២០១៥-២០១៦ ខុនដូ កើន​ឡើង​ខ្លាំង តែ​លក់​ចេញ​យឺត​ ខុនដូ​ប្រភេទ​A


២០១៥-២០១៦ ខុនដូ កើន​ឡើង​ខ្លាំង តែ​លក់​ចេញ​យឺត​ ខុនដូ​ប្រភេទ​A

ក្រុម​អ្នក​ជំនាញ​ធ្វើ​ការ​លើ​ផ្នែក​អចលនទ្រព្យ​បាន​ទទួល​ស្គាល់​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សន្ទុះ​នៃ​ការ​សាងសង់​ខុនដូ​​កើន​ឡើង​យ៉ាង​គំហុក​ ដោយសារ​តែ​ការ​ត្រៀម​សមាហរណកម្ម​អាស៊ាន ប៉ុន្ដែ វិស័យ​មួយ​នេះ​អាច​ប្រឈម​តិចតួច​ជាពិសេស​ខុនដូ​ប្រភេទ​ A ហើយ​ប្រភេទ B និង C មិន​មាន​បញ្ហា​នោះទេ គឺ​លក់​ដាច់​មួយ​ៗ​នៅ​ឆ្នាំ​ ២០១៦​។

 

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Mekong បាន​ប្រាប់ Sabay ថា គេ​បែង​ចែក​វិស័យ​ខុន​ដូ ជាបី គឺ​ប្រភេទ​ A B និង C។​
-ខុនដូ​ប្រភេទ​A មាន​តម្លៃ​ពី ៣០ម៉ឺន​ដុល្លារ​ឡើង​ទៅ

-ខុនដូ​ប្រភេទ​B មាន​តម្លៃ​ចន្លោះ​ពី ១០-២០ ម៉ឺន​ដុល្លារ

-ខុនដូ​ប្រភេទ​C មាន​តម្លៃ​ចាប់​ពី ១១ ម៉ឺន​ដុល្លារ ចុះ​ក្រោម។

 

នៅ​ក្នុង​ឆ្នាំ ២០១៦ នេះ​ ខុនដូ​ ប្រភេទ​ A អាច​នឹង​រង​ផល​ប៉ះពាល់​ គឺ​ការ​លក់​ចេញ​លំបាក​ ប៉ុន្ដែ ខុនដូ​ប្រភេទ B និង C លក់​ដាច់​មួយ​ៗ មិន​ជា​បញ្ហា​ចោទ​អ្វី​នោះ​ទេ។ លោក ច្រឹក សុខនីម និយាយ។

 

២០១៥-២០១៦ ខុនដូ កើន​ឡើង​ខ្លាំង តែ​លក់​ចេញ​យឺត​ ខុនដូ​ប្រភេទ​A

 

 

ផ្អែក​តាម​របាយការណ៍​ពី​ក្រសួង​​​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់ បាន​បង្ហាញ​ថា ទុន​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​​ឆ្នាំ2015 មានតម្លៃ​​ ៣ ៣៣៨ ​លាន​ ដុល្លារ​អាមេរិក ដែល​ចំនួន​នេះ​គឺ​​​កើន​ឡើង ៣៣.១៤% បើ​ធៀប​នឹង​​ឆ្នាំ ២០១៤។ ការ​ស្ទុះ​ឡើង​តម្លៃ​ទុន​វិនិយោគ​វិស័យ​សំណង់​កាល​ពី​ឆ្នាំ​ 2015 គឺ​​ដោយ​សារ​នយោបាយ​ក្នុង​ស្រុក​មាន​ស្ថិរ​ភាព​ល្អ​ប្រសើរ ព្រម​ជា​មួយ​នឹង​កំណើន​អ្នក​វិនិយោគ និងភ្ញៀវ​ទេសចរ​ដ៏​ច្រើន។

 

លោក យឿន សេរីវ៉ាត់ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុម​ហ៊ុន​អចលនទ្រព្យ​នៃ​ក្រុម​ហ៊ុន​ឡាន​ ប្រផឹធី អិលធី និយាយ​ដែរ​ថា ក្នុង​អំឡុង​ឆ្នាំ ២០១៥-២០១៦ នេះ គឺ​វិនិយោគិន​បាន​សម្រុក​សាងសង់​ខុនដូ គ្រា​ដែល​ប្រទេស​កម្ពុជា​ត្រៀម​សមាហរណកម្ម​អាស៊ាន។ “ឆ្នាំ​មុន​និង​ឆ្នាំ​នេះ ខុនដូ​កើត​ឡើង​ច្រើន​តែ​ឆ្នាំ​ក្រោយ​ៗ នឹង​មាន​ល្បឿន​យឺត ប៉ុន្តែ​ជា​ឆ្នាំ​លក់​ចេញ​វិញ”។

 

ចំពោះ​ផល​ប៉ះពាល់​ លោក​បាន​សង្កត់​ធ្ងន់ធ្ងរ​ថា ដីធ្លី​ ផ្ទះ​ល្វែង​ ឆ្នាំ​២០១៦ អាច​នឹង​មាន​ផលប៉ះ​ពាល់​ខ្លះៗ ព្រោះ​ដីធ្លី និង ផ្ទះ​ល្វែង​ភាគច្រើន​ អ្នក​ទិញ​ គឺ​ពលរដ្ឋ​កម្ពុជា ទិញ​ស្នាក់​នៅ ទិញ​ទុក​លក់​ជាដើម ហើយ​ពួកគេ​នឹង​រារែក​ទិញ-លក់​ពី​ពេល​នេះ ព្រោះ​បារម្ភ​ស្ថានភាព​នយោបាយ​ (ការបោះឆ្នោត​ឃុំ​សង្កាត់​ ២០១៧) ដូច្នេះ​ពួកគេ​នឹង​ផ្អាក​នៃ​ការ​ទិញ​-លក់ ប៉ុន្តែ មិន​ប្រឈម​ធ្ងន់ធ្ងរ​នោះ​ទេ។ ឯ​វិស័យ​ខុន​ដូ​ខុស​ពី​បញ្ហា​ដីធ្លី និង ផ្ទះ​ល្វែង គឺ​អ្នក​ជួល និង ទិញ​ ជា​ជន​បរទេស​ ដូច្នេះ អតិថិជន​ខុស​គ្នា ម៉្លោះ​ហើយ​វិស័យ​មួយ​នេះ​មិន​រង​ផល​ប៉ះពាល់​នោះ​ឡើយ។

 

មនុស្ស​សម័យ​ថ្មី ក៏ដូចជា បរទេស​ភាគច្រើន​និយម​រស់​នៅ​ខុនដូ។ ការ​រស់​នៅ​​​ខុនដូ មាន​អត្ថប្រយោជន៍​ច្រើន គឺ​វា​មាន​សុវត្ថិភាព ​ដោយ​អ្នក​រស់នៅ​ក្នុង​ខុនដូ​មិន​ចាំបាច់​ខ្វល់ខ្វាយ​ច្រើន​រឿង​សន្តិសុខ​ព្រោះ​គេ​មាន​សន្តិសុខ​យាម និង​មាន​កាមេរ៉ា​សុវត្ថិភាព​នៅ​គ្រប់​ទីកន្លែង​ព្រមទាំង​មាន​ចំណត​រថយន្ត​ត្រឹមត្រូវ។ ជាង​នេះ​ទៅ​ទៀត​គឺ​គេ​មិន​បារម្ភ​រឿង​ទឹក​លិច​ឬ​ភ្លើង​ដាច់ ហើយក៏​មិន​ពិបាក​ក្នុង​ការ​ថែទាំ​អនាម័យ​ក្នុង​បន្ទប់ ព្រម​ទាំង​មាន​បរិយាកាស​ល្អ​ដែល​ធ្វើឲ្យ​អ្នក​រស់​នៅ​​មាន​អារម្មណ៍​ស្រស់ស្រាយ​​៕

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា