អ្នកវិភាគ ស្នើ​ឲ្យ​លោក ម៉ម ប៊ុនហេង បើក​ការស្រាវជ្រាវ​លើ​វិស័យ​សុខាភិបាល​

លោក ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ដើម្បី​កុំ​ឲ្យប្រជាពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​លើ​វិស័យ​សុខាភិបាល និង​ក្នុងទិសដៅ​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​នោះ ក្រុមអ្នកវិភាគ បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បើក​ការស្រាវជ្រាវ​លើ​វិស័យ​មួយ​នេះ​។ ក្រុមអ្នកវិភាគ​ទាំងនោះ​យល់ថា បើ​លោក ម៉ម ប៊ុនហេង មិនអាច​ដោះស្រាយ​បញ្ហា​វិជ្ជាជីវៈ​គ្រូពេទ្យ​នេះ​បានទេ​នោះ លោក​គួរ​ពិចារណា​លាលែង​ពី​តំណែង ឬ​រដ្ឋាភិបាល​គួរតែ​ដូរ​រដ្ឋមន្ត្រី​សុខាភិបាល​ចេញ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​មានការ​ខ្លាចរអារ លើ​សេវា​សុខាភិបាល​ទៀត​។​

​មិនមែនជា​រឿង​ថ្មី​ឡើយ ដែល​បញ្ហា​សេវា​សុខាភិបាល​រង​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ទាំង​អ្នកមាន និង​អ្នកក្រ​ថា «​ខ្វះ​សីលធម៌​» គិតតែ​ពី​ប្រាក់ មិន​ខ្វល់​ពី​ស្ថានភាព​អ្នកជំងឺ​នោះ​។ អ្នកវិភាគ មើលឃើញថា បញ្ហា​នេះ​គឺ​មកពី​ការខ្វះ​សមត្ថភាព​របស់​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​។ លោក សូ ចន្ថា យល់ថា លោក ម៉ម ប៊ុនហេង គួរតែ​បើក​ការស្រាវជ្រាវ​លើ​វិស័យ​សុខាភិបាល ដែល​កំពុង​រង​ការរិះគន់​លើ​គ្រូពេទ្យ​ខ្វះ​វិជ្ជាជីវៈ​នេះ​ឲ្យ​បានច្បាស់លាស់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​អាច​ទទួលបាន​ការព្យាបាល ដោយ​ការយកចិត្តទុកដាក់​ខ្ពស់​ពី​គ្រូពេទ្យ​ចៀង​វាង​ការបាត់​បង់ជីវិត ដោយសារ​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល​ជំងឺ​។​

​លោក សូ ចន្ថា ដែល​មើលឃើញ​បញ្ហា​សុខាភិបាល​មានការ​ធ្លាក់ចុះ​គុណភាព​ជាច្រើន​ឆ្នាំ​មកហើយ​នោះ បានស្នើ​ឲ្យ​លោក ម៉ម ប៊ុនហេង លាលែង​ចេញពី​តំណែង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បើសិនជា​មិនអាច​ដោះស្រាយ​បញ្ហា​នេះ​បានទេ ។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បញ្ហា​សុខាភិបាល​ជាប​ញ្ហ​ចម្បង​ក្នុង​ផ្ដល់​សេវា​ព្យាបាល​ជូនទៅ​ពលរដ្ឋ​ជា​សាធារណៈ​ដោយ​យកចិត្តទុកដាក់ មិនមែន​ទាល់តែ​មាន​ប្រាក់​ទើប​យកចិត្តទុកដាក់​ទេ​។ ដូចនេះ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​លើកឡើង​ពី​រិះគន់​គុណភាព​សុខាភិបាល​ថា​ខ្សោយ​វិជ្ជាជីវៈ​នោះ​លោក ម៉ម ប៊ុនហេង គួរតែ​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់ លើ​បញ្ហា​នេះ​។ បើ​មិនអាច​កែទម្រង់​បានទេ លោក ម៉ម ប៊ុនហេង គួរតែ​លាលែង​ចេញពី​តំណែង ហើយ​ទុក​ឲ្យ​អ្នកថ្មី​មាន​សមត្ថភាព​ធ្វើ​កិច្ចការ​នេះ​»​។​

​លោក មាស នី ក៏​មើលឃើញ​បញ្ហា​ធ្លាក់ចុះ​គុណភាព​សុខាភិបាល​ដូច​លោក សូ ចន្ថា ដែរ​។ អ្នកវិភាគ​រូបនេះ យល់ថា ការធ្លាក់ចុះ​គុណភាព​វិស័យ​សុខាភិបាល ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ទំនុកចិត្ត និង​ខ្លាចរអា​ល​នេះ ក៏​ជា​ដើមចម​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ធ្លាក់​ប្រជាប្រិយភាព​ដែរ​។ លោក ថា វិស័យ​សុខាភិបាល​គ្មាន​ការរីកចម្រើន​អ្វី​សោះ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ម៉ម ប៊ុនហេង កន្លងមកនេះ តែ​បែ​ជាមាន​បញ្ហា​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ធ្លាក់ចុះ​គុណភាព​សេវា​សុខាភិបាល​ទៅវិញ ។

​លោក មាស នី ដែល​ធ្លាប់​ជួប​បញ្ហា​សេវា​សុខាភិបាល ផ្ទាល់​ដែរនោះ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​លោក ម៉ម ប៊ុនហេង ចេញពី​តំណែង ហើយ​ដាក់​អ្នកមាន​សមត្ថភាព​ធ្វើការ​កែទម្រង់​វិស័យ​សុខាភិបាល​នេះ​ឲ្យ​មាន​ភាពប្រសើរ​ឡើងវិញ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​រាប់លាន​នាក់ ដែល​កំពុង​ភ័យខ្លាច​លើ​សេវា​សុខាភិបាល​បច្ចុប្បន្ននេះ​។​

​លោក មាស នី បញ្ជាក់ថា​៖«​លោក ម៉ម ប៊ុនហេង គួរតែ​លាលែង​ពី​តំណែង​ទៅ ព្រោះ​គាត់​អសមត្ថភាព​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ដូចជា​ការឆ្លង​ជំងឺអេដស៍​នៅ​ភូមិ​រកា អ្នកស្លាប់​ដោយ​ខ្វះ​ការយកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ព្រោះ​គ្មាន​ប្រាក់​ព្យាបាល និង​អាកប្បកិរិយា​គំរោះគំរើយ​គ្រូពេទ្យ​ដែល​ពលរដ្ឋ​រិះគន់​កន្លងមក ក៏​មិន​អើពើរ​ដោះស្រាយ​មិន​ទទួលខុសត្រូវ ហើយ​បែរ​ចេញមក​ប្រកែក​ជានិច្ច​។​រដ្ឋាភិបាល​គួរ​ដូរ​អ្នកថ្មី​ជំនួស​គាត់​ទៅ ហើយ​ជ្រើស​អ្នក​ដែលមាន​សមត្ថភាព ហ៊ាន​ទទួលខុសត្រូវ​ព្រោះ​សេវា​សុខាភិបាល គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​ពលរដ្ឋ​»​។

​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​រិះគន់​សេវា​សុខាភិបាល​និង​គ្រូពេទ្យ​មួយចំនួន​ថា «​ខ្វះ​សីលធម៌​» ដែល​ត្រូវបាន​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​បានទាមទារ​ឲ្យ​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី សុំទោស​ជា​សាធារណៈ​ចំពោះ​ការអត្ថាធិប្បាយ​រិះគន់​របស់លោក​នេះ​។ ប៉ុន្ដែ​លោក គួច ម៉េង​លី បដិសេធ​មិន​សុំទោស​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ឡើយ​៕
កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​