ជា​ប្រធាន​អាស៊ាន ឡាវ ក្លាយជា​ទិសដៅ​សំខាន់​សម្រាប់​អាមេរិក​

​ប្រមុខ​ការទូត​អាមេរិក​លោក ច​ន  ឃេ​រី (Jonh Kerry)  នឹង​ផ្តើម​ទស្សនកិច្ច​ជា​លើកដំបូង​របស់លោក​ ទៅកាន់ប្រទេស​ឡាវ​ នៅ​ថ្ងៃទី​២៥ ខែមករា​ខាងមុខនេះ​។ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​ដើម្បី​រឹតចំណងការទូត​ទ្វេភាគី​ រវាង​ប្រទេស​ទាំងពីរ​។ ជាពិសេស​នោះ វត្តមាន​លោក​ឃេ​រី​ទៅកាន់​ទឹកដី​ឡាវ​ជា​លើកដំបូង​នេះ ក៏​ជាការ​ចាប់ដៃ​ឡាវ មុនពេល​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ាន ស្របពេល​ដែល​ឡាវ​ ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​ផងដែរ​នោះ​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​អាមេរិក​ ​នៅ​ថ្ងៃទី​១៥ ខែមករាកន្លងទៅ លោក ច​ន ឃេ​រី នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ក្រុង​វៀងចន្ទន៍ ​នៃ​សា​ធារ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ នៅ​ថ្ងៃទី​២៥ ខែមករា​។ តាម​សេចក្តីប្រកាស​ដដែល លោក ឃេ​រី នឹង​ជួប​ជាមួយ លោកនាយក​រដ្ឋមន្ត្រី ថុង​សិង ថា​ម​ម៉ា​វង់ (Thongsing Thammavong)  និង​សម​ភាគី​របស់លោក គឺរដ្ឋមន្ត្រីការបរទេសឡាវ លោក ថុង​ឡួ​ន ស៊ី​ស៊ូ​លិ​ត (Thongloun Sisoulith) ដើម្បី​ពិភាក្សា​ពី​កិច្ចប្រជុំ​កំពូល​អាមេរិក និង​អាស៊ាន​ នៅ​រដ្ឋ California និង​កិច្ចប្រជុំ​កំពូល​អាស៊ាន ​ដែល​ឡាវ​នឹងត្រូវ​ធ្វើជា​ប្រធាន​នៅ​ឆ្នាំ​២០១៦​។

​ឆ្នាំ​២០១៦​នេះ ឡាវ ធ្វើជា​ប្រធាន​អាស៊ាន​ជា​លើក​ទី​២​របស់ខ្លួន ​ក្រោយ​ចូល​ជា​សមាជិក​តាំងពី​ឆ្នាំ​១៩៩៧​។ ជា​ប្រធាន​អាស៊ាន ឡាវ​ត្រូវ​ទទួលបន្ទុក​ក្នុងការ​សម្របសម្រួល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ជាមួយ​ដៃគូ​សន្ទនា​ផ្សេងទៀត​ដែល​រាប់បញ្ចូល​ទាំង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​។ ហើយ​វត្តមាន​របស់លោក ច​ន ឃេ​រី​ទៅកាន់​ទឹកដី​ឡាវ ក៏​មិនមែនជា​រឿង​ចៃដន្យ​ដែរ ពោលគឺ​នេះ គឺជាដំណើរ​នៃ​ការសម្រួល​ផ្លូវ សម្រាប់​កិច្ចប្រជុំ​របស់ខ្លួន​ជាមួយនឹង​ប្រធាន​អាស៊ាន​ ដែលមាន​និន្នាការ​ខ្លាំង​ទៅរក​មហាអំណាច​ក្នុង​តំបន់​ចិន​។

 ១.​ប្រវត្តិ​ទំនាក់ទំនង​ការទូត​អាមេរិក​និង​ឡាវ
​តាមពិត​អាមេរិក បានចាប់ផ្តើម​ចង​ភា្ជ​ប់​ចំណង​ការទូត​ជាមួយនឹង​ឡាវ​តាំងពី​ឆ្នាំ​១៩៥៥​មកម្ល៉េះ ពោលគឺបន្ទាប់ពី​ឡាវ បានប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៤​ពី​ម្ចាស់​អាណានិគម​បារាំង​។ តែ​ចាប់ពី​ឆ្នាំ​១៩៦៤​ឡាវ បាន​ធ្លាក់​ចូលទៅក្នុង​សង្គ្រាមស៊ីវិល និង​សង្គ្រាម​ឥណ្ឌូចិន ដែល​ក្នុងនោះ ឡាវ ក៏បាន​ទទួលរង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​ពី​ការទម្លាក់​គ្រាប់បែក​ដោយ​សហរដ្ឋអាមេរិក​។ ក្រោម​បដិវត្តន៍​ផ្តួលរំលំ​របប​ស្តេច​នៅ​ឆ្នាំ​១៩៧៥ ឡាវ បាន​ប្រកាន់យករ​បបក​ម្មុយ​នី​ស ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក និង​ឡាវ កាន់តែ​ឃា្ល​ត​ឆ្ងាយ។ តែ​នៅ​ឆ្នាំ​១៩៩២ អាម​រិ​ក និង​ឡាវ បាន​កសាង​ចំណង​ការទូត​ទ្វេភាគី​ឡើងវិញ​។ ខុសពី​វៀតណាម ដែល​ទទួលរង​នូវ​គ្រោះ​ដោយសារ​ការទម្លាក់​គ្រាប់​ដោយ​អាមេរិក រដ្ឋ​ដែល​គ្មាន​ដែនសមុទ្រ​មួយ​សោះ ឡាវ ពិបាក​នឹង​ចង​សម្ព​ន្ធ័​ជាមួយគ្នា ដ្បិត​កត្តា​ប្រវត្តិសាស្ត្រ និង​របប​នយោបាយ​។

២. វត្តមាន​លោក​ឃេ​រី ដើម្បី​សម្រួល​ផ្លូវ​សម្រាប់​លោក អូ​បា​ម៉ា
​បើទោះបីជា​អាមេរិក និង​ឡាវ បាន​ចងសម្ព័ន្ធ​មិត្ត​ជាមួយគ្នា​តាំងពី​ឆ្នា​១៩៥៥​ក៏ដោយ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ដំបូង​គេ​បង្អស់​ ដែល​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ឡាវ​ គឺ​ទើបតែ​ធ្វើឡើង​នៅ​ឆ្នាំ​២០១២​តែប៉ុណ្ណោះ​។ ​រដ្ឋមន្ត្រីការបរទេស​ដំបូង​គេ​របស់​អាមេរិក​ដែល​បាន​ឈាន​ជើង​នៅ​ទឹកដី​ឡាវ នោះ​គឺអតីតរដ្ឋមន្ត្រី​ការបរទេស​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ ចំណែក​លោក ច​ន ឃេ​រី គឺជា​ប្រមុខ​ការទូត​ទី​២ ដែល​នឹងមាន​វត្តមាន​នៅក្នុង​ប្រទេស​ឡាវ​។​

​ដោយសារតែ​កេរតំណែល​របស់​អាមេរិក​ជា​គ្រាប់បែក​រាប់ពាន់​គ្រាប់ បាន​បន្សល់ទុក​នៅក្នុង​ទឹកដី​ឡាវ ក៏ដូចជា​របប​នយោបាយ​ផ្ទុយគ្នា​ផងដែរ​នោះ ធ្វើ​ឲ្យ​អាមេរិក ពិបាក​ក្នុងការ​ចងសម្ព័ន្ធ​មិត្ត​ជាមួយ​ឡាវ ដើម្បី​បង្កើន​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ជំនួស​ដោយ​នយោបាយ​ការបរទេស​ជាមួយ អាមេរិក ចិន បាន​ចងសម្ព័ន្ធមិត្ត​ជាមួយនឹង​ឡាវ​យ៉ាង​ស៊ីជម្រៅ​ តាមរយៈ​ការវិនិយោគ​ស្ទើរតែ​គ្រប់​វិស័យ នៅក្នុង​ប្រទេស​ឡាវ​។

​ទោះជា​វត្តមាន​លោក ច​ន ឃេ​រី ត្រូវបាន​គេ​រំពឹងថា​ មិនសូវមាន​ឥទ្ធិពល​ទៅកាន់​គោលនយោបាយ​ការបទេស​ឡាវ​ក៏ដោយ វា​គឺជា​រឿង​ដែល​ចាំបាច់​បំផុត​ ដែល​លោក​ត្រូវតែ​ងាក​មក​ចាប់ដៃ​ជាមួយនឹង​ឡាវ​។ ហើយ​នោះ គឺ​ដោយ​តែឡាវ គឺជា​តួអង្គ​ដ៏​សំខាន់​ក្នុងនាម​ជា​ប្រធាន​អាស៊ាន និង​ជា​អ្នក​សម្រួល​កិច្ចការ​ទាំងអស់​ក្នុង​កិច្ចប្រជុំ​អាស៊ាន​។ អ្វី​គួរកត់សម្គាល់​នោះ នៅ​ថ្ងៃទី​១៥ និង​១៦ កុម្ភៈ​ខាងមុខ អាមេរិក នឹង​បើក​កិច្ចប្រជុំ​កំពូល​ជា​លើកដំបូង ​ជាមួយមេដឹកនាំ​អាស៊ាន​នៅក្នុង​រដ្ឋ California និង​ចុង​ឆ្នាំនេះ ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹងធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក នៅក្នុង​ក្រុង​វៀងចន្ទន៍​ផងដែរ​។ វត្តមាន​របស់លោក អូ​បា​ម៉ា នៅក្នុង​ទឹកដី​ឡាវ ធ្វើ​ឲ្យ​លោក​ក្លាយជា​ប្រ​ធានា​ធិ​ប​អាមេរិក​ដំបូង​គេ​បង្អស់​ដែល​បាន​ទៅដល់​នៅ​ទីនោះ​។ ទោះ​ចង់ ​ឬ​មិន​ចង់ ​ប្រមុខ​ការទូត​អាមេរិក ​ត្រូវតែ​ឆ្លៀតឱកាស​ខ្លះ ​ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី​ ដើម្បី​ឱបក្រសោប​​ឡាវ​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​