ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រា​ជ​ធានី​ភ្នំពេញ​ ៖ ​កម្លាំង​នគរ​បាល​​ព្រហ្មទណ្ឌ​​ខណ្ឌដង្កោ​ បាន​​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដីកា​សាលាដំបូងរាជធានី​ភ្នំពេញ ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស បន្ទាប់​ពី​ជនសង្ស័យ​​រូប​នេះ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​​បង​ស្រី​​ជីដូនមួយ​របស់​ខ្លួន ​ហើយ​បាន​រត់​​គេ​ចខ្លួន​អស់​រយៈពេល​ជិត​១​ឆ្នាំ​កន្លង​មក​ហើយ រហូត​ដល់​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី១៧ ខែមករា ឆ្នាំ​២០១៦ ទើប​ចាប់ខ្លួន​បាន នៅ​តាម​ផ្លូវ​បេតុង​ ស្ថិត​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​ រួច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង ។​

ជនសង្ស័យ​​​ឈ្មោះ កើត ប្រាកដ ​ហៅ​ឡា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦៧ ផ្លូវ​បេតុង ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ស៊ុន សោភា ភេទ​ស្រី អាយុ​២៦​ឆ្នាំ ​ជា​​បុគ្គលិក​ក្រុមហ៊ុន​លក់​រថយន្ត ​​ស្នាក់​នៅ​ផ្ទះ​ក្បែរ​ជនសង្ស័យ​​ ​ត្រូវជា​បង​ជីដូនមួយ​​ជនសង្ស័យ​​ ។​ បាត់បង់​ទ្រព្យសម្បត្តិ​មួយ
ចំនួន​ធំ​ ​រួម​មាន​​ ចិញ្ចៀន ខ្សែ​.ក ខ្សែដៃ ក្រវិល ទូរស័ព្ទ​ដៃ និងកុំព្យូទ័រ សរុប​ទឹកប្រាក់​ប្រមាណ​ជាង៥.០០០​ដុល្លា​រ​អាមេរិក ដែល​​ទុក​នៅ​ក្នុង​ប្រអប់​គ្រែ ​ក្រោយ​ពី​លួច​បាន​ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោលដោយ​បន្សល់​ទុក​​ខោ​ខូ​ប៊​យ ព​ណ៍​ខៀវ កាត់​ជើង​ខ្លី​១​ ​កាលពី​វេលា​ម៉ោង​១១និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២៧ ​មីនា ​​២០១៥ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ស្ត្រី​ម្ចាស់ផ្ទះ​បាន​ទៅ​ធ្វើការ ដោយ​បិទទ្វារ​ផ្ទះ​ចាក់សោ​ចោល ខណៈនោះ​ជនសង្ស័យ​បាន​លួច​ចូល​ទៅ​ពួន​សម្ងំ​នៅ​ខាងក្នុង​ផ្ទះ​​ជា​ស្រេច​ រួច​​ធ្វើ​សកម្មភាព​រើ​កកាយ​នៅ​ក្នុង​បន្ទប់​នោះ លួច​យក​ទ្រព្យសម្បត្តិ​​អស់​គ្មាន​សល់ ​​។

ចំណែក​ជន​រង​គ្រោះ​ក្រោយ​ពេល​ដឹង​ថា បាត់បង់​ទ្រព្យសម្បត្តិ​ ក៏​​​បាន​ទៅ​​​ប្ដឹង​ប៉ូលិសឲ្យ​ជួយ​អន្តរា​គម​ន៏ និង​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ​ហើយ​ប៉ូលិស​បាន​ស្រាវជ្រាវ​កំណត់​បាន​មុខសញ្ញាជនសង្ស័យ​ម្នាក់​នេះ ប៉ុន្តែ​ពេល​នោះ​ ជន​សង្ស័យ​រូប​​នេះ​បាន​រត់​​គេចខ្លួន​បាត់​ ទើប​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​ចាប់ខ្លួន​លេខ​០០៤ អ​.​យ​.​ឈ ចុះ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៦ ដោយ​លោក កុ​ល បុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ​រហូត​​ពេល​នេះ​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាននាំ​ទៅ​​​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​​ ចាត់​ការ​តាមច្បាប់ ​៕