ប្រព័ន្ធ​ផ្សព្វផ្សាយ​​​ចិន​បាន​មើលស្រាល​លើ​សារៈសំខាន់​នៃ​ជ័យ​ជំនះ​​​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ

ប្រព័ន្ធ​ផ្សព្វផ្សាយ​​​ចិន​បាន​មើលស្រាល​លើ​សារៈសំខាន់​នៃ​ជ័យ​ជំនះ​​​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ

បេក្ខជន​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ Tsai Ing-wen បក់​ដៃ​ទៅ​កាន់​អ្នក​គាំ​ទ្រ​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការបោះ​ឆ្នោត នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៦។

នៅ​ថ្ងៃ​ច័ន្ទ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ក្នុង​ប្រទេស​ចិន​បាន​ផ្សាយ​មើលស្រាល​ទៅ​លើ​សារៈសំខាន់​នៃ​ជ័យ​ជំនះ​របស់​លោកស្រី Tsai Ing-wen ខាង​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ដែល​ល្បីខ្ទរខ្ទារ​កាល​ពី ថ្ងៃ​សៅរ៏នោះ ដោយមាន​ការបញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​រដ្ឋាភិបាលចិននិង​រដ្ឋាភិបាល​តៃវ៉ាន់នៅ​ពេល​អនាគត​ផង។ ​

សារព័ត៌មាន​ The Global Times បាន​ចុះផ្សាយ​ថា មាន​ការផ្តោត​សំខាន់​ទៅ​លើ​សេដ្ឋកិច្ច វិសមភាព​សង្គម​និង​អនាគត​របស់​ក្មេង​ៗ​ជំនាន់​ក្រោយ​របស់កោះតៃវ៉ាន់​ច្រើន​ជាង។ ប៉ុន្តែ​សារព័ត៌មាន​ China Daily បាន​ចុះផ្សាយ​ជំរុញ​ឲ្យ​លោកស្រី Tsai ទទួល​យក​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩២ ស្តី​ពី​ការបង្រួបបង្រួម​ប្រទេស​ចិន​តែ​មួយ ហើយ​ព្រមាន​សហគមន៍​អន្តរជាតិ​ថា អ្វីៗ​ដែល​ពាក់ព័ន្ធ​នឹង​កោះតៃវ៉ា់ន់​គឺ​ជាកិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​ដែល​ប្រទេស​ចិន​ខ្លួន​ឯង​ជា​អ្នក​ដោះស្រាយ។ ​

លោក​ Bruce Jacobs ដែល​ជា​អ្នកវិភាគ​ពី​កោះតៃវ៉ាន់​នៃ​សាកលវិទ្យាល័យ​អូស្រ្តាលី​មួយ ​ដែល​មាន​ឈ្មោះ Monash University បាន​ថ្លែង​ប្រាប់លោក​Victor Beatle នៃ​ VOA ពី​ទីក្រុង​តៃប៉ិ​មក​ថា វា​គឺ​ជា​ជ័យជំនះ​ភ្លូកទឹកភ្លូកដី​សម្រាប់​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ ទៅ​លើ​គណបក្ស​Kuomintang ដែល​ជា​គណបក្ស​កាន់អំណាច​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Ma Ying-jeou នោះ។ ​

ខណៈពេល​ជាមួយ​គ្នា​នេះ​ដែរ​ លោក Joseph Wu ​ដែល​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​នឹង​ធ្វើ​ដំណើរទស្សនកិច្ច​មក​កាន់​រដ្ឋធានី Washington ក្នុង​សប្តាហ៍​នេះ ស្រប​ពេល​ដែលអតីតអនុរដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​លោក Bill Burns កំពុង​តែ​ស្ថិត​នៅ​កោះតៃវ៉ាន់ ដើម្បី​ប្រជុំ​ពិភាក្សា​ផ្តល់​ការគាំទ្រ​ពី​ភាគី​អាមេរិក​ដល់​កោះ​តៃវ៉ាន់​ ក្នុង​ការបន្ត​រក្សា​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ទាំង​២​ប្រកប​ដោយ​ភាពរុងរឿង សន្តិភាព​និង​ស្ថិរភាព។

កាល​ពី​ថ្ងៃ​សៅរ៍​ រដ្ឋាភិបាល​ទីក្រុង Washington បាន​អបអរសាទរ​លោកស្រី Tsai ចំពោះ​ជ័យជំនះ​នៃ​លទ្ធផល​ឆ្នោត​របស់​លោកស្រី៕