សមាគម​និយោជក​នៅ​កម្ពុជា​បង្ហាញ​ក្ដី​បារម្ភ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព

សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា ហៅ​កាត់​ថា ខែមហ្វ៊ីបា (CAMFEBA) បង្ហាញ​ក្ដី​បារម្ភ​របស់​ខ្លួន​មួយ​ចំនួន​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​សហជីព ដែល​ចម្រូងចម្រាស​នៅ​រដ្ឋសភា។ ការ​ព្រួយ​បារម្ភ​នេះ ធ្វើ​ឲ្យ​សហព័ន្ធ​និយោជក សម្រេច​ដាក់​អនុសាសន៍ និង​សំណូមពរ​របស់​ខ្លួន​ជូន​គណៈកម្មការ​ទី​៦ រដ្ឋសភា ដើម្បី​កែលំអ​សេចក្ដី​ព្រាង​ច្បាប់​សហជីព។

ក្ដី​ព្រួយ​បារម្ភ និង​អនុសាសន៍​យ៉ាង​តិច ៧​ចំណុច ត្រូវ​បាន​គណៈកម្មការ​ទី​៦ រដ្ឋសភា ខាង​បក្ស​ប្រជាជន​កម្ពុជា ទទួល​យក​ពី​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មករា។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ការ​ទទួល​យក​ក្ដី​ព្រួយ​បារម្ភ និង​អនុសាសន៍​ពី​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា នេះ គឺ​ធ្វើ​ដូច​គ្នា​នឹង​ការ​ទទួល​យក​សំណូមពរ និង​ក្ដី​បារម្ភ​របស់​ភាគី​សហជីព​កម្មករ​ដែរ៖ «ឥឡូវ​ដល់​និយោជក យើង​ក៏​ទទួល​យក​សំណូមពរ​របស់​គាត់​ដែរ ៧​ចំណុច ដែល​មាន​ពាក់ព័ន្ធ​នឹង ៧​មាត្រា ហើយ​ដែល​គាត់​ព្រួយ​បារម្ភ​អំពី​សិទ្ធិ ហើយ​និង​ព្រួយ​បារម្ភ​អំពី​ដំណើរ​ការ​នៃ​ផលិតកម្ម​អាជីវកម្ម​របស់​គាត់។ អ៊ីចឹង​មាន​តែ​ប៉ុណ្ណឹង​ទេ យើង​យក​សំណូមពរ​នេះ​ទៅ​ពិភាក្សា​ក្នុង​ផ្ទៃ​ក្នុង​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​ធ្វើ​ម៉េច​សម្រប​សម្រួល​គ្នា​ឲ្យ​ច្បាប់​ហ្នឹង វា​មាន​លក្ខណៈ​ល្អ ហើយ​ទទួល​យក​បាន​គ្រប់​ភាគី វា​មាន​កម្មករ វា​មាន​និយោជក ហើយ​និង​សហជីព»

ប្រធាន​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា លោក វ៉ាន់ ស៊ូអៀង មាន​ប្រសាសន៍​ថា ការ​ដាក់​ជូន​សំណូមពរ​ទាំង ៧​ចំណុច គឺ​ចង់​ធ្វើ​ឲ្យ​ការ​កែប្រែ​ច្បាប់​ស្ដីពី​សហជីព​មាន​ភាព​ស្មើ​គ្នា​រវាង​សហជីព និង​និយោជក និង​ដើម្បី​ការពារ​ផល​ប្រយោជន៍​កម្មករ៖ «»។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​មាន ១៧​ជំពូក និង ១០០​មាត្រា មាន​ភាព​ចម្រូងចម្រាស​ខ្លាំង ដោយសារ​តែ​ក្រុម​អង្គការ​សហជីព​កម្មករ និង​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ច្បាប់​នេះ​មាន​លក្ខណៈ​រឹត​ត្បិត​លើ​សេរីភាព​សមាគម​កម្មករ គឺ​ការ​បង្កើត​សហជីព។ ការ​បន្ត​ពិភាក្សា​របស់​គណៈកម្មការ​ចំពោះ​កិច្ច​រហូត​មក​ដល់​ពេល​នេះ គឺ​បន្ទាប់​ពី​សហជីព​ចំនួន​១០ ស្នើសុំ​ទៅ​គណៈកម្មការ​រដ្ឋសភា ឲ្យ​ពិនិត្យ​កែលំអ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ចំនួន ២១​ចំណុច ហើយ​ចំណុច​សំខាន់ គឺ​ការ​កំណត់​ចំនួន​កម្មករ​សមាជិក ដើម្បី​បង្កើត​សហជីព​មូលដ្ឋាន។

លោក សុខ ឥសាន ថ្លែង​ថា សំណូមពរ​របស់​សហព័ន្ធ​និយោជក ពាក់ព័ន្ធ​នឹង​មាត្រា​ដូច​គ្នា​សហជីព ប៉ុន្តែ​មាន​ទិសដៅ​បញ្ច្រាស​គ្នា។ លោក​ថា សហជីព​ចង់​បង្រួម​សិទ្ធិ​អំណាច​របស់​និយោជក ឯ​និយោជក ចង់​ពង្រីក​សិទ្ធិ​អំណាច​នោះ។ កាល​ពី​ថ្ងៃ​ទី​៤ មករា គណៈកម្មការ​ចំពោះ​កិច្ច​គណបក្ស​ទាំង​ពីរ​គណបក្ស បាន​ឯកភាព​គ្នា​ថា ការ​កំណត់​ចំនួន​សមាជិក​បង្កើត​សហជីព​មូលដ្ឋាន​មួយ​បាន គឺ​មាន​សមាជិក​យ៉ាង​តិច ១០​នាក់​នៃ​កម្មករ​ក្នុង​រោងចក្រ ឬ​សហគ្រាស​មួយ។ ប៉ុន្តែ​នៅ​ពេល​នេះ ខាង​សហព័ន្ធ​និយោជក ស្នើសុំ​ឲ្យ​សភា​កំណត់​ថា ត្រូវ​មាន​កម្មករ​ជា​សមាជិក​យ៉ាង​តិច ២០% នៃ​កម្មករ​ក្នុង​រោងចក្រ ឬ​សហគ្រាស​មួយ។

ទោះ​ជា​ច្បាប់​ស្ដីពី​សហជីព​មិន​ទាន់​ចេញ​ក្ដី លោក វ៉ាន់ ស៊ូអៀង ចាប់​អារម្មណ៍​ថា ច្បាប់​នេះ​ល្អ ព្រោះ​មាន​ចែង​ពិស្ដារ​អំពី​ទំនាក់ទំនង​រវាង​សហជីព និង​និយោជក​ក្នុង​វិស័យ​ឧស្សាហកម្ម។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា គណៈកម្មការ​ចំពោះ​កិច្ច​ចម្រុះ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​ប្រជុំ​ពិនិត្យ ពិភាក្សា និង​បាន​ឯកភាព​គ្នា​លើ​ខ្លឹមសារ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ជា​បន្ត​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មករា។ លោក​នៅ​មិន​ទាន់​ដឹង​ថា នឹង​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​នៅ​ឡើយ​ទេ បន្ទាប់​ពី​ទទួល​បាន​ក្ដី​បារម្ភ និង​សំណូមពរ​របស់​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា ទាំង ៧​ចំណុច​នេះ។ ទោះ​ជា​បែប​នេះ​ក្ដី លោក​បញ្ជាក់​ថា គណៈកម្មការ នឹង​យក​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​ពិភាក្សា​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។