បទពិសោធន៍​ចុកចាប់​របស់ខ្ញុំ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ​

​លិខិត​មិត្ត​អ្នកអាន​
​ពី​ខ្ញុំ អ្នកភូមិ​រស់នៅ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​

​ខ្ញុំ​ចង់​និយាយ​ពី​ប្រព័ន្ធ​សុខាភិបាល​នៅក្នុង​ស្រុក​របស់ខ្ញុំ​បន្តិច គឺ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែល​ទើប​កាត់ផ្តាច់​ពី​ខេត្តកំពង់ចាម​។ វា​ជា​រឿង​ពិត ដែល​កើតមាន​មកលើ​រូបខ្ញុំ​ផ្ទាល់ ហើយក៏​បានកើត​ទៅលើ​អ្នកភូមិ​ខ្ញុំ ជា​យូរ​មកហើយ​ដែរ​។ ខ្ញុំ​លើក​រឿងនេះ​មក​និយាយ ព្រោះ​ពេលនេះ គេ​កំពុង​ជជែក​គ្នា​យ៉ាង​តឹងសរសៃក ពី​រឿង​វិជ្ជាជីវៈ និង​ប្រព័ន្ធ​សុខាភិបាល​ក្នុងស្រុក​ខ្មែរ​។

​ខ្ញុំ​បាន​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ​។ ពេល​សម្រាលកូន មន្ទីរពេទ្យ​តម្រូវ​ឲ្យ​បង់ថ្លៃ​គ្រែ​ចំនួន ៦​ម៉ឺន​រៀល​។ គឺ​មានតែ​គ្រែ​ពិតមែន កុំថាឡើយ​ខ្នើយ សូម្បី​កន្ទេល​ក៏ត្រូវ​យក​ពី​ផ្ទះ​ទៅដោយ​ខ្លួនឯង​ដែរ​។

​ខ្ញុំ​បាន​សម្រាលកូន​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ដូច្នេះ​ខ្ញុំ​ត្រូវ​សម្រាក​ក្នុង​ពេទ្យ និង​រង់ចាំ​ដល់​សុខភាព​គ្រាន់បើ​ទើប​អាច​ចេញទៅ​ផ្ទះ​បាន​។ ព្រឹក​ឡើង ពេទ្យ​ដែល​សម្រាលកូន​ឲ្យ​ខ្ញុំ បាន​យក​ថ្នាំ​ជាតិ​ដែក និង​ថ្នាំ​ផ្សះ​មួយចំនួន​ឲ្យ​ខ្ញុំ និង​បាន​ប្រាប់​ពី​ពេលវេលា​លេប ហើយ​គាត់​ក៏​ចេញទៅ​ផ្ទះ​បាត់ទៅ​។​

​ក្រោយមក​បន្តិច​មាន​ពេទ្យ​ស្រីក្មេង​ម្នាក់ បានមក​សួរ និង​សុំ​លុយ​បង់ថ្លៃ​គ្រែ ហើយ​គាត់​ក៏​ចេញទៅ​។ នៅពេល​ព្រឹក​នោះ មាន​សាច់ញាតិ​ជា​ហូរហែ បានមក​សួរសុខទុក្ខ​ខ្ញុំ​។ តាំងពី​ពេល​សម្រាល និង​រហូតដល់​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក ខ្ញុំ​មិនទាន់​អាច​នោម​បានទេ​។ ក្រុមគ្រួសារ​របស់ខ្ញុំ បាន​ទៅ​សួរ​គ្រូពេទ្យ ដែល​នៅ​ប្រចាំការ ពេលនោះ​ពេទ្យ​ស្រី​ម្នាក់​ដែល​នៅ​ប្រចាំការ​ក្នុង​ពេទ្យ ប្រាប់​វិញ​ថា ម៉ោង​ពេទ្យ​សម្រាក​។ ត្រង់ចំណុច​នេះ ខ្ញុំ​សូមបញ្ជាក់ថា មិនមែន​ម៉ោង​១១​នោះទេ ដែល​គ្មាន​ពេទ្យ​នោះ គឺ​ក្រុមគ្រូពេទ្យ​ទាំងនោះ បាន​ចេញពី​ពេទ្យ​តាំងពី​ម៉ោង​៩​ព្រឹក​មក​ម្លេះ ដែល​តាម​ដឹង ពួកគេ​ទាំងនោះ សុទ្ធសឹង​មាន​កន្លែង​ព្យាបាល និង​លក់​ថ្នាំពេទ្យ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។

​ដោយសារ​បារម្ភ​ពី​សុខភាព​ខ្ញុំ ដែល​មិនអាច​នោម​ចេញ គ្រួសារ​របស់ខ្ញុំ បាន​ទូរ​សព្ទ​ហៅ​គ្រូពេទ្យ​ដែល​សម្រាលកូន​ឲ្យ​ខ្ញុំ​កាលពី​យប់ និង​ប្រាប់​តាម​ដំណើររឿង​។ ពេទ្យ​ស្រី​នោះបាន​ត្រឡប់មក​ពេទ្យ និង​ប្រាប់​គ្រួសារ​ខ្ញុំ​ថា គាត់​មិនសូវ​ហ៊ាន​ទេ ព្រោះ​មិនមែន​ម៉ោង​ការងារ​របស់គាត់ (​គាត់​ប្រចាំការ​ពេលយប់ ដូច្នេះ​ពេល​ថ្ងៃ​សម្រាក​)​។ តែដោយសារ​ការ​អង្វរ​ពី​គ្រួសារ​ខ្ញុំ គាត់​ក៏បាន​ជួយ​សុង​ទឹកនោម​ចេញ ហើយ​គាត់​ក៏​ត្រឡប់​ទៅវិញ និង​ប្រាប់ថា ជាប់​ទៅ​មើលជំងឺ​គេ​តាម​ផ្ទះ​។

​យ៉ាងណា ក្រោយពី​សុង​បង្ហូរ​ទឹកនោម​ហើយ​បាន​មួយ​សន្ទះ ខ្ញុំ​ក៏​ចាប់ផ្តើម​ឈឺ​ពើត​ផ្សារ ដោយ​រក​ពាក្យ​និយាយ​មិនកើត​។ គ្រួសារ​ខ្ញុំ​បាន​ទៅ​ហៅ​ពេទ្យ​ដែល​នៅ​ប្រចាំការ (​ពេទ្យ​ដដែល ដែល​ប្រាប់ថា ពេល​សម្រាក​) តែ​គាត់​នៅតែ​ឆ្លើយ​ដដែល​ថា ទាល់តែ​ម៉ោង​២ បាន​ដល់​ម៉ោង​ធ្វើការ ចឹ​ង​ត្រូវ​ចាំ​។ គ្រួសារ​ខ្ញុំ (​ប្តី​) ដែល​បាន​ទៅ​ហៅ​ពួក​ពេទ្យ​នោះ បាន​ប្រាប់ថា ពួកគេ​កំពុង​ដេក​លេង​ទូរ​សព្ទ​។​

​អំឡុងពេល​ឈឺ​នោះ ក្រុមគ្រួសារ​អ្នកជំងឺ ដែល​ដេក​ជិត​បន្ទប់​ខ្ញុំ​នោះ បានមក​មើល​និង​និយាយ​ប្រាប់ថា តែ​ប៉ុណ្ណឹង​ហើយ​ក្នុង​ពេទ្យ​។ គាត់​មក​ដេក​ព្យាបាល​នៅ​ទីនោះ​បានតែ​ដេក និង​បាន​ថ្នាំលេប​តែប៉ុណ្ណោះ គ្មាន​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ ពួកគេ​មក​អើត​តែ​បន្តិចៗ​តែប៉ុណ្ណោះ​។ នៅក្នុង​ពេទ្យ មានតែ​លោកតា​ម្នាក់ ដែលជា​អ្នក​សម្អាត ដែល​នៅ​ប្រចាំ​ការជាប់ ក្រៅពី​ពេលយប់​មាន​ក្រុម​ពេទ្យ​ពីរ​ទៅ​បីនាក់ ដែល​ដេក​យាម​។​

​ម៉ោង​ជិត​១​ថ្ងៃត្រង់ ទើប​ខ្ញុំ​ឈប់​ឈឺ ក្រោយពេល​គ្រូពេទ្យ​ដែល​សម្រាលកូន​ឲ្យ​ខ្ញុំ បានមក​ដោះ​ប្រដាប់​សុង​ទឹកនោម​ចេញ​។ ព្រោះ​គ្រួសារ​របស់ខ្ញុំ បាន​ទាក់ទង​ទៅ​គាត់​ជាច្រើនលើក និង​បាន​និយាយអង្វរ​ផង ទម្រាំ​គាត់​មក ព្រោះ​គាត់​ជាប់​ចាក់​ថ្នាំ​គេ​នៅតាម​ផ្ទះ​។ ចាប់ពីពេលនោះ​មក ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​បាន​បោះ​ពាក្យសម្តី​ថា លែង​ទៅ​ទទួល​សេវា​ព្យាបាល និង​សម្រាលកូន​នៅ​ពេទ្យ​បង្អែក​នោះ​តទៅទៀត​ហើយ ទោះជា​ត្រូវ​ទៅ​ពេទ្យ​ឯកជន ហើយ​ត្រូវអស់​លុយ​ច្រើន​យ៉ាងណាក្តី​។​

​មួយទៀត​ខ្ញុំ​ចង់​និយាយ​ដែរ​។ មាន​អ្នកភូមិ​ជាច្រើន បាន​និយាយ​ពី​ពេទ្យ​មួយចំនួន ក្នុង​ពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារ ដែល​តែង​ប្រើ​ពាក្យសំដី​អាក្រក់ៗ ទៅលើ​អ្នកជំងឺ​។ ខ្ញុំ​សុំ​មិន​លម្អិត​ទេ តែ​ចង់​និយាយ​ពី​រឿង​ថ្នាំពេទ្យ​វិញ​ម្តង​។ ពលរដ្ឋ​ដែល​ធ្លាប់​ទៅ​ពេទ្យ​បង្អែក​នោះ បាន​និយាយ​តៗ​គ្នា​ថា ពួកគេ​បានឃើញ​ក្រុមគ្រូពេទ្យ នាំគ្នា​វេច​យក​ថ្នាំពេទ្យ ដែលជា​ថ្នាំ​របស់​រដ្ឋ​នោះ យកទៅ​ផ្ទះ ដោយ​មិន​ញញើត​។ មិនមែន​តិចតួច​ទេ គឺ​វេច​ទាំង​ស្បោង​ធំៗ​តែម្តង តែ​ធ្វើ​ក្នុង​រូបភាព​លួចលាក់​។ ភស្តុតាង​មួយ ដែល​អាច​បញ្ជាក់​នោះ គ្រូពេទ្យ​ក្នុង​ពេទ្យ​បង្អែក​នោះ បាន​យក​ស៊ឺ​រូ​ម មាន​ដាក់​ស្លាក​ហាម​លក់ មក​ដាក់​ឲ្យ​អ្នកភូមិ ដែល​ហៅ​គាត់​មក​មើលជំងឺ​នៅតាម​ផ្ទះ​ផង​។

​ក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ ទាំង​ប្រធាន​មន្ទីរពេទ្យ គឺ​សុទ្ធ​តែមាន​កន្លែង​ព្យាបាល​ជំងឺ​នៅតាម​ផ្ទះ​។ ជានិច្ចកាល ប្រធាន​មន្ទីរពេទ្យ មិនសូវ​នៅក្នុង​ពេទ្យ​ទេ គឺ​គាត់​រវល់​តែ​មើលជំងឺ​នៅផ្ទះ​គាត់​តែប៉ុណ្ណោះ​។ ត្រង់ចំណុច​នេះ ខ្ញុំ​តែង​ចោទសួរ​ខ្លួនឯង​ថា តើ​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស សុទ្ធតែ​បែប​ហ្នឹង​ទាំងអស់​ឬ​យ៉ាងណា ទើប​កន្លងមក​ធ្លាប់​ឮ​គេ​និយាយ និង​អ្នកធូរធារ​មួយចំនួន សុខចិត្ត​ចំណាយលុយ ចេញទៅ​ព្យាបាល​នៅ​ប្រទេសជិតខាង​នោះ​។

​ក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ ខ្ញុំ​ជឿជាក់ថា មាន​ពេទ្យ​ល្អ និង​ពេទ្យ​ចិត្តធម៌​ខ្លះៗ​ដែរ ដែល​ដឹង​សុខទុក្ខ​អ្នកជំងឺ ក្នុងនោះ​មាន​ពេទ្យ​ដែល​សម្រាលកូន​ឲ្យ​ខ្ញុំ​ជាដើម​។ សង្ឃឹមថា នៅ​ថ្ងៃ​អនាគត ប្រព័ន្ធ​សុខាភិបាល​ស្រុក​ខ្មែរ នឹង​អាច​ងើប​ចេញពី​ស្ថានភាព​សព្វថ្ងៃនេះ​បាន​៕

​ពី​ខ្ញុំ អ្នកភូមិ​រស់នៅ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​
កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​