កីឡាករ Debuchy តាំងចិត្ត​ថានឹងចាកចេញពី​កាំភ្លើង​ធំ​នៅ​ខែ​នេះ​ឲ្យ​បាន

កីឡាករ Mathieu Debuchy បាន​និយាយថា រូបគេ​មិនអាច​បន្ត​នៅ​ជាមួយ កាំភ្លើង​ធំ Arsenal បាន​ទៀត​ទេ និង​ចាំបាច់​ត្រូវតែ​ចាកចេញ​នៅក្នុង​ខែមករា​នេះ ទោះបី​កំពុងស្ថិត​ជា​លក្ខណៈ​ខ្ចី​ជើង​ក៏ដោយ។

dubuchyកីឡាករ​វ័យ ៣០ ឆ្នាំ​រូបនេះ​បាន​ផ្ទេរ​ចេញពី​ក្លិប Newscastle United មកលេង​នៅ​កីឡដ្ឋាន Emirates កាលពី១៨ ខែ​មុន​ក្នុងតម្លៃ​ខ្លួន ១២លាន​ផោន ប៉ុន្តែ​មិនសូវមាន​ការចាប់អារម្មណ៍ និង​បាន​ចូល​លេង​ដូច​មុន បន្ទាប់ពី​ការលេចឡើង​នូវ​កីឡាករ Hector Bellerin។ Debuchy ទើបតែ​បង្ហាញខ្លួន​ឲ្យ​កាំភ្លើង​ធំ​នេះ​បាន ៧ប្រកួត​សម្រាប់​រដូវ​កាល​នេះ និង​មានបំណង​ចង់​ចាកចេញ​ក្នុង​ខែ មករា​នេះ ខណៈដែល​ក្រុម​ត្រដាប់ត្រដួស​បាត​តារាង Aston Villa និង​ក្លិប Bayer Leverkusen កំពុងមាន​ការចាប់អារម្មណ៍​លើ​កីឡាករ​នេះ។

ខ្សែការពារ​ស្តាំ​សញ្ជាតិ​បារាំង​នេះ ប្រាប់​សារព័ត៌មាន L’ Equipe ថា «វា​ជា​ការពិត ក្លិប​ទាំងនោះ​មានការ​ចាប់អារម្មណ៍​លើ​ខ្ញុំ។ បច្ចុប្បន្ន ខ្ញុំ​កំពុង​សិក្សា​មើល​គ្រប់យ៉ាង។ ទោះ​មានរឿង​អ្វី​កើតឡើង​ក៏ដោយ ទោះជា​ត្រូវ​ចាប់ផ្តើម​ឡើងវិញ​ក៏ដោយ ក៏​ខ្ញុំ​ត្រូវ​ចាកចេញ​នៅ​រដូវរងា​នេះ។ ខ្ញុំ​មិនអាច​នៅ​ជាមួយ Arsenal បាន​ទៀត​ទេ»៕