ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រធានាធិបតី​អា​មេ​រិ​ក និង​អីុ​រ៉​ង់​កាលពី​ថ្ងៃ​ទី​១៧ មក​រា បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​ចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់ ក៏​ប៉ុន្តែ​ទណ្ឌកម្ម​ថ្មី​ៗ​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ត្រូវ​ដាក់​លើ​សំណុំរឿង​មួយទៀត ។

ប្រធានាធិបតី​អីុរ៉​ង់ លោក​ហា​សាន់ រ៉ូ​ហា​នី លើក​ឡើង​ពី​ការ​បើក​ទំព័រ​ថ្មី​មួយ​រវាង​អីុ​រ៉​ង់ និង​សហគមន៍​អន្តរជាតិ បន្ទាប់​ពី​ការ​លុប​ចោល​ទណ្ឌកម្ម​ភាគច្រើន​ទាក់ទិន​នឹង​កម្មវិធី​នុយក្លេអ៊ែរ​អីុរ៉​ង់ ។

ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា វិញ បាន​អំពាវនាវ​ដល់​អីុរ៉​ង់​ឱ្យ​បង្កើត​ទំនាក់ទំនង​ថ្មី​ៗ​ជាមួយ​ពិភពលោក ដោយ​លោក​សរសើរ​ចំពោះ​ការ​រីក​ចម្រើន​ជា​ប្រវត្តិសាស្ត្រ​ទាំងឡាយ​ដែល​សម្រេច​បានជា​មួយ​ក្រុង​តេ​ហេ​រ៉​ង់ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។

ការ​ខិតចូល​ជិត​គ្នា​រវាង​ប្រទេស​ទាំង​២​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​អ្នកទោស​គ្នា​១១​នាក់ ក្នុង​នោះ​មាន​អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍ លោក JASON REZAIAN ដែល​ជាប់​ឃុំឃាំង​រយៈពេល​ជាង​៥០០​ថ្ងៃ​រួច​មក​ហើយ នៅ​អីុ​រ៉​ង់ និង​ការ​ដោះ​លែង​ដោយ​ឆាប់រហ័ស​នូវ​ទាហានជើងទឹក​អា​មេ​រិ​ក​១០​នាក់ ដែល​វង្វេង​ចូល​ដែនទឹក​អីុ​រ៉​ង់ ។

ទោះបី​មានការ​ខិតចូល​ជិត​គ្នា​គួរ​ឱ្យ​កត់សម្គាល់​បែប​នេះ​ក្តី លោក​អូ​បា​ម៉ា នៅ​ផ្តោត​លើ​ទំនាស់​យ៉ាង​ជ្រៅ​នានា ដែល​កើត​មាន​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​តេ​ហេ​រ៉​ង់ ហើយ​លើក​ឡើង​ពី​ឥរិយាបថ​បង្ក​អ​ស្ថេ​រ​ភាព​របស់​អីុ​រ៉​ង់ ដោយ​លោក​រៀបរាប់​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ឬ​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​អីុ​រ៉​ង់ ។

ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​១៧ មក​រា របស់​រតនាគារ​អា​មេ​រិ​ក​ពី​ទណ្ឌកម្ម​ថ្មី​ៗ​ប្រឆាំង​ក្រុង​តេ​ហេ​រ៉​ង់​ទាក់ទិន​នឹង​កម្មវិធី​នេះ​ហាក់​បង្ហាញ​ថា ការ​ពុំ​ជឿ​ទុកចិត្ត​គ្នា​នៅ​តែ​មាន​រវាង​ប្រជាជាតិ​ទាំង​២ ដែល​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​នឹង​គ្នា​រយៈពេល​៣៥​ឆ្នាំ​មក​ហើយ ។

មុន​ការ​ប្រកាស​ពី​ទណ្ឌកម្ម​ថ្មី​ទាំងនេះ​ដែល​សំដៅលើ​ជនជាតិ​អីុរ៉​ង់​៥​នាក់ និង​បណ្តាញ​សហគ្រាស​មួយ​មាន​មូលដ្ឋាន​នៅ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម និង​ចិន ប្រធានាធិបតី​អីុរ៉​ង់​បាន​ព្រមាន​ថា ប្រសិនបើ​អា​មេ​រិ​ក​ចាត់វិធានការ​បែប​ណាមួយ​នោះ​គេ​នឹង​ទទួល​ការ​ឆ្លើយ​តប​វិញ​ដោយ​សម​ស្រប ។

បន្ទាប់​ពី​ការ​សម្រេចចិត្ត​នេះ បន្តិច​របស់​ក្រសួង​រតនាគារ​អា​មេ​រិ​ក​ប្រមុខ​ការទូត​អា​មេ​រិ​ក លោក​ច​ន ឃ័​រ​រី ហាក់ដូចជា​រំងាប់​ដោយ​ប្រកាស ពី​ការ​សង​ប្រាក់​ឱ្យ​អីុ​រ៉​ង់​ចំនួន​១,៧​ពាន់​លាន​ដុល្លារ ជា​ប្រាក់​បំណុល និង​ការ​ប្រាក់​ចាប់តាំងពី​បដិវត្តន៍​អ៊ិ​ស្លា​ម​ឆ្នាំ​១៩៧៩ ដែល​បញ្ចប់​របប​អីុ​រ៉​ង់​គាំទ្រ​ដោយ​សហរដ្ឋ​អា​​មេ​រិ​កមក ។

ការ​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​១៦ មក​រា នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៥ សំដៅ​ធានា​លក្ខណៈ​សន្តិភាព​ពិតប្រាកដ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​អីុ​រ៉​ង់​ជា​ថ្នូរ​នឹង​ការ​លុប​ចោល​បណ្តា​ទណ្ឌកម្ម​ដែល​ធ្វើ​ឱ្យ​ស្ទះ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ដែល​ជា​ប្រទេស​សម្បូរ​ប្រេងកាត​ធំ​ទី​៤​លើ​ពិភពលោក និង​សម្បូរ​ឧស្ម័ន​ធម្មជាតិ​ទី​២ ។

កិច្ចព្រមព្រៀង​នេះ​រវាង​អីុ​រ៉​ង់ និង​បណ្តា​ប្រទេស​មហាអំណាច​ដែល​បញ្ចប់​ភាព​តានតឹង​រយៈពេល​ជាង​១៣​ឆ្នាំ​មក​ហើយ ត្រូវ​បាន​លោក​អូ​បា​ម៉ា និង​លោក​រ៉ូ​ហា​នី ចាត់ទុកជា​ជោគជ័យ​ចម្បង​មួយ ក៏​ប៉ុន្តែ​ក៏​មានការ​រិះគន់​ក្នុង​ប្រទេស​ទាំង​២ និង​ក្នុង​ប្រទេស​ឯទៀត​ផង​ដែរ ។ ការ​ជំរុញ​ការ​ខិតចូល​ជិត​គ្នា​រវាង​អីុ​រ៉​ង់ និង​សហរដ្ឋ​អា​មេ​រិ​ក​ធ្វើ​ឱ្យ​បណ្តា​សម្ព័ន្ធមិត្ត​ជា​ប្រពៃណី​របស់​អា​មេ​រិ​ក​ក្នុង​តំបន់​ពិសេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​អីុ​ស្រា​អែ​ល មានការ​ព្រួយបារម្ភ ព្រោះ​ខ្លាច​ការ​ពង្រីក​ឥទ្ធិពល​របស់​អីុ​រ៉​ង់​ស៊ី​អីុ​ត ។

ទោះបី​យ៉ាងណា ប្រធានាធិបតី​អីុ​រ៉​ង់​ចង់​ធានា​ថា បណ្តា​សត្រូវ​របស់​អីុ​រ៉​ង់​ពុំ​ត្រូវ​ព្រួយបារម្ភ​ឡើយ ព្រោះ​អីុ​រ៉​ង់​ពុំ​គំរាមកំហែង​ប្រទេស​ណាមួយ​ឡើយ ។

ការ​ចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​នេះ ញ៉ាំង​ឱ្យ​មានការ​លុប​ចោល​ទណ្ឌកម្មសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប សហរដ្ឋ​អា​មេ​រិ​ក និង អ​.​ស​.​ប ជាមួយ​ការ​អនុវត្ត​ភ្លាម​ៗ ។ នា​ថ្ងៃ​ទី​១៧ មក​រា ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បាន​លុប​ចោល​ធនាគារ​អីុ​រ៉​ង់​មួយ​ចេញពី​បញ្ជីខ្មៅ អ​.​ស​.​ប ដែល​ធនាគារ​នេះ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នោះ​ចាប់តាំងពី​ឆ្នាំ​២០០៧​មក ។ ចំពោះ​ការ​ហ៊ុម​ព័ទ្ធ​អាវុធ​ធម្មតា​ប្រឆាំង​អីុ​រ៉​ង់​នៅ​រក្សា​ទុក​រហូត​ដល់​ឆ្នាំ​២០២០ និង​មី​ស៊ី​ល​បាលី​ស្ទិ​ករ​ហូត​ដល់​ឆ្នាំ​២០២៣ ៕