អ្នកវិភាគ​៖​វិធានការ​ទប់ស្កាត់​ព្រៃឈើ​របស់​រដ្ឋាភិបាល ធ្វើឡើង​ក្រោយពី​កាប់​ឈើ​ជិត​អស់​

​អ្នកវិភាគ យល់ថា វិធានការ​ទប់ស្កាត់​ព្រៃឈើ​របស់​រដ្ឋាភិបាល ហាក់​ហួសពេល​ហើយ ព្រោះ​ការអនុវត្ត​ការងារ​នេះ គឺធ្វើឡើង​ក្រោយ​ពេលដែល​អ្នកមានអំណាច​កាប់បំផ្លាញ​ព្រៃឈើ​ជិត​អស់​ទៅហើយ​។ ពួកគេ​យល់ថា វិធានការ​ទប់ស្កាត់​ព្រៃឈើ​ពេលនេះ គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​មាន​ជំនឿ​លើ​រដ្ឋាភិបាល​ប៉ុណ្ណោះ តែ​មិន​អាចមាន​ប្រសិទ្ធភាព​នោះទេ​។

​អ្នកវិភាគ​បញ្ហា​សង្គម ​និង​នយោបាយ បានចាត់ទុក​ការបង្កើត​គណៈកម្មការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ថា គ្រាន់តែ​ជា​រូបភាព​បង្ហាញ​ពី​ភាពខ្លាំង​ក្លា​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ បន្ទាប់ពី​ឈ្មួញ​មានអំណាច​កាប់​ឈើ​ជិត​អស់​។ អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក មាស នី យល់ថា វិធានការ​អនុវត្ត​ន៍ច្បាប់​នេះ គ្រាន់តែ​ចង់​ទាញ​ប្រជាប្រិយភាព​ខ្លួន​ពី​ប្រជាពលរដ្ឋ មុន​ពេលដែល​ការបោះឆ្នោត​ឃុំ​-​សង្កាត់ មកដល់​នៅ​ឆ្នាំ​២០១៧ និង​២០១៨​ខាងមុខនេះ​។ លោក​ថា ការអនុវត្ត​ការងារ​តាម​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​តែ​ម្នាក់​នោះ គឺ​គ្មាន​ដំណើរការ​ទៅមុខ​បានយូរ​ឡើយ ពោលគឺ​បានតែ​មួយ​ភ្លែត​ប៉ុណ្ណោះ​។

​អ្នកវិភាគ​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​តាមពិត​បើ​រដ្ឋាភិបាល​ចង់​ទប់ស្កាត់​ព្រៃឈើ​នោះ គឺអាច​ធ្វើបាន​ហើយ​មិនចាំបាច់​បណ្ដោយ​ពេល​យូរ​ដូចនេះ​ទេ តែ​ចំណាត់ការ​ពេលនេះ​គ្រាន់តែ​ព្រួយ​មួយ​បាញ់​បាន​សត្វ​ពីរ​ប៉ុណ្ណោះ​។ ទី​១ ស្ថិតនៅក្នុង​នយោបាយ​កំណែទម្រង់ និង​ទី​២ គឺ​ទាញ​ចិត្ត​ប្រជាពលរដ្ឋ​។ តែបើ​រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​ហើយ មិន​ព្រម​តាមដាន​មើល​នោះ ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ ហើយ​អាចជា​ចំណាត់ការ​តែមួយ​ឆាវ​ធ្លាប់ធ្វើ​កន្លងមក​ប៉ុណ្ណោះ​»​។​

​មិន​ខុសពី​លោក មាស នី នោះទេ​លោក សូ ចន្ថា យល់ថា ការសម្រេចចិត្ត​បង្កើត​គណៈកម្មាការ​ទប់ស្កាត់​ព្រៃឈើ​ភ្លាមៗ​នេះ គឺជា​យុទ្ធសាស្ត្រ​ដដែល​នឹង​ហួសពេល​ទៅហើយ ព្រោះតែ​ព្រៃឈើ​ស្ទើរ​វិនាស​អស់ហើយ ដោយសារតែ​អ្នកមានអំណាច​កាប់​នាំ​ចេញទៅ​វៀតណាម​។ តែ​លោ​កថា បើសិនជា​ចង់​ឲ្យ​ការទប់ស្កាត់​ព្រៃឈើ​នេះ​មាន​ប្រសិទ្ធភាព​នោះ រដ្ឋាភិបាល​គួរតែរៀបចំ​ការ​គ្រប់​គ្រង ​និង​ទទួលខុស​ត្រូវជា​ប្រព័ន្ធ ទើប​អាច​ទប់ស្កាត់​វិនាសកម្មព្រៃឈើ​នេះ​បាន​។

​ជាមួយគ្នានេះ​លោក កែម ឡី អ្នកស្រាវជ្រាវ​និង​ជា​អ្នកវិភាគ បាន​បញ្ជាក់ថា​យុទ្ធសាស្ត្រ​សំខាន់ៗ​ ដែល​រដ្ឋាភិបាល​គួររៀបចំ​នោះ​រួមមាន​៖ ការលុបចោល​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​សម្បទាន​រ៉ែ​ទាំង​អស់ពី​ក្រុមហ៊ុន​។ ការពិនិត្យ​ឡើងវិញ ​និង​លុបចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​ដីព្រៃ​សម្បទាន​រ៉ែ​ណា ​ដែល​ផ្តល់​ដោយ​រំលោភ​លើ​ព្រៃ​ការពារ ព្រៃ​អភិរ​ក្យ​ និងព្រៃ​ឡង់​។ ការពង្រឹង​អភិបាលកិច្ច​មូលដ្ឋាន​ ដោយមាន​ការចូលរួម​ពី​ភាគី​ចម្រុះ និង​ប្រតិភូកម្ម​សិទ្ធិអំណាច​ទាំងស្រុង ​ដល់​សហគមន៍​ព្រៃឈើ​ និង​សហគមន៍​ព្រៃ​ឡង់ ក្នុងការ​គ្រប់គ្រង ចាត់ចែង ការពារ​ និង​ការទាញយក​ផល​ពី​អនុផល​ព្រៃឈើជាដើម​។​

​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់ថា គោលដៅ​សំខាន់​ដែល​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បានកំណត់​នោះ គឺ​ត្រូវ​ស្រាវជ្រាវ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ ហើយ​ការពារ​ឲ្យ​បាន​នូវ​សម្បត្តិ​ធនធានធម្មជាតិ ជាង​នេះ​ត្រូវ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដើម្បី​ធ្វើ​ឲ្យ​មតិ​ជាតិ អន្តរជាតិ​មានការ​ជឿជាក់​៕
កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​