ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បើករថយន្ត​បុក​រ៉ឺ​ម៉ក​ដឹក​អី​វាន់ធ្វើ​ឱ្យ​ក្រឡាប់ ហើយ​បន្ត​ទៅ​បុក​​​ហាង​កាហ្វេ​៩៩៩៩ ដែល​ម្ចាស់​ហាង​​កំពុង​​តែ​ហូប​បាយ​ជុំ​គ្នា​នៅខាង​​មុខ​​ បណ្តាល​ឱ្យ​បែក​ចានឆ្នាំង​ខ្ចាត់ខ្ចាយ និង​មនុស្ស​រង​របួសស្រាល ដែល​ហេតុការណ៍​នេះ ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​០៩ និង​៥៥​នាទី​យប់​ថ្ងៃ​ទី​១៨ មក​រា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១៤៣ កែង​២៧៦ មុខ​ផ្ទះ​លេខ​៥៥ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។

រថយន្ត​បង្ក​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-៤៣៧៣ បើកបរ​តាម​ផ្លូវ​១៤៣ ពី​ជើង​ទៅ​ត្បូង​បត់​ស្តាំ​ជ្រុល​បុក​រ៉ឺ​ម៉ក​ដឹក​អី​វាន់​បើកបរ​តាម​ផ្លូវ​លេខ​២៧៦ ពី​លិចទៅ​កើត បណ្តាល​ឱ្យ​រង​របួសស្រាល​៤​នាក់ ប្រុស​៣ និង​ម្ចាស់​ហាង​កាហ្វេ​៩៩៩៩​ម្នាក់ ចំណែក​រថយន្ត​បង្ក បើក​រត់​ទាំង​បែក​កង់​ខាងស្តាំ​មុខ​ចំណុច​ផ្ទះ​លក់​គុយទាវ ។

បើ​តាម​សម្តី​ម្ចាស់​ហាង​លក់​កាហ្វេ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​និង​កូនចៅ​មាន​គ្នា​៤​នាក់ បាន​កំពុង​អង្គុយ​ពិសា​បាយ​នៅ​មុខ​ផ្ទះ​ផ្លូវ​លេខ​២៧៦ ស្រាប់តែ​មាន​រថយន្ត​បង្ក​បើកបរ​ដោយ​ស្ត្រី​ម្នាក់​បត់​ស្តាំ​ទៅ​បុក​រឺ​ម៉ក​ជិះ​គ្នា​២​នាក់ បណ្តាល​ឱ្យ​ក្រឡាប់​បះ​ជើង​ឡើង​លើ រង​របួសស្រាល ហើយ​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន បាន​ជ្រុល​ទៅ​បុក​តុ​ហូប​បាយ​កំពប់​ខ្ចាយ តែ​មិន​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទេ ។

ក្រោយ​កើតហេតុ អ្នក​ជិះ​រ៉ឺ​ម៉ក​ដឹក​បន្លែ​មិន​បាន​នៅ​តាម​ទារ​សំណង​ទេ បាន​លើក​រ៉ឺ​ម៉ក​ជិះ​ចេញ​ទៅ​បាត់ ចំណែក​រថយន្ត​បង្ក​ក៏​បាន​ព្យាយាម​បើក​រត់គេច​ទៅ​ដល់​ផ្លូវ​២៨៤ ចំណុច​មុខ​ភោជនីយដ្ឋាន​បង​បង ទើប​សមត្ថកិច្ច​ឃាត់​បាន ហើយ​ស្ត្រី​នោះ​បាន​ទូរស័ព្ទ
ហៅ​មិត្ត​ប្រុស​មក​ជួយ​អន្តរាគមន៍ ដោយ​មានការ​សម្របសម្រួល​ដោយ​សមត្ថកិច្ច​ជំនាញ ត្រូវ​បាន​ម្ចាស់ផ្ទះ​ទាមទារ​សំណង​២០០​ដុល្លារ ។ ការ​ចរចា​គ្នា​មួយសន្ទុះ​ម្ចាស់ផ្ទះ​មិន​ព្រម​ចុះថ្លៃ ទើប​ខាង​រថយន្ត​យល់ព្រម​សង​ចំនួន​២០០​ដុល្លារ​បញ្ចប់រឿង ។