លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងជំរុញឲ្យកងទ័ពហាត់ល្បុក្កតោ

លោកបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក បានបង្ហាញពីទសន្សៈ និងចំណាប់អារម្មណ៍គាំទ្រខ្លាំងទៅលើកីឡាល្បុក្កតោ ហើយលោក នឹងជំរុញឲ្យកងទ័ពខ្មែរ ធ្វើការហ្វឹកហាត់ល្បុក្កតោ។
3
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងក្នុងសិក្ខាសាលាស្តីពី«គុណតម្លៃល្បុក្កតោ ក្នុងសង្គមវប្បធម៌ខ្មែរ» ដែលបានបើកកិច្ចពិភាក្សា នៅទីស្នាក់ការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីថ្ងៃចន្ទម្សិលមិញថា ល្បុក្កតោ នឹងក្លាយទៅជាក្បាច់គុនមួយ ដែលសកម្មសម្រាប់យកទៅហ្វឹកហាត់ក្នុងជួរកងទ័ព និងនៅតាមគ្រឹះស្ថានអប់រំកាយកីឡាមួយចំនួនរបស់ប្រទេសយើង ព្រោះជាអត្តសញ្ញាណកីឡាវប្បធម៌របស់ជាតិយើង។
1
កូនប្រុសសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រូបនេះ បានបន្តថា៖«ទោះបីជាវិទ្យាសាស្ត្រ ឬបច្ចេកទេសអាវុធ មានការជឿលឿនដល់កម្រិតណាក៏ដោយ ប៉ុន្តែក្បួនទាហានត្រូវតែចេះវិជ្ជាគុនជារឿងចាំបាច់ ហេតុនេះខ្ញុំនឹងប្រឹងប្រែងជំរុញធ្វើយ៉ាងណាឲ្យក្បាច់គុនល្បុក្កតោ មានការហ្វឹកហាត់នៅក្នុងជួរកងទ័ព»។
2
គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលាស្តីពី«គុណតម្លៃល្បុក្កតោ ក្នុងសង្គមវប្បធម៌ខ្មែរ» ដែលបានធ្វើឡើង នៅទីស្នាក់ការ NOCC កាលពីម្សិលមិញ មានវាគ្មិនសំខាន់ៗ ដែលជាអ្នកជំនាញខាងកីឡា និងអ្នកស្រាវជ្រាវចំនួន២០នាក់ បានចូលរួម ក្រោមអធិបតីភាពលោក ថោង ខុន ប្រធាន NOCC និងមានអ្នកនិយមកីឡាជាច្រើនទៀតបានចូលរួម។ វាគ្មិនទាំងនោះ នឹងបន្តផ្តល់គំនិតយោបល់ និងពិភាក្សាគ្នា ជាបន្តទៀត នៅថ្ងៃអង្គារនេះ ដើម្បីស្វែងរកនៅគំនិតជារួមដ៏សំខាន់ ក្នុងការចងក្រងជាឯកសារពីគុណតម្លៃល្បុក្កតោខ្មែរ ដើម្បីបំពេញបែបបទឲ្យបានគ្រប់គ្រាន់ ដាក់ល្បុក្កតោ ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO៕