បង្កើត​មជ្ឈមណ្ឌល​ផ្ទៀងផ្ទាត់​នាឡិកា​អគ្គិសនី​ដោយ​ឯករាជ្យ ផ្ដល់នូវ​ទំនុក​ចិ​ត្ដ និង​បំបាត់​អារម្មណ៍​សង្ស័យ របស់​ប្រជាពលរដ្ឋ​

ភ្នំពេញ: កម្ពុជា នឹង​បង្កើតឱ្យមាន​មជ្ឈមណ្ឌល​ផ្ទៀងផ្ទាត់ នាឡិកា​អគ្គិសនី​ប្រកបដោយ​ឯករាជ្យ និង​មាន​សុ​ក្រិ​ត្យ​ភាព សម្រាប់​កត់ត្រា​ទិន្នន័យ​ជាក់លាក់​ដើម្បី​ផ្ដល់នូវ​ទំនុក​ចិ​ត្ដ និង​បំបាត់​អារម្មណ៍​សង្ស័យ​របស់​ប្រជាពលរដ្ឋ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ៃ និង​ថាមពល ក្នុង​សន្និបាត​បូកសរុប​ការងារ​បញ្ចប់​ឆ្នាំ​២០១៥ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ការបង្កើត​មជ្ឈមណ្ឌល​ផ្ទៀងផ្ទាត់​នាឡិកា​អគ្គិសនី​ឯករាជ្យ គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ ស្នើសុំ​ជំនួយ​សេវា​ផ្ទៀងផ្ទាត់ ក្នុងការ​ផ្ដល់នូវ​ទំនុក​ចិ​ត្ដ និង​បំបាត់​អារម្មណ៍​សង្ស័យ​របស់​ប្រជាពលរដ្ឋ និង​កំចាត់​ទាំង​គោលបំណង​មិនល្អ​របស់​អ្នកផ្គត់ផ្គង់​អគ្គិសនី​ថែមទៀត​។​

​លោក​បាន​បន្តថា អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​អគ្គិសនី​កម្ពុជា ត្រូវ​រៀបចំ​ឱ្យមាន​ការជជែក ពិភាក្សាគ្នា​ជាមួយ​ក្រសួង​រ៉ៃ និង​ថាមពល អំពី​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ផ្ទៀងផ្ទាត់​មួយ​នេះ នៅ​ក្រសួង​រ៉ៃ និង​ថាមពល ដើម្បី​រៀបចំ​ជា​ផែន​ការរួម​ជាក់លាក់ សម្រាប់​ដាក់​ស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​៕​