ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ស្ទីល W.T.F (World Taekwondo  Federation )​របស់​កូរ៉េ​ខាងត្បូង និង​ស្ទីល I.T.F (International Taekwondo Federation)​របស់​កូរ៉េ​ខាងជើង​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ឧត្តមសេនីយ៍ឯក​នួន ភា ត្រូវ​បាន​បំបែក​ជា​២​អង្គភាព​ផ្សេង​គ្នា​ដោយ​ជោគជ័យ​ហើយ ខណៈ​តេ​ក្វា​ន់​ដូ W.T.F បាន​បោះ​ឆ្នោត​រើស​ក្បាលម៉ាស៊ីន​ថ្មី​សម្រាប់​ដឹកនាំ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មក​រា ឆ្នាំ​២០១៦ ដើម្បី​បន្ត​អាណត្តិ​របស់​ខ្លួន​ពី​ឆ្នាំ​២០១៦​ដល់​២០២០ ។

ទន្ទឹម​នឹង​ការ​បំបែក​ខ្លួន​ជា​ពីរ​អង្គភាព​ផ្សេង​គ្នា​នេះ សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ចាស់​គ្រប់គ្រង​ដោយ​លោក នួន ភា នោះ បន្ទាប់​ពី បាន​ពិនិត្យ​ពិភាក្សា​ឯកភាព​គ្នា​លើ​របាយការណ៍​ការងារ​ប្រចាំ​អាណត្តិ និង​របាយការណ៍​ហិរញ្ញវត្ថុ​រួច​មក អង្គ​មហាសន្និបាត​បាន​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ប្រតិបត្តិ​អាណត្តិ​ថ្មី ដែល​ទើប​បង្កើត​ឡើង​ចំនួន​១១​នាក់ ក្នុង​នោះ​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ក្លាយជា​ប្រធាន​សហព័ន្ធ​តេ​ក្វា​ន់​ដូ​ស្ទីល​W.T.F លោក ជ្រិ​ន សុធា និង លោក​ហែម សំណាង ជា​អនុប្រធាន និង​លោក​គង់ ស​ក្ខិ​ដា ជា​អគ្គលេខាធិការ ។ រីឯ​លោក​ជា សា​រ៉ាត ជា​អគ្គលេខាធិការ​រង លោក​ជាតិ ខេមរា ជា​អគ្គ​ហេ​រញ្ញឹក និង​៥​នាក់​ទៀត មាន​លោក​ឃឹម ស​ត្ថា​, លោក​សំ សុខ​យី​, កញ្ញា​ច័ន្ទ មិថុនា​, លោក​ឌឿ​ន សុខ​ជា និង លោក ផ​ន សុភា ជា​សមាជិក​ប្រតិបត្តិ ។

លោក​បណ្ឌិត​ហង់ ជួនណា​រ៉ុ​ន បាន​អះអាង​ថា ក្នុង​ដំណាក់កាល​លោក​ដឹកនាំ​សហព័ន្ធ​តេ​ក្វា​ន់​ដូ​ស្ទីល​W.T.F យើង​ត្រូវ​រួម​គ្នា​ពង្រីក​ក្លិប​តាម​សាលារៀន​នៅ​ខេត្ត​-​ក្រុង​ឱ្យ​បាន​ច្រើន ពីព្រោះ​ទាល់តែ​យើង​មាន​បរិមាណ​ហើយ​ទើប​រក​ឃើញ​គុណភាព ។ ត្រូវ​បំផុស​ចលនា​កីឡា​តេ​ក្វា​ន់​ដូ​W.T.F​បន្ត​ទៀត​ដើម្បី​ទាក់ទាញ​កុមា​រា​-​កុមារី ដែល​ជា​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ចូលរួម​ហ្វឹកហាត់​ឱ្យ​បាន​ច្រើន ក្នុង​នោះ​បណ្ឌិត្យសភា​តេ​ក្វា​ន់​ដូ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ក៏​បាន​ជួយ​ជ្រោមជ្រែង​ផង​ដែរ ។ លោក​រដ្ឋមន្ត្រី​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វា​ន់​ដូ បញ្ជាក់​ថា កីឡា​តេ​ក្វា​ន់​ដូ​ស្ទីល​W.T.F របស់​កូរ៉េ​ខាងត្បូង គឺជា​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក ។

លោក​ឧត្តមសេនីយ៍ឯក នួន ភា អតីត​ប្រធាន​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​អាណត្តិ​ចាស់ និង​ជា​អ្នកមាន​ស្នាដៃ​ល្អ​ក្នុង​ការ​ដឹកនាំ​គ្រួសារ​W.T.F និង​I.T.F​កន្លង​ទៅ​ត្រូវ​បាន​តែងតាំង​ភ្លាម​ៗ​ជា​ប្រធានកិត្តិយស​របស់​សហព័ន្ធ​W.T.F​និង​ស្ថាប័ន​World Taekwondo Headquaters(KUKKIWON)​និង​ទទួល​វិញ្ញាបនបត្រ​កិត្តិយស ព្រមទាំង​បំពាក់​ខ្សែក្រវាត់​ខ្មៅ​៦​ដាន់​ជូន​ដល់​លោក​ផង​ដែរ ។

ដោយឡែក​មន្ត្រីជាន់ខ្ពស់​តេ​ក្វា​ន់​ដូ​W.T.F ៥​នាក់ និង​គ្រូបង្វឹក​ម្នាក់​បាន​ទទួល​មេដាយ​ការងារ​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​គឺ
ទី​១-​លោក​ឧត្តមសេនីយ៍ឯក​នួន ភា
ទី​២-​លោក​ជ្រិ​ន សុធា
ទី​៣- លោក​គង់ ស​ក្ខិ​ដា
ទី​៤-​លោក​ជាតិ ខេមរា
ទី​៥-​លោក​ឃឹម ស​ត្ថា និង លោក​ឆ​យ យ៉ុ​ង​សុខ ជា​គ្រូបង្វឹក ។ ចំណែក​សហព័ន្ធ​តេ​ក្វា​ន់​ដូ​ស្ទីល I.T.F នៅ​មិន​ទាន់​ធ្វើ​មហាសន្និបាត​រើស​ក្បាលម៉ាស៊ីន​ដឹកនាំ​នៅឡើយ​ទេរ​ហូត​មក​ដល់​ពេល​នេះ ៕