បុរស​ខ្លាំង​ចូល​ពេទ្យ​សិង្ហ​បុរី​ ខណៈ​ពេទ្យ​ខ្មែរ​បាន​និង​កំពុង​ទទួល​រង​ការ​រិះគន់​យ៉ាង​ក្តៅ​គគុក​

​នៅ​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​ចូល​ពេទ្យ​សិង្ហ​បុរី​ ដើម្បី​ពិនិត្យ​សុខភាព​រយៈពេល​០៣​ថ្ងៃ​ ខណៈ​គ្រូពេទ្យ​ខ្មែរ​បាន​និង​កំពុង​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ក្តៅ​គគុក​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ដោយ​អ្នក​រិះគន់​បាន​លើក​ឡើង​ថា​ សេវា​សុខភាព​សាធារណៈ​នៅ​កម្ពុជា​មាន​កម្រិត​ទន់ទាប​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​លើ​គ្រូពេទ្យ​ខ្មែរ​បច្ចុប្បន្ន​ ។​

​បុរស​ខ្លាំង​បាន​បញ្ជាក់​អះអាង​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ថា​ "​ការណ៍​ដែល​ខ្ញុំ​ទៅ​ពិនិត្យ​សុខភាព​នៅ​សិង្ហ​បុរី​ គឺ​មិនមែន​មាន​ន័យ​ថា​ ខ្ញុំ​មិន​ទុកចិត្ត​គ្រូពេទ្យ​កម្ពុជា​នោះ​ទេ​ ។​ "​ ។​ លើស​ពី​នេះ​ បុរស​ខ្លាំង​បាន​លើក​ឡើង​ដែរ​ថា​ "​ដោយ​មានការ​ណែនាំ​របស់​គ្រូពេទ្យ​កម្ពុជា​ បាន​ស្នើ​ឲ្យ​ខ្ញុំ​ពិនិត្យ​នៅ​ក្រៅប្រទេស​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​នូវ​ប្រភេទ​ជំងឺ​ខ្លាំង​ដែល​យើង​ខ្វះ​ឧបករណ៍​ ។​ "​ ។​

​វេជ្ជបណ្ឌិត​កម្ពុ​ជាមួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​បញ្ចេញមតិ​យោបល់​របស់​ខ្លួន​ថា​ នៅ​បណ្តា​ប្រទេស​មាន​សន្តិភាព​ជា​ច្រើន​នៅ​លើ​ពិភពលោក​ ដើម្បី​ធានា​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ខ្លួន​ ប្រទេស​នោះ​បាន​វិនិយោគ​ទឹកប្រាក់​យ៉ាងច្រើន​ បូក​រួម​នឹង​ការ​កម្ចាត់​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​សុខភាព​សាធារណៈ​ ពីព្រោះ​បើ​មនុស្ស​ឈឺ​ហើយ​ ទៅ​សិក្សា​រៀនសូត្រ​យកចំណេះ​ដឹង​ក៏​មិនកើត​ ឬ​ទៅ​បំពេញការងារ​ផ្សេងៗ​ក៏​មិន​បាន​…​ ។​ ដោយឡែក​ ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៦​ ក្រសួងសុខាភិបាល​មាន​ថវិកា​ចំណាយ​សរុប​ចំនួន​១.៤២២.៨៣១,២​លាន​រៀល​ (​ប្រមាណ​ជាង​៣៥៥​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ក្នុង​នោះ​ចំណាយ​ចរន្ត​ចំនួន​១.១១០.៧៩១,៣​លាន​រៀល​ និង​ចំណាយ​មូលធន​ចំនួន​៣១២.០៣៩,៩​លាន​រៀល​ ខណៈ​ក្រសួងសុខាភិបាល​គ្រោង​រក​ចំណូល​សម្រាប់​ឆ្នាំ​២០១៦​ឲ្យ​បាន​ចំនួន​ ៨.៥៣២,៨​លាន​រៀល​(​ប្រមាណ​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ពោល​គឺជា​កម្រិត​ថវិកា​តិចតួច​ណាស់​ ហើយ​បូក​រួម​ទាំង​មាន​បង្កប់​ដោយ​អំពើ​ពុក​រលួយ​នៅឡើយ​ទៀត​ផង​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​បម្រើសេវា​សុខភាព​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​មាន​សភាព​ទន់ខ្សោយ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រាកដ​ណាស់​ បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ បាន​ទទួលស្គាល់​ថា​ សម្ភារៈ​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​នៅ​កម្ពុជា​មានការ​ខ្វះខាត​ ដូច្នេះ​ ដើម្បី​ពង្រឹង​លើក​ស្ទួយ​គុណភាព​វិស័យ​សុខាភិបាល​ ឬ​សេវា​សុខភាព​សាធារណៈ​នៅ​កម្ពុជា​ គឺ​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ត្រូវ​តែ​ចាប់អារម្មណ៍​ឲ្យ​បាន​ដិត​ដល់​ទៅ​លើ​ការ​វិនិយោគ​លើ​វិស័យ​សុខភាព​សាធារណៈ​នេះ​ ដោយ​អនុម័ត​ថវិកា​លើ​វិស័យ​សុខាភិបាល​ឲ្យ​បាន​ច្រើន​ធួន​ល្មម​ រួម​ទាំង​ត្រូវ​មាន​ឆន្ទៈ​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​សុខាភិបាល​ទៀត​ផង​ ទើប​ប្រជាពលរដ្ឋ​ទទួល​បាន​សេវា​សុខភាព​មាន​ភាព​ប្រសើរ​ឡើង​ ប្រកបដោយ​ជំនឿ​ទុកចិត្ត​ ៕​

បុរស​ខ្លាំង​ចូល​ពេទ្យ​សិង្ហ​បុរី​ ខណៈ​ពេទ្យ​ខ្មែរ​បាន​និង​កំពុង​ទទួល​រង​ការ​រិះគន់​យ៉ាង​ក្តៅ​គគុក​

Related