ថ្នាំព្យាបាល ជំងឺលើសឈាម ប្រហែលនាំឲ្យ កើតមហារីកសុដន់ ទៅវិញ

ស៊ីអេថល៖ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាយថា ការប្រើប្រាស់ថ្នាំសម្រាប់ ព្យាបាលជំងឺលើសឈាម ក្នុងរយៈពេលយូរ ប្រហែលជាអាច មានទំនាក់ទំនង ជាមួយនឹង អត្រាគ្រោះថ្នាក់ នៃការកើតជំងឺមហារីកសុដន់ខ្ពស់។

លោកវេជ្ជបណ្ឌិត Christopher I. Li  នៃមជ្ឈមណ្ឌលពិសោធន៍រោគមហារីក Fred Hutchinson នៅក្នុងរដ្ឋស៊ីអេថល សហរដ្ឋអាមេរិក ព្រមទាំងក្រុមការងាររបស់គាត់បាននិយាយថា ថ្នាំ លើសឈាម ភាគច្រើនត្រូវបានចេញវេជ្ជបញ្ជា នៅក្នុងសហរដ្ឋអាមេរិក ដែលមានចំនួន ជាមធ្យម ៦៧៨ លានវេជ្ជបញ្ជា កាលពីក្នុងឆ្នាំ ២០១០។

ជាមួយគ្នានេះដែរ ការស្រាវជ្រាវ បានធ្វើការសិក្សាចំពោះស្រ្តីនៃរដ្ឋ ស៊ីអេថលចំនួន ៨៨០នាក់ ដែលមានអាយុចាប់ពី ៥៥ ដល់ ៧៤ឆ្នាំ ដែលមានជំងឺមហារីកសុដន់កម្រិតទាប និងស្ត្រីចំនួន ១.០២៧នាក់ ដែលមានជំងឺមហារីកសុដន់ធ្ងន់ធ្ងរ និង ៨៥៦ នាក់ទៀត មិនមានជំងឺមហារីក។

ក្រុមអ្នកស្រាវជ្រាវបាន ធ្វើការពិនិត្យអំពីគ្រោះថ្នាក់ នៃជំងឺមហារីកសុដន់ ព្រមទាំងធ្វើការពិនិត្យ អំពីរយៈពេលដែល ពួកគេត្រូវបានឲ្យប្រើប្រាស់ ថ្នាំកាត់បន្ថយជំងឺលើសឈាម។

ការសិក្សាដែលត្រូវបាន ចេញផ្សាយនៅក្នុងសៀវភៅ ទស្សនាវដ្តីវិជ្ជាពេទ្យ បានរកឃើញថា ការប្រើប្រាស់ថ្នាំលើស ឈាមអស់រយៈពេល ១០ឆ្នាំ ឬ លើសពីនេះ អាចប្រឈមមុខ នឹងការ កើតឡើងនៃជំងឺមហារីកសុដន់។ មិនតែប៉ុណ្ណោះសម្រាប់អ្នកដែល មានជំងឺមហារីកសុដន់ វាកាន់តែធ្វើឲ្យអាការៈ មានសភាពធ្ងន់ធ្ងរជាងមុន៕

ថ្នាំព្យាបាល ជំងឺលើសឈាម ប្រហែលនាំឲ្យ កើតមហារីកសុដន់ ទៅវិញ