ពលរដ្ឋ​នៅ​តំបន់​បឹងកក់​៧​ភូមិ​រួម​គ្នា​តវ៉ា​ប្រឆាំង​នឹង​លិខិត​របស់​សាលា​ក្រុង​បង្គាប់​ឲ្យ​រុះរើ​ផ្ទះ

ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ទាំង ៧​ភូមិ រួម​គ្នា​ស្រែក​តវ៉ា​ប្រឆាំង​លិខិត​ជូន​ដំណឹង​របស់​សាលា​ខណ្ឌ​ដូនពេញ និង​សាលា​រាជធានី​ភ្នំពេញ ដែល​បង្គាប់​ឲ្យ​សកម្មជន​តវ៉ា​ដីធ្លី​មួយ​គ្រួសារ រុះរើ​ផ្ទះ​ជា​បន្ទាន់​ក្នុង​រយៈពេល ១៥​ថ្ងៃ ដោយ​ចោទ​ថា សង់​ផ្ទះ​រំលោភ​ចូល​ដី​សាលា​ក្រុង។ ទាក់ទិន​បញ្ហា​នេះ សង្គម​ស៊ីវិល​រិះគន់​ជា​ថ្មី​ថា អាជ្ញាធរ​គ្មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ ឲ្យ​បាន​ចប់​នោះ​ទេ។

«សំឡេង​អ្នក​បឹងកក់​ស្រែក​តវ៉ា»

នេះ គឺ​ជា​សម្រែក​របស់​ក្រុម​សកម្មជន​ដីធ្លី​បឹងកក់ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​សន្និសីទ​កាសែត​នៅ​ខាង​មុខ​ផ្ទះ លោកស្រី ផាន់ ឈុនរ៉េត ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករា។ ការ​ធ្វើ​សន្និសីទ​កាសែត​នេះ នៅ​បន្ទាប់​ពី​សកម្មជន​តវ៉ា​ដីធ្លី លោកស្រី ផាន់ ឈុនរ៉េត ត្រូវ​បាន​សាលា​ខណ្ឌ​ដូនពេញ និង​សាលា​រាជធានី​ភ្នំពេញ ចោទ​ថា លោកស្រី​បាន​លួច​សង់​ផ្ទះ​លើ​ដី​កម្មសិទ្ធិ​របស់​សាលា​រាជធានី​ភ្នំពេញ​ចំនួន ១៦,០៧​ម៉ែត្រ​ការ៉េ ហើយ​បង្គាប់​ឲ្យ​រុះរើ​ចេញ​វិញ​ជា​បន្ទាន់​ក្នុង​រយៈពេល ១៥​ថ្ងៃ។

លោកស្រី ផាន់ ឈុនរ៉េត ដែល​ជា​ម្ចាស់​ផ្ទះ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​រៀបរាប់​ថា គ្រួសារ​គាត់​បាន​សង់​ផ្ទះ​អស់​ទំហំ​ដី​តែ ១៥៩​ម៉ែត្រ​ការ៉េ​នៅ​លើ​ទំហំ​ដី​របស់​លោកស្រី​ចំនួន ២២៣.៦​ម៉ែត្រ​ការ៉េ ហើយ​នៅ​សល់​ដី​ជាង ១០០​ម៉ែត្រ​ការ៉េ​ទៀត​ឯណោះ។ ដី​នេះ លោកស្រី​អះអាង​ថា គាត់​បាន​កាន់​កាប់​អស់​រយៈពេល​ជាង ២២​ឆ្នាំ​មក​ហើយ។ លោកស្រី​បន្ថែម​ថា កន្លង​មក មន្ទីរ​សុរិយោដី​ក្រុង និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​ចុះ​វាស់វែង​ជាច្រើន​លើក​ច្រើន​សា និង​ទទួល​ស្គាល់​មាត្រដ្ឋាន​ដី​នោះ ថា​ជា​កម្មសិទ្ធិ​លោកស្រី​ដែរ។ លោកស្រី​ហាក់​មិន​យល់​ពី​ភាព​ប្រែប្រួល​នៅ​ពេល​នេះ​ឡើយ៖ «»។

មូលហេតុ​ដែល​សាងសង់​ផ្ទះ​ថ្មី​នេះ លោកស្រី​ពន្យល់​បន្ត​ថា ដោយសារ​សាលា​ក្រុង​បាន​ចាក់​ខ្សាច់​បំពេញ​បឹង​នៅ​ជាប់​លំនៅឋាន​របស់​គាត់ កាល​ពី​ឆ្នាំ​២០១៥ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​ទ្រុឌទ្រោម​មិន​អាច​រស់នៅ​បាន ម៉្លោះ​ហើយ​ទើប​គាត់​រុះរើ​សាងសង់​ផ្ទះ​ថ្មី​វិញ ដោយ​ធំ​ជាង​ផ្ទះ​ចាស់​បន្តិច។ កាល​ណោះ អាជ្ញាធរ​ក៏​អនុញ្ញាត ហើយ​ធ្លាប់​សន្យា​ជួយ​ផ្តល់​សម្ភារៈ​សាងសង់​ទៀត​ផង នៅ​បន្ទាប់​ពី​មាន​ការ​ប្ដឹង​តវ៉ា​រឿង​ខូចខាត​លំនៅឋាន​នោះ ប៉ុន្តែ​ទីបំផុត អាជ្ញាធរ​ក្រុង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ឡើយ។ ដូច្នេះ លោកស្រី​ប្រកាស​ថា មិន​ព្រម​រុះរើ​ផ្ទះ​សង់​អំពី​ឈើ​ជា​ដាច់​ខាត៖ «»។

ក្នុង​លិខិត​របស់​សាលា​ក្រុង និង​សាលា​ខណ្ឌ​ដូនពេញ ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ហើយ​ទើប​បញ្ជូន​ដល់​ដៃ លោកស្រី ផាន់ ឈុនរ៉េត នៅ​ថ្ងៃ​ទី​១៥ ខែ​មករា បង្ហាញ​ថា សំណង់​ថ្មី​ឈើ​ស័ង្កសី បាន​រំលោភ​យក​ដី​កម្មសិទ្ធិ​របស់​សាលា​ក្រុង​ទំហំ ១៦,០៧​ម៉ែត្រ​ការ៉េ គឺ​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ ហើយ​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រជុំ​ដោះស្រាយ​នៅ​ឡើយ ដូច្នេះ​ត្រូវ​រុះរើ​វិញ​ដោយ​ទុក​ពេល​ឲ្យ ១៥​ថ្ងៃ។ លិខិត​ដដែល​បន្ត​ថា បើ​មិន​រុះរើ​ទេ សាលា​ខណ្ឌ​នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​ខូចខាត ឬ​បាត់បង់​សម្ភារៈ​ឡើយ។

រឿងរ៉ាវ​វិវាទ​ដីធ្លី​នៅ​តំបន់​បឹងកក់ កើត​ឡើង​ហាក់​ដូចជា​ជំងឺ​មហា​រីក​ដែល​មិន​ផ្សះ​ជា​បាន។ តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី អះអាង​ថា ពួក​គាត់​ប្រឆាំង​ដាច់​ខាត​ចំពោះ​លិខិត​របស់​សាលា​ក្រុង និង​សាលា​ខណ្ឌ​ដូនពេញ។ អ្នកស្រី​អះអាង​ថា សាលា​ក្រុង​គ្មាន​ចំណែក​ដី​នៅ​ទីនោះ​ឡើយ ព្រោះ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ចុះ​កាល​ពី​ឆ្នាំ​២០១១ គឺ​បាន​ធ្វើ​សម្បទាន​ទំហំ​ដី ១២,៤៤​ហិកតារ សម្រាប់​ប្រជាពលរដ្ឋ​នៅ​សេសសល់​ធ្វើ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង៖ «»។

កាល​ពី​ឆ្នាំ​២០០៧ រដ្ឋាភិបាល​បាន​ចុះ​កិច្ចសន្យា​ជួល​ដី​តំបន់​បឹងកក់​ក្នុង​រយៈពេល ៩៩​ឆ្នាំ ដល់​ក្រុមហ៊ុន ស៊ូកាគូ (Shukaku) ក្នុង​តម្លៃ​ប្រមាណ ៧៩​លាន​ដុល្លារ។ ប្រជាជន​ប្រមាណ ៤.២៥២​គ្រួសារ ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​នេះ។ សកម្មជន​ដីធ្លី​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ជាង ៣​ពាន់​គ្រួសារ បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​តំបន់​បឹងកក់​ដោយ​បង្ខំ​ចិត្ត ដោយសារ​រង​សម្ពាធ និង​ការ​គំរាម​កំហែង។

ទាក់ទិន​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ត្រូវ​តែ​គោរព​សេចក្តី​ណែនាំ​របស់​អាជ្ញាធរ។ លោក​បញ្ជាក់​ថា ដី​នៅ​តំបន់​នោះ ប្រជាពលរដ្ឋ​មិន​ទាន់​អាច​សាងសង់​បាន​នោះ​ទេ ដោយ​នៅ​កំពុង​ដោះស្រាយ៖ «»។

នាយក​ប្រតិបត្តិ​អង្គការ​សមាគម​ធាង​ត្នោត លោក អ៊ី សារ៉ុម សម្ដែង​ការ​សោកស្ដាយ​ដែល​សាលា​ក្រុង​គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ចប់​បញ្ហា​រ៉ាំរ៉ៃ​នៅ​តំបន់​បឹងកក់។ លោក​ដាក់​ការ​សង្ស័យ​ថា ឫស​គល់​ដែល​មិន​អាច​បញ្ចប់​បញ្ហា​ដីធ្លី​នេះ​បាន ប្រហែល​ជា​អាជ្ញាធរ​មាន​មហិច្ឆតា​លោភលន់​ចង់​បន្ត​លក់​ដូរ​ដី​ដែល​នៅ​សេសសល់​នៅ​តំបន់​នោះ៖ «»។

ក្រៅ​ពី​ផ្ទះ​របស់ លោកស្រី ផាន់ ឈុនរ៉េត ក៏​នៅ​មាន​ផ្ទះ​ពលរដ្ឋ​នៅ​ជិត​គ្នា​នោះ​ពីរ​ទៅ​បី​ខ្នង​ទៀត ក៏​រង​ការ​ចោទ​ប្រកាន់​ថា សង់​រំលោភ​យក​ដី​សាលា​ក្រុង និង​ទាមទារ​ឲ្យ​រុះរើ​ដូច​គ្នា​ដែរ។

យ៉ាង​ណា​ក៏ដោយ​ចុះ សហគមន៍​បឹងកក់ និង​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ផ្សេង​ទៀត ក៏​ប្រកាស​ថា នឹង​រួប​រួម​គ្នា​បន្ត​តវ៉ា​ជា​ថ្មី​ម្តង​ទៀត ប្រសិន​បើ​សាលា​ខណ្ឌ និង​សាលា​ក្រុង នៅ​តែ​អនុវត្ត​វិធានការ​រុះរើ​ផ្ទះ លោកស្រី ផាន់ ឈុនរ៉េត និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។