ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

Zinedine Zidane គ្រូបង្វឹក​ថ្មី​ក្លិប​Real Madrid បាន​បន្ដ​ដឹកនាំ​ក្លិប​ស្ដេច​ស​ក្នុង​ក្របខ័ណ្ឌ  La Liga អេ​ស្ប៉ា​ញ​បាន​យ៉ាង​ល្អ​ដោយ​លត់​ក្រុម​Sporting Gijon ៥-១ កាលពី​យប់​ថ្ងៃអាទិត្យ ទី​១៧ មក​រា ឆ្នាំ​២០១៦ ។

ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ Real Madrid រកបាន​៤​គ្រាប់​ក្នុង​រយៈពេល​តែ​១១​នាទី​ប៉ុណ្ណោះ ក្នុង​នោះ​គ្រាប់​ទី​១ រកបាន​ដោយ Gareth Bale នៅ​នាទី​ទី​៧, គ្រាប់​ទី​២​រកបាន​ដោយ​Cristiano Ronaldo នៅ​នាទី​ទី​៩, គ្រាប់​ទី​៣​រកបាន​ដោយ Karim Benzema នៅ​នាទី​ទី​១២ និង​គ្រាប់​ទី​៤​រកបាន​ដោយ​Cristiano Ronaldo​ជា​ថ្មី​នៅ​នាទី​ទី​១៨ មុន​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​បារាំង Benzema​រកបាន​គ្រាប់​ទី​៥​នៅ​នាទី​ទី​៤១ ។

ចូល​ដល់​តង់​ទី​២ ក្រុម​ស្ដេច​ស​មិន​មានឱកាស​រកបាន​គ្រាប់​បាល់​បន្ថែម​ទៀត​ទេ ខណៈ​ក្រុម Sporting Gijon រកបាន​១​គ្រាប់​វិញ​ដោយ​កីឡាករ Isma Lopez នៅ​នាទី​ទី​៦២ ។ នេះ​ជា​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​ចំនួន​២​លើក​ជាប់​គ្នា​សម្រាប់​គ្រូបង្វឹក​ថ្មី Zidane បន្ទាប់​ពី​លត់​ក្រុម Deportivo La Coruna​កាលពី​ស​ប្ដា​ហ៍​មុន​ក្នុង​លទ្ធផល​៥-០ ក្លាយជា​គូប្រជែង​ស្លាប់​រស់​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona​។   

ចំណែក Barcelona ក៏​ធ្វើ​បាន​ល្អ​ផង​ដែរ កាលពី​រាត្រី​នោះ ដោយ​បំបាក់​ក្រុម​Athletic Bilbao ដែល​សល់​គ្នា​តែ​១០​នាក់​តាំងពី​នាទី​ទី​៤ ដោយ​លទ្ធផល ៦-០ ។ ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ​Luis Suarez ធ្វើ​បាន​ហ៊ែ​ត​ទ្រី​ក​នៅ​នាទី​ទី​៤៧, ៦៨ និង ៨២ ក្រោយ​ពេល Lionel Messi ស៊ុត​បញ្ចូល​ទី​គូប្រកួត​នៅ​នាទី​ទី​៧ តាម​រយៈ​បាល់​ពិន័យ​១១​ម៉ែត្រ ។ Neymar ជា​អ្នក​ស៊ុត​ចូល​គ្រាប់​ទី​២ នៅ​នាទី​ទី​៣១ ខណៈ Ivan Rakitic ស៊ុត​ចូល​គ្រាប់​ទី​៤ នៅ​នាទី​ទី​៦២ ៕