តេក្វាន់ដូ កំណត់​ទិស​ដៅពង្រឹង​សក្តានុពល ក្រោយ​ផ្លាស់​ប្តូរ​ប្រធានថ្មី

ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ បាន​កំណត់​ទិស​ដៅសំខាន់ៗ​ចំនួន​១៣​ចំណុច ដើម្បី​ពង្រឹង​​សក្តានុពល​របស់​ខ្លួន ​​ក្នុង​អាណត្តិទី​៥ ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០​ បន្ទាប់​ពី​សហព័ន្ធ​នេះ បាន​ផ្លាស់​ប្តូរ​ប្រធាន​​​​តាម​រយៈ​ការ​​ជ្រើស​រើស​លោក ហង់​ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ធ្វើ​ជា​ប្រ​ធាន និង​បាន​​តែង​តាំង​​ប្រធាន​ចាស់​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ នួន ភា​ ​ឲ្យ​ធ្វើ​ជា​ប្រធាន​កិត្តិយស​វិញ​ម្តង​នោះ។

taekwan-001

ការ​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុងមហាសន្និបាត​ខេមបរសហព័ន្ធ​តេក្វាន់ដូ​អាណត្តិទី​៤(ឆ្នាំ​២០១១-ឆ្នាំ​២០១៥) និង​បន្ត​អាណត្តិ​ទី​៥(ឆ្នាំ​២០១៦-ឆ្នាំ​២០២០) ​នៅទី​ស្នាក់​ការ NOCC កាល​ពី​ថ្ងៃ​អាទិត្យ ​ម្សិល​មិញ។ ចំណែក​លោក ​ជ្រិ​ន សុធា និង លោក​ ហែម សំណាង ​បាន​ជាប់​ឆ្នោតធ្វើ​​ជា​អនុប្រធាន លោក ​គង់ ស​ក្ខិ​ដា ​បន្ត​​ធ្វើ​​ជា​អគ្គលេខាធិការ ​ហើយ​​លោក​ជា សា​រ៉ា​ត ជា​អគ្គលេខាធិការរង លោក​ ជាតិ ខេមរា ​ជា​អគ្គ​ហេរញ្ញិក រួមជាមួយ​សមាជិក​ចំនួន​៥​រូប​​ទៀត​គឺមាន​​លោក ​ឃឹម ស​ត្ថា លោក ​សំ សុខ​យី កញ្ញា​ ច័ន្ទ មិថុនា លោក​ ឌឿ​ន សុខ​ជា និង លោក ​ផន សុភា ។​

taekwan-003taekwan-002

ចំពោះ​​ទិស​ដៅ​សំខាន់​ទាំង​​១៣ចំណុច ដែល​ខេមរសហព័ន្ធតេក្វាន់ដូ ត្រូវ​​ធ្វើ និង​អនុវត្ត​ឲ្យ​បាន​សម្រាប់​អាណត្ត​ថ្មី​មាន​ដូច​ខាង​ក្រោម៖

១/.បង្កើន​ការងារ​ប្រជុំ និង​ការ​យក​ចិត្ត​ទុក​ដាក់​​ត្រួត​ពិនិត្យ​ជាមួយបណ្តា​​ក្លិប​ជា​សមាជិក​យ៉ាង​តិច​៤​ដង​ក្នុង​១​ឆ្នាំ
២/. ជំរុញ​ឲ្យ​មាន​វគ្គ​សិក្ខាសាលា​គ្រូ​បង្វឹក-អាជ្ញាកណ្តាល​ យ៉ាង​តិច​៤​ដង​ក្នុង​១​ឆ្នាំ
៣/. ជំរុញ​ឲ្យ​គ្រូ​បង្វឹក អាជ្ញាកណ្តាល​ទៅ​ហាត់​នៅ​ក្រៅ​​ប្រទេស យ៉ាង​តិច​២​នាក់​ក្នុង​១​ឆ្នាំ
៤/. បង្កើន​អាជ្ញាកណ្តាល​អន្តរជាតិ ចាប់​ពី​ឆ្នាំ​២០១៦​ទៅ
៥/. ពង្រឹងអាជ្ញាកណ្តាល​អន្តរជាតិ​ក្នុង​ការ​ចូល​រួម​វគ្គ​បំប៉នបន្ថែម​នៅ​ក្រៅ​ប្រទេស
៦/. ពង្រឹង​ការ​ប្រឡង​ខ្សែ​ក្រវាត់​ខ្មៅដាន់ KUKKIWON ឲ្យ​បាន​៤ដង​ក្នុង​១​ឆ្នាំ
៧/. បង្កើន​ការ​ប្រកួតទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​​ជា​រៀង​រាល់​ឆ្នាំ
៨/. រៀបចំ​បណ្តុះ​ថ្នាល និង​ធ្វើ​ការ​ប្រកួត​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ(U12) U14 U18 និង​អាយ​១៨​ឆ្នាំ​ឡើង
៩/. ត្រៀម​បញ្ជូល​អត្ត​ពលិក​ទៅ​​ហាត់​នៅ​ក្រៅ​​ប្រទេស
១០/. ត្រូវ​បញ្ជូល​អត្តពលិក​ទៅ​ប្រកួត​ជម្រុះ​អូឡាំ​ពិក ឆ្នាំ​២០១៦ នៅ​ហ្វីលីពីន
១១/. បង្កើន និង​គ្រប់​គ្រង​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ប្រើ​ប្រាស់​ឲ្យ​មាន​តម្លា​ភាព និង​សម​ស្រប
១២/.បង្កើន​ប្រព័ន្ធ​ផ្សាយ​ផ្នែក​បច្ចេក​វិទ្យា ឲ្យ​បាន​ទូលំ​ទូឡាយ​ និង​មាន​ដំណើរ​ការ​ល្អ
១៣/. ​បង្កើន​ទំនាក់​ទំនង​ល្អ​ជាមួយស្ថាប័ន​រដ្ឋ ឯក​ជន និង​អង្គការអន្តរជាតិនានា។