ក្រុមការងារ​ចំពោះ​កិច្ច​គណបក្ស​ទាំងពីរ ជួបគ្នា​ជាថ្មី​នៅ​ព្រឹក​ថ្ងៃទី​១៩​មករា បន្តពិភាក្សាលើ​​ច្បាប់​សហជីព​

ភ្នំពេញ: ​ក្រុមការងារ​ចំពោះ​កិច្ច នៃ​តំណាងរាស្ត្រ​គណបក្ស ដែលមាន​អាសនៈ ក្នុង​រដ្ឋសភា នឹង​ជួបប្រជុំ ជា​លើក​ទី​៣ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង ០៨:៣០ នាទី ដើម្បី​បន្ត​ពិភាក្សា និង​ផ្តល់យោបល់ លើ​សេចក្តីព្រាងច្បាប់ ស្តីពី សហជីព​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋសភា​។​

​សូម​រម្លឹកថា ចាប់តាំងពី​ដើមខែ​មករា ក្រុមការងារ​ចំពោះ​កិច្ច​គណបក្ស​ទាំងពីរ ដឹកនាំ​ដោយ​លោក ប៉ែន បញ្ញា បាន​ជួបប្រជុំគ្នា ២ លើក​រួចមកហើយ និង​បាន​ពិភាក្សា ដោះស្រាយ​បញ្ហា​របស់​សហជីព​កម្ម​ករ បាន​ចំនួន ៩ ចំណុច ក្នុងចំណោម​បញ្ហា​ដែល​សហជីព​កម្មករ​លើ​ក​ឡើង​ចំនួន ២១ ចំណុច​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៨​មករា​នេះ តំណាង​ថៅកែ​រោងចក្រ​កាត់ដេរ បាន​ជួប​ជាមួយនឹង​គណៈកម្មការ​ទី​៦ របស់​រដ្ឋសភា ដឹកនាំ​ដោយ​លោក ប៉ែន បញ្ញា ដើម្បី​លើកឡើង​ពី​កង្វល់​របស់​ក្រុម​ភាគី​ថៅកែ​រោងចក្រ​។ តំណាង​ថៅកែ​រោងចក្រ​កាត់ដេរ បានលើកឡើង​នូវ​សំណើ ៧ ចំណុច ដើម្បី​ស្នើ​ឲ្យ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​សហជីព ដែលមាន ១៧ ជំពូក និង ១០០ មាត្រា​៕​