ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានីភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​​ជា​ជនអនាថា​ម្នាក់ដើរ​​ស្ងាត់​ត្រូវរថយន្ត​បើក​បុក​អូស​ជាង​១៥​ម៉ែត្រ​បណ្តាល​ឲ្យ​ស្លាប់​ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល ​កាល​ពី​​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមករា ​នៅ​ចំណុច​ដី​វាល ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញបុរស​ជា​ជនអនាថា​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់ មិនដឹង​មក​ពី​ទីណា​នោះ​ទេ ដោយ​​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង តាម​ផ្លូវ៦០​ម៉ែត្រ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​ងងឹត​ហើយ​ស្ងាត់​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក និង​ស្លាក​លេខ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នាក្នុង​ល្បឿន​លឿន​​រេ​ចង្កូតមក​ខាងស្តាំ​ទៅ​បុក​ជន​រង​គ្រោះពីក្រោយ​ពេញទំហឹង​អូស​​ជិត​១៥​ម៉ែត្រ  រយះ​សាច់ មុខ និង​ដងខ្លួន មើល​លែងស្គាល់​បណ្តាល​​ឱ្យ​​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ សព​ជន​រង​គ្រោះ​មិន​ទាន់​មាន​អ្នក​ស្គាល់អត្តសញ្ញាណនៅឡើយ​ទេ ហើយ​ត្រូវ​សមត្ថកិច្ច​ឱ្យ​​រថយន្ត​ដឹក​សពយក​ទៅ​តម្កល់​ទុក​នៅវត្ត​សំបួរមាស ដើម្បី​​ស្វែងរក​សាច់ញាតិ  ៕