ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ក្រុង​សេ​អ៊ូ​ល​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨ មក​រា ថា កូរ៉េ​ខាងជើង​បាន​បញ្ជូន​ខិត្តប័ណ្ណ​ជិត​១​លាន​សន្លឹក​មក​កាន់​កូរ៉េ​ខាងត្បូង កាលពី​ស​ប្តា​ហ៍​មុន ដែល​នេះ​ជា​ការ​បង្កើន​ថ្មី​មួយ​នៃ​សង្គ្រាម​ឃោសនា​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤​របស់​ក្រុង​ព្យុ​ង​យ៉ាង​មក ។

ខិត្តប័ណ្ណ​ឃោសនា​ទាំងនេះ​ដែល​បញ្ជូន​ឆ្លងកាត់​ព្រំដែន​រួម​តាម​បាល់​ឡុ​ង​ហោះ​ហាក់ដូចជា​ការ​តបត​វិញ​ចំពោះ​ការ​ផ្សាយ​កម្មវិធី​ឃោសនា​របស់​កូរ៉េ​ខាងត្បូង​តាម​រយៈ​ប្រដាប់​បំពង​សំឡេង​យក្ស​ទាំងឡាយ​តម្រង់​មុខ​ឆ្ពោះទៅ​កូរ៉េ​ខាងជើង ។

កូរ៉េ​ខាងជើង​បាន​តបត​វិញ​រួច​ហើយ ចំពោះ​កម្មវិធី​ឃោសនា​ចិត្តសាស្ត្រ​ទាំងនេះ​របស់​កូរ៉េខាងត្បូង​តាម​រយៈ​ការ​ចាក់​លាយ​បញ្ចូល​គ្នា​នូវ​បណ្តា​បទ​ចម្រៀង​ប៉ុប​កូរ៉េ​ខាងត្បូង និង​សារ​នយោបាយ​នានា ដោយ​ដាក់​ប្រដាប់​បំពង​សំឡេង​ផ្សាយ​កម្មវិធី​ឃោសនា​តប​ក្រុង​សេ​អ៊ូ​ល​វិញ ។ ក៏​ប៉ុន្តែ​ដោយសារ​ក្រុង​សេ​អ៊ូ​ល​មាន​បច្ចេកវិទ្យា​ខ្ពស់​ជាង​ក្រុង​ព្យុ​ង​យ៉ាង ទើប​មាន​ប្រៀប​ជាង​ក្នុង​ការ​ឃោសនា​បែប​នេះ ។ វិធីសាស្ត្រ​សង្គ្រាមចិត្តសាស្ត្រ​នេះ​មាន​តាំងពី​សតវត្ស​នៃ​ជម្លោះ​ចំហ​រវាង​កូរ៉េ​ទាំង​២ (១៩៥០-១៩៥៣)​។

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៨ មក​រា ថា បណ្តា​ខិត្តប័ណ្ណ​ត្រូវ​បាន​បញ្ជូន​មក​រាល់ថ្ងៃ​ដោយ​កូរ៉េ​ខាងជើង ហើយ​វាយតម្លៃ​ថា មាន​ចំនួន​ប្រមាណ​ជា​ក្បែរ​១​លាន​សន្លឹក​រយៈពេល​១​ស​ប្តា​ហ៍ ។ ខិត្តប័ណ្ណ​ភាគច្រើន​គេ​ឃើញ​នៅ​ជិត​ព្រំដែន​ក្នុង​ខេត្ត GYEONGGI តែ មួយ​ចំនួន​ធ្លាក់​រហូត​ដល់​ក្រុង​សេ​អ៊ូ​ល​។ កូរ៉េ​ខាងជើង​មាន​បាល់​ឡុ​ង​ហោះ​កៅស៊ូ​មាន​ឧបករណ៍​កំណត់ពេល​ម៉ោង​ផ្ទុះ ហើយ​ពេល​ផ្ទុះ​បាល់​ឡុ​ង​ទាំងនេះ រោយ​ខិត្តប័ណ្ណ​ទាំងឡាយ ។ កាលពី​ស​ប្តា​ហ៍​មុន​ខិត្តប័ណ្ណ​មាន​ប្រមាណ​ជា​ជិត​១០.០០០​សន្លឹក​ក្នុង​បាល់​ឡុ​ង​មួយ​មិន​ផ្ទុះ​លើ​មេឃ​តែ​ផ្ទុះ​លើដំបូល​រថយន្ត​មួយ​គ្រឿង ៕