លោក ញឹក ប៊ុនឆៃ ប្រកាន់ជំហរនៅជាមួយ ហ៊្វុនស៊ិនប៉ិច លុះគ្រាក្ស័យ

ភ្នំពេញ៖ អនុប្រធានទី២គណបក្សហ្វ៊ុនស៊ិនប៉ិចលោក ញឹក ប៊ុនឆៃបានអះអាងថា រូបលោកនឹង មិនចេញទៅណាទាំងអស់ទាំង ចូលទៅក្នុងគណបក្សប្រឆាំង និងគណបក្សកាន់អំណាចពោល គឺនៅរួមរស់នៅជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចរហូតដល់ថ្ងៃស្លាប់។

ការលើកឡើងរបស់លោក ញឹក ប៊ុនឆៃ បែបនេះត្រូវបានគេមើលឃើញថា បានកើតឡើងបន្ទាប់ពីព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានមានព្រះរាជបន្ទូលដោយមិនចំឈ្មោះ ប៉ុន្តែត្រូវបានគេដឹងថា សំដៅលើលោក ញឹក ប៊ុនឆៃ និងថ្នាក់ដឹកនាំមួយចំនួនទៀត កាលពីថ្ងៃទី១៦ មករាកន្លងទៅនេះ។

បន្ទូលរបស់ព្រះអង្គគឺជាចេតនាជំរុញឲ្យអ្នកគាំទ្រ និងស្រលាញ់របបរាជានិយមចាកចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច ប្រសិនបើគិតថា មិនអាចរួមរស់នៅក្រោមការដឹកនាំរបស់ព្រះអង្គបាន។ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៨ មករា នេះ នៅគេហដ្ឋានរបស់លោកនៅគល់ស្ពានជ្រោយចង្វា លោក ញឹក ប៊ុនឆៃ បានលើកឡើងថា “ការដែលលោកមិនព្រមចាកចេញទៅគណបក្សនយោបាយផ្សេង ឬបង្កើតគណបក្សដោយខ្លួនឯងនោះ ដោយសារតែរូបលោកគឺជាអ្នកចាប់ផ្តើមបង្កើតរណសិរ្ស ហ្វ៊ុនស៊ិនប៉ិច ហើយជាអ្នកតស៊ូលះបង់ដើម្បីហ្វ៊ុនស៊ិនប៉ិចរហូតមកដល់ពេលនេះ។ ទោះគណបក្សហ្វ៊ុនស៊ិនប៉ិចមានកៅអី មិនមានកៅអីតំណាងរាស្រ្តក្តី សម្រាប់ខ្លួនខ្ញុំគឺនៅតែជាមនុស្សរបស់ហ្វ៊ុនស៊ិនប៉ិចជានិច្ចដរាប។

លោកអនុប្រធានទី២បន្តថា “លោកនឹងចុះទៅមូលដ្ឋានផ្ទាល់នៅទូទាំង២៥រាជធានីខេត្តក្រុងក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចង់ជួបសកម្មជនថ្នាក់មូលទាំងអស់ និងឲ្យពួកគាត់បញ្ចេញមតិយោបល់ជុំវិញដំណើរការគណបក្សសព្វថ្ងៃថាតើពួកគាត់យល់ឃើញណានោះ”។

លោកបន្តថា គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងមិនអាចឈ្នះឆ្នោតបានទេ ប្រសិនបើការដឹកនាំសព្វថ្ងៃ នៅតែមិនទុកចិត្តគ្នា និងប្រកាន់បក្សពួកនៅក្នុងគណបក្សនោះ។

ចំពោះពាក្សចរចាមអារាមដែលមាការលើកឡើងថា លោកញឹក ប៊ុនឆៃ នឹងបង្កើតគណបក្សថ្មីមួយដោយខ្លួនឯងនោះត្រូវបានបដិសេធទាំងស្រុងថា ”នេះជាការបង្កើតឡើងក្នុងបំណងបង្កើតឲ្យមានភាពមិនទុកចិត្តគ្នារវាងថ្នាក់តែប៉ុណ្ណោះ”។ លោកអះអាងជាថ្មីម្តងទៀតថា “ខ្ញុំមិនទៅណាចោលហ្វ៊ុនស៊ិនប៉ិចឡើយរហូតដល់ស្លាប់ក៏នៅតែជាមនុស្សរបស់ហ្វ៊ុនស៊ិនប៉ិច ហើយក៏គ្មានអ្នកណាមានសិទ្ធបណ្តេញលោកចេញនោះដែរ”។

លោកញឹក ប៊ុនឆៃ បញ្ជាក់ថា “លោកមិនដែលនឹកឃើញទាល់តែសោះចំពោះការបង្កើតគណបក្សស្អីនោះទេ មានអ្នកបង្កើតពាក្សចរចាមអារាមនេះឡើង ចំពោះរូបលោកមានតែគណបក្សហ៊្វុនស៊ិនប៉ិចមួយគត់ ព្រោះរូបលោកគឺជាអ្នកផ្តួចផ្តើមនាំគ្នាបង្កើត រណសិរ្យហ្វ៊ុនស៊ិនប៉ិចឡើងតាំងពីកវែកកឆ្នាំងមកម្ល៉េះ ហើយក៏នាំគ្នាថ្វាយអតីតព្រះមហាក្សត្រ ជាព្រះស្ថាបនិកគណបក្សហ្វ៊ុនស៊ិនប៉ិចនេះឡើង។ នៅពេលខាងមុខឆាប់ៗនេះ លោកនឹងជួបជាមួយថ្នាក់ដឹកនាំ ក៏ដូចជាសម្តេចព្រះប្រធាន ដើម្បីបញ្ជាក់ឲ្យច្បាស់នូវរាល់បញ្ហាដែលកើនមាននាពេលកន្លងមក ក៏ដើម្បីជម្រះមន្ទិលសង្ស័យទាំងឡាយមកលើថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៅតាមមូលដ្ឋាន មួយចំនួនធំថែមទៀតផងដែរ”។

លោកបន្តទៀតថា “បញ្ហាមួយចំនួនដែលកើតមានកន្លងមកនេះ ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងបន្តដោះសា្រយគ្នាឲ្យបានល្អ ហើយរកឲ្យឃើញពីមូលហេតុចម្បងនៅពីក្រោយបញ្ហា ដើម្បីបង្កើតឲ្យមានការជឿទុកចិត្តគ្នា ពីថ្នាក់លើរហូតដល់មូលដ្ឋាន”៕

លោក ញឹក ប៊ុនឆៃ ប្រកាន់ជំហរនៅជាមួយ ហ៊្វុនស៊ិនប៉ិច លុះគ្រាក្ស័យ

លោក ញឹក ប៊ុនឆៃ ប្រកាន់ជំហរនៅជាមួយ ហ៊្វុនស៊ិនប៉ិច លុះគ្រាក្ស័យ