អ្វី​ជា​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​?

អ្វី​ជា​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​?

គ្រួស​ក្នុង​តម្រង​នោម គឺ​ត្រូវ​បាន​កើតឡើង​ដោយសារតែ ជាតិ​អំបិល និង រ៉ែ​ដែល​មាន​នៅក្នុង​ទឹកនោម​ស្អិត​ជាប់ គ្នា រួច​បន្ទាប់​មក​បង្កើត​បាន​ជា ដុំ​គ្រួស ។​ពួក​វា​ជា​ធម្មតា គឺ​មិន​បណ្តាល​អោយ​មាន​ការឈឺ​ចាប់​អ្វី​នោះ​ទេ​ខណៈ​ពេល​​ដែល​វា​ស្ថិត​នៅក្នុង​តម្រង​នោម ប៉ុន្តែ​ពួកវា​អាច​ធ្វើអោយ​មាន​ការឈឺចាប់​ធ្ងន់ធ្ងរ នៅពេល​ដែល​វា ធ្វើដំណើរ​ឆ្លងកាត់​

​មកដល់ បំពង់​ទឹក​ម៉ូត    ( វា​ធ្វើអោយ​បំពង់​ដែល ភ្ជាប់​ពី​តម្រង​នោម ទៅ ប្លោកនោម​រួម​តូចចង្អៀត )   ដើម្បី​ចាក​​ចេញពី​រាងកាយ ក្នុងពេល​បត់ជើងតូច ។

រោគសញ្ញា​របស់​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម រួមមាន​ដូចជា ការឈឺចាប់​ធ្ងន់ធ្ងរ នៅ​ផ្នែក​ណាមួយ​នៅ​តំបន់​ចង្កេះ​​គឺ​នៅ​ខាងក្រោម​ប្រអប់​ទ្រូង (​ដែល​គេ​ហៅថា flank pain) ។ ការឈឺចាប់​នេះ អាច​រាលដាល​ដល់​តំបន់​ពោះ​ផ្នែក​ខាង​​ក្រោម ,​ក្រ​លៀន និង តំបន់​នៃ​សិរី​រៈ​បន្ត​ពូជ​។ រោគ​សញ្ញា​ផ្សេងទៀត​មានដូចជា វត្ត​មាន​ឈាម​នៅក្នុង​ទឹកនោម​
( hematuria ), នោម​ឈឺ (dysuria) ឬ នោម​ញឹក និង ចង្អោ​រ ឬ ក្អួត ។​
 
ដុំ​គ្រួស​ក្នុង​តម្រងនោម គឺ​ជា​ធម្មតា​ត្រូវបាន​ព្យាបាល​នៅ​ឯ​គេហដ្ឋាន ជាមួយនឹង​ថ្នាំ​បំបាត់​ការឈឺចាប់​រហូត​ដល់​​វា​ជ្រុះ​ចេញមក​។ ចូរ​ប្រាកដថា អ្នក​ទទួល​ទាន​សារធាតុ​រាវ​អោយបាន​គ្រប់គ្រាន់ ដូច្នេះ​អ្នក​នឹងមិន​ខ្សោះ​ជាតិ​ទឹក​នោះ​​ទេ​។ ភាគច្រើន ដុំ​គ្រួស​នេះ​នឹង​ជ្រុះ​ចេញមក នៅក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ។ ប្រសិនបើ​ដុំ​គ្រួស​ហាក់ដូចជា​មិន ជ្រុះ​ចេញ​មក​ដោយ​ខ្លួន​វា​ទេ ឬ ធ្វើអោយ​អ្នក​កាន់តែ​មាន​ភាពឈឺចាប់​ធ្ងន់ធ្ងរ ជំរើស​នៃ​ការព្យាបាល​រួមមាន​ដូចជា​​ការព្យាបាល​ដោយ​រលក​រំ​ញ័រ ( ការ​កិនគ្រួស​ក្នុង​តម្រងនោម​អោយ​ម៉ដ្ឋ​) ដែល​វា​អាច​បំបែក​ដុំ​គ្រួស​ធំ អោយទៅជា​​បំណែក​តូចៗ​ដើម្បី​អោយ​វា​ងាយ​ធ្លាក់​ចេញមក ឬ ក៏​នៅ​ក្នុង​ករណី​កម្រ​បំផុត​គឺ​ការ​វះកាត់​យក​វា​ចេញ ។​
 
ប្រសិនបើ​ដុំ​គ្រួស​ស្ទះ​នៅក្នុង​បំពង់​ទឹក​ម៉ូ​ត្រ ឧបករណ៍​ពិនិត្យមើល​បំពង់​ទឹក​ម៉ូ​ត្រ​អាច​ត្រូវបាន​គេ​ស៊ក​ចូល ឆ្លង កាត់​តាម​រយៈ បំពង់​បង្ហូរ​នោម និង​ប្លោកនោម ទៅកាន់ បំពង់​ទឹក​ម៉ូ​ត្រ ។ ដុំ​គ្រួស​អាច​ត្រូវបាន​យកចេញ​ដោយ ការប្រើ​កញ្ច្រែង តូច​មួយ​នៅ​លើ​ខ្សែ​ដែល​ភ្ជាប់​នឹង​ឧបករណ៍​ថត​ឆ្លុះ​នៅក្នុង​បំពង់​ទឹក​ម៉ូ​ត្រ​។ ដុំ​គ្រួស​នេះ  ក៏​អាច​ត្រូវ បាន​បំបែក​ផងដែរ​ដោយ​ការបាញ់​កាំរស្មី និង បន្ទាប់មក​ទៀត​វា​ត្រូវបាន​បង្ហូរ​ចេញពី​បំពង់​ទឹក​ម៉ូ​ត្រ  ជាមួយនឹង សារធាតុ​រាវ​ដែល​ត្រូវបាន​បាញ់​បញ្ចូល​ដោយ ឧបករណ៍​ពិនិត្យមើល​បំពង់​ទឹក​ម៉ូ​ត្រ ។​
 
ដុំ​គ្រួស​ក្នុង​តម្រងនោម​ត្រូវ​បាន​ចែកចេញ​ជា​បួន​ប្រភេទ​សំខាន់ៗ ហើយ​ពួក​វា​អាច​មាន​ទំហំ តូច​ដូចគ្នា​ទៅនឹង​​គ្រាប់​ខ្សាច់ ឬ ក៏​អាច​ធំ​ប៉ុន​ដុំ​បាល់​កូន​ហ្គោល ។ គ្រួស​ក្នុង​តម្រង​នោម កើតមានឡើង​ជា​ញឹកញាប់ ចំពោះ​មនុស្ស​​ពេញវ័យ និង មាន​ជា​កម្រ​ចំពោះ​កុមារ ៕

ប្រែសម្រួលដោយ​៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។