គ.ជ.បគ្រោងចុះឈ្មោះបោះឆ្នោត​ ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ជាផ្លូវការ នៅថ្ងៃ១ ឧសភា

ភ្នំពេញ៖ លោកបណ្ឌិត ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៦នេះ បានថ្លែងថា គ.ជ.បគ្រោងនឹងចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ឆ្នាំ២០១៧ ជាផ្លូវការនៅថ្ងៃទី ១ ខែឧសភា។

ការប្រកាសរបស់លោកបណ្ឌិតហង្ស ពុទ្ធា នេះបានធ្វើឡើងបន្ទាប់ គ.ជ.ប បានធ្វើការជ្រើសរើសលោកទេព នីថា ឲ្យកាន់ដំណែងជាអគ្គលេខាធិការ និងមន្រ្តី៤រូបទៀតជាអគ្គលេខាធិការរងគ.ជ.ប កាលពីថ្ងៃទី១៥  មករា ។

លោកបណ្ឌិត ហង្ស ពុទ្ធា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀលនេះថា " គ.ជ.បគ្រោងនឹងរៀបចំការចុះឈ្មោះផ្លូវការនៅទូទាំងប្រទេសនៅថ្ងៃទី ១ ខែ ៥(ខែឧសភា) គឺ រយៈពេល៣ខែ គឺខែ ៥ ខែ៦ ខែ ៧ ហើយបន្ទាប់ពីហ្នឹងទៅគ.ជ.បនឹងទុករយៈពេលចំនួន២ខែ  ដើម្បីដោះស្រាយរាល់បណ្ដឹង ឬក៏ការតវ៉ាទាំងឡាយ។បន្ទាប់ពី២ខែទៅ គ.ជ.បនឹងផលិតបាននូវបញ្ជីចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ"។

គួរបញ្ជាក់ថា គ.ជ.ប នឹងបើកកិច្ចប្រជុំ ពិគ្រោះយោបល់ លើសេចក្ដីព្រាង បទបញ្ជា និងនីតិវិធី សម្រាប់ ចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំ បញ្ជីបោះឆ្នោតថ្មី សម្រាប់ឆ្នាំ ២០១៦ នៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ រយៈពេល១ថ្ងៃ នាសាលប្រជុំភោជនីយដ្ឋានទន្លេបាសាក់២ (ក្បែរស្ពានអាកាសក្បាលថ្នល់) រាជធានីភ្នំពេញ៕