លទ្ធផល​ចុង​ក្រោយ​ គឺ​ឈើ​ទាំងអស់​អាច​នឹង​ធ្លាក់​ក្នុង​ដៃ​ឧកញ៉ា​ ទ្រី​ ភាព​ មូល​តែ​ម្នាក់​ នាំ​ចេញ​ទៅ​ទីផ្សារ​ស្រុក​ចិន​

​មើល​មួយ​ជ្រុង​ស្មាន​តែ​ទីផ្សារ​ឈើ​កម្ពុជា​គឺ​នៅ​ស្រុក​យួន​ ប៉ុន្តែ​បើ​មើល​ឲ្យ​បាន​វែង​ឆ្ងាយ​ គឺ​ទីផ្សារ​ឈើ​នៅ​កម្ពុជា​ចុង​ក្រោយ​ ចេញ​បន្ត​ពី​ស្រុក​យួន​ទៅ​ដល់​ស្រុក​ចិន​ឯណោះ​ ។​ នៅ​ពេល​ទីផ្សារ​ឈើ​នៅ​ស្រុក​ចិន​ជាប់​គាំង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ បាន​បង្ហាញ​នូវ​វត្តមាន​គំនរ​ឈើ​នៅ​លើ​ទឹកដី​ស្រុក​យួន​ជាប់​ព្រំដែន​ខ្មែរ​គរ​ចាក់​ធារ​ ប្រៀប​ដូច​ជា​ភ្នំ​ ដោយ​ឈើ​ទាំងនោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ជញ្ជូន​ចេញពី​កម្ពុជា​តាម​គ្រប់​រូបភាព​ ហើយ​មានការ​ពាក់ព័ន្ធ​ត​យ៉ាង​ជិត​ស្និទ្ធ​នឹង​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ ខ្នា​ ដែល​គេ​ស្គាល់​ថា​ ជា​មនុស្ស​ស្និទ្ធ​នឹង​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ (​តាំងពី​អតីត​នៅ​កាន់​តំណែង​ជា​ចៅហ្វាយខេត្ត​កំពង់ចាម​)​ និង​ត្រូវជា​បងប្រុស​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ឧកញ៉ា​ ស៊ឹង​ សំ​អុល​ ។​

​ឥឡូវ​ មុខរបរ​ជំនួញ​ឈើ​របស់​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ ខ្នា​ និង​លោក​ឧកញ៉ា​ ស៊ឹង​ សំ​អុល​ ដែល​ជា​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ប្រចាំ​ភូមិភាគ​ឦសាន​នោះ​ កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​រត់ពន្ធ​ទៅ​ស្រុក​យួន​ កាលពី​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​ មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​ប្រធាន​គណៈកម្មការ​ ។​

​នៅ​ពេល​ជំនួញ​ឈើ​របស់​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ ខ្នា​ និង​លោក​ឧកញ៉ា​ ស៊ឹង​ សំ​អុល​ ព្រមទាំង​ក្រុម​ឈ្មួញ​ឈើ​ឯទៀតៗ​ កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​នោះ​ បើ​និយាយ​អំពី​ឈ្មួញ​ឈើ​ "​គ្រាក់​"​ ល្បីឈ្មោះ​លេខ​១​នៅ​ស្រុក​ខ្មែរ​ម្នាក់​ គឺ​លោក​ឧកញ៉ា​ ទ្រី​ ភាព​ អគ្គនាយក​ក្រុមហ៊ុន​ Try​ Pheap​ Import​ Export​ និង​ក្រុមហ៊ុន​ MDS​ Group​ ដែល​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​បុរស​ខ្លាំង​វិញ​ កំពុង​ "​ក្របួច​មាត់​"​ ត្រៀម​ប្រមូល​ឈើ​ល្មើស​ពី​ឧកញ៉ា​ឈ្មួញ​ឈើ​ផ្សេងៗ​យក​មក​កាន់កាប់​មូល​សម្រាប់​ក្រុមហ៊ុន​ខ្លួនឯង​តែ​ម្នាក់​ ដើម្បី​នាំ​ចេញ​បន្ត​ទៅ​កាន់​ទីផ្សារ​ស្រុក​ចិន​ ដោយ​ប្រែ​រូបភាព​ "​ពី​ឈើ​ខុសច្បាប់​ ទៅ​ជា​ឈើ​ស្របច្បាប់​"​ ។​

​កាលពី​អំឡុង​ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​២០​នាក់​ ធ្លាប់​បាន​ធ្វើ​លិខិតផ្លូវការ​មួយ​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​រយៈ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​ឲ្យ​មានការ​បញ្ឈប់​នូវ​សកម្មភាព​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ដែល​ធ្វើ​អាជីវកម្ម​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុងភូមិ​សាស្ត្រ​ឧទ្យាន​ជាតិ​វីរ​ជ័យ​ តំបន់​កន្ទុយ​នាគ​ ខេត្តរតនគិរី​ ប៉ុន្តែ​រហូត​មក​ទល់​បច្ចុប្បន្ន​ គឺ​គ្មាន​ដំណោះស្រាយ​ជា​វិជ្ជមាន​អ្វី​ឡើយ​ ។​

​របាយការណ៍​ស៊ើបអង្កេត​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ ឲ្យ​ដឹង​ថា​ លោក​ឧកញ៉ា​ ទ្រី​ ភាព​ បាន​បង់ប្រាក់​ឲ្យ​ក្រុម​គ្រួសារ​បុរស​ខ្លាំង​ចំនួន​១២​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ​(១​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​)​ ដើម្បី​ជា​ថ្នូរ​ទទួល​បាន​សិទ្ធិ​អំណាច​កាប់​ និង​ធ្វើ​អាជីវកម្ម​ឈើ​ ជា​ធនធានធម្មជាតិ​កម្ពុជា​ នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​ និង​ប្រទេស​ចិន​ ខណៈ​របាយការណ៍​របស់​អង្គការ​អភិរក្ស​អន្តរជាតិ​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ទទួល​បាន​ប្រាក់​ចំណេញ​ពី​ជំនួញ​ធនធាន​ព្រៃឈើ​កម្ពុជា​ចំនួន​ជិត​២៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​៣​ឆ្នាំ​ ។​

​លោក​ ទ្រី​ ភាព​ ដែល​ជា​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​ និង​ស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​បុរស​ខ្លាំង​នោះ​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៤/២១៤​ ចុះ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០០៤​ ៕​

លទ្ធផល​ចុង​ក្រោយ​ គឺ​ឈើ​ទាំងអស់​អាច​នឹង​ធ្លាក់​ក្នុង​ដៃ​ឧកញ៉ា​ ទ្រី​ ភាព​ មូល​តែ​ម្នាក់​ នាំ​ចេញ​ទៅ​ទីផ្សារ​ស្រុក​ចិន​ លទ្ធផល​ចុង​ក្រោយ​ គឺ​ឈើ​ទាំងអស់​អាច​នឹង​ធ្លាក់​ក្នុង​ដៃ​ឧកញ៉ា​ ទ្រី​ ភាព​ មូល​តែ​ម្នាក់​ នាំ​ចេញ​ទៅ​ទីផ្សារ​ស្រុក​ចិន​

Related