​ជា​ឯកសារ ជា​ការ​គាំទ្រ និង​ជា​សំឡេង​ឯកភាព​ជាតិ​តែ​មួយ​លើ​គុណ​តម្លៃ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ដើម្បី​បំពេញ​សំណុំ​បែបបទ​សុំ​ចុះបញ្ជី​ក្បាច់គុន​មួយ​នេះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូ​ណេ​ស្កូ​ឱ្យ​ទទួល​បាន​ជោគជ័យ ៕