បុរស​ស្រវឹង​ម្នាក់​បើក​ម៉ូតូ​បុក​កង់​ពីក្រោយ​បណ្តាលអោយ​កុមារី​ម្នាក់​របួសធ្ងន់​

​ខេត្តកំពង់ឆ្នាំង​៖ កុមារី​ម្នាក់​របួស​ក្បាល​ធ្ងន់ធ្ងរ និង​បុរស​ជា​ជនបង្ក​រងរបួស​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះ ថ្នាក់ ចរាចរណ៍​មួយ ដោយសារ​បើកបរ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ បុក​កង់​កុមារី​រងគ្រោះ​ពីក្រោយ​ពេញ​ទំ​ហឹ​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​១៥ ខែមករា ឆ្នាំង​២០១៦ នៅលើ​ផ្លូវ​កៅស៊ូ​ក្រោយ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ជនបង្ក​គ្រោះថ្នាក់​ឈ្មោះ ក្លូ​អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ភូមិ​ត្រោក​លិច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បើកបរ​ម៉ូតូ​ម៉ា​កវេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក​៦៤៧៦-​កច​១​។​ចំណែក​កុមារី​រងគ្រោះ​មានឈ្មោះ ជៀម សុធា​រី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង កំពង់ឆ្នាំង​។​

​មុនពេល​កើតហេតុ​គេ​ឃើញ​ជនបង្ក​បើក​ម៉ូតូ​យ៉ាង​លឿន​ក្នុងស្ថានភាព​ស្រវឹង​ក្នុង​ទិស​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់ កន្លែង កើតហេតុ ក៏បាន​បុក​កុមារី​រងគ្រោះ​កំពុង​ជិះ​កង់​ពីក្រោយ​ពេញទំហឹង​ក្នុង​ទិស​ស្របគ្នា បណ្តាលអោយ​នាង ដួល បោក​ក្បាល​ពីក្រោយ​និង​ថ្នល់​កៅស៊ូ សន្លប់​រងរបួស​ធ្ងន់​ធ្ង​រ​។ ចំណែក​ជនបង្ក​ក៏បាន​រងរបួស​បែក​មុខ​បែក មាត់​គ្រាន់បើ​ដែរ ពេល​សមត្ថកិច្ច​សួរនាំ​អត្តសញ្ញាណ​ឆ្លើយ​មិនដឹង​ខុសត្រូវ ព្រោះតែ​ស្រវឹង​ជោកជាំ​វង្វេងស្មារតី ប៉ុន្តែ​មាន​អ្នក​ស្គាល់​ថា បុ​រ​រស​នេះ​ឈ្មោះ ក្លូ រស់នៅ​ក្នុ​ភូមិ​ត្រោក​លិច ឃុំ​ស្រែ​ថ្មី​។​

​ក្រោយពេល​កើតហេតុ​កុមារី​រងគ្រោះ​ត្រូវបាន​គេ​ដឹក​តាម​ម៉ូតូ​យកទៅ​សង្គ្រោះ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង​។ ចំណែក​ជនបង្ក​ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​យកទៅ​រុំ​របួស​នៅក្នុង​មន្ទីរពេទ្យ ខេត្ត​ផងដែរ​។ រីឯ​ម៉ូតូ និង​កង់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ត្រូវបាន​សមត្ថកិច្ច ដឹក​យកទៅ​រក្សាទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរ បាល ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​។​

​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាត្រា​៧៧ បាន​ចែងថា​៖​ជន​ណា​បើកបរ​យានយន្ត​នៅពេលដែល​ខ្លួន​ស្ថិត ក្នុង​ភាពស្រវឹង មាន ជាតិ​អាកុល​ចាប់ពី​០,៤០ ក្នុង​១​លីត្រ​ខ្យល់ និង​០,៨០​ក្នុង​១​លីត្រ​ឈាម​ឡើងទៅ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី​១​ខែ ទៅ​៦​ខែ និង​ពិន័យ​ប្រាក់​ពី​៨០​ម៉ឺន​រៀល ទៅ​៤​លាន​រៀល​។

ដោយឡែក​មាត្រា​៨៣​បាន​ថែ​ង​ថា​៖ ជន​ណា​បើកបរ​ធ្វេសប្រហែស​មិន​ប្រុងប្រយ័ត្ន បណ្តាលអោយ​របួស ដល់​អ្នក ដ៏​ទៃ ហើយ​បណ្តាលអោយ​អ្នករងគ្រោះ​អសមត្ថភាព​ធ្វើការ ងារ​លើសពី​៨​ថ្ងៃ គិតពី​ថ្ងៃកើតហេតុ ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី​៦​ខែ ទៅ​២​ឆ្នាំ និង​ពិ ន័យ​ប្រាក់​ពី​២​លាន​រៀល ទៅ​១០​លាន​រៀល​។ ហេតុនេះ​គួរតែ​យល់ដឹង អ្នក​ស្រវឹង​បើកបរ​ក៏មាន​ទោស និង​បើ​បង្ក​គ្រោះថ្នាក់​ទៀត​នោះ​គឺមាន​កាន់តែ​ធ្ងន់​ទ្វេដង​៕ រិ​ទ្ធិ ជ័យ

KA-18-01-2016-31 KA-18-01-2016-34​ ​