សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​រឿងរ៉ាវ​ពាក់ព័ន្ធ​រវាង​ផលិតកម្ម​ហង្ស​មាស​និង​លោក​ម៉ៅ ហា​ជី នៅ​មិន​ទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅឡើយ​ទេ ខណៈ​ពេល​ដែល​តារាចម្រៀង​រូប​នេះ​នៅ​តែ​បន្ត​ភាព​រឹងរូស​មិន​ចូលខ្លួន​ដោះស្រាយ ហើយ​ផលិតកម្ម​នៅ​តែ​ប្រកាន់​ជំហរ​តាម​ផ្លូវច្បាប់ ។ ផលិតកម្ម​ហង្ស​មាស​បញ្ចេញ​ប្រតិកម្ម​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​ព័ត៌មាន ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា លោក​ម៉ៅ ហា​ជី បាន​សម្រេច​ចុះ​កិច្ចសន្យា​ជា​ផ្លូវការ​ជាមួយ​ផលិតកម្ម​ថោ​ន​ហើយ ។

យោង​តាម​ផលិតកម្ម​ហង្ស​មាស​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​លោក​មាស រិ​ទ្ធី ក្នុង​នាទី​ព័ត៌មាន​ពេល​ព្រឹក​របស់​ទូរទស្សន៍​ហង្ស​មាស​កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៦​ឲ្យ​ដឹង​ថា រហូត​មក​ដល់​វិនាទី​នេះ​ផលិតកម្ម​ហង្ស​មាស​នៅ​តែ​ប្រកាន់​ជំហរ​ឲ្យ​លោក​ម៉ៅ ហា​ជី ចូលខ្លួន​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ដដែល ។

បើ​តាម​លោក​មាស រិ​ទ្ធី បើ​ទោះជា​រយៈពេល​កន្លង​មកនេះ​ផលិតកម្ម​ហង្ស​មាស​មិន​បាន​លើក​ឡើង​ឲ្យ​មានការ​ផុសផុល​នៅ​ក្នុង​ព័ត៌មាន​ក៏​ដោយ ប៉ុន្តែ​ផលិតកម្ម​នៅ​តែ​រក្សា​ជំហរ​ដដែល ឲ្យ​លោក​ម៉ៅ ហា​ជី ចូលខ្លួន​ទៅ​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់​ពី​មូលហេតុ​នៃ​ការ​ចាកចេញ​។

លោក​ម៉ៅ ហា​ជី គួរតែ​ចូល​ទៅ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន ហើយ​កុំ​ដើរ​និយាយ​ខាងក្រៅ​ដោយ​ស្មានថា កិច្ចសន្យា​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​កម្មវិធី​ចប់​ដែរ ទើប​បានជា​ខ្លួន​ចាកចេញ​។ ការ​ចូលខ្លួន​ដោះស្រាយ​របស់​លោក​ម៉ៅ ហា​ជី គឺ​មិន​ជាប់​ទាក់ទង​ក្នុង​ការ​ប្តឹង​របស់​ផលិតកម្ម​ហង្ស​មាស​ឡើយ ប៉ុន្តែ​តារាចម្រៀង​រូប​នេះ​ត្រូវ​ចូល​ទៅ​ក្រុមហ៊ុន​ដើម្បី​ពន្យល់​ឲ្យ​បាន​ច្បាស់​ពី​មូលហេតុ​ដែល​ចាកចេញ  ។ ម្យ៉ាង​កុំ​បារម្ភ​ថា ហង្ស​មាស​ប្តឹង​ដើម្បី​យក​លោក​ម៉ៅ ហា​ជី​មក​វិញ​នោះ គឺ​មិនមែន​ឡើយ ផ្ទុយ​ទៅ​វិញ​បើ​លោក​ហា​ជី បញ្ជាក់​ហេតុផល​ច្បាស់លាស់​ហើយ​នោះ លោក​ចង់ទៅ​ណា​ក៏​ទៅ​ចុះ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​បញ្ចប់​បញ្ហា​ជាមួយ​ហង្ស​មាស​ជា​មុន​សិន ។

លោក​មាស រិ​ទ្ធី បញ្ជាក់​ថា បើ​លោក​ហា​ជី មិន​បាន​ដោះស្រាយ​បញ្ចប់​នៅ​ហង្ស​មាស​ទេ នោះ​លោក​នៅ​តែ​ប្រឈម​ទៅ​នឹង​បញ្ហា​ផ្លូវច្បាប់​ដដែល ។ ម្យ៉ាង​កុំ​គិត​ថា ចាំ​ពន្យារ​ពេល​រហូត​ដល់​បញ្ចប់​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ នឹង​អាច​បញ្ចប់​បញ្ហា​នោះ វា​មិន​បញ្ចប់​ទេ បើ​មិន​បាន​ដោះស្រាយ​គ្នា​ទេ​នោះ ។ ចំណែក​ក្រុមហ៊ុន ឬ​ផលិតកម្ម ផ្សេង​ៗ​ដែល​ចង់​យក​លោក​ម៉ៅ ហា​ជី ក៏​គួរតែ​ដឹង​ដែរ បើ​ទោះបីជា​ហា​ជី​មិនដឹង​បញ្ហា​ផ្លូវច្បាប់​ក៏​ដោយ ។

លោក​មាស រិ​ទ្ធី បញ្ជាក់​ថា «​ប្រ​សិន​ក្រុមហ៊ុន ឬ​ផលិតកម្ម ផ្សេង​ៗ​ហ៊ាន​ទទួលយក​លោក​ម៉ៅ ហា​ជី នា​ពេល​នេះ គឺ​អាច​នឹង​ប្រឈម​ផ្លូវច្បាប់​ទាំង​ពីរ​ផង​ដែរ ព្រោះ​កន្លង​មក​ហង្ស​មាស​តែងតែបាន​ប្រកាស​ជា​មុន​ហើយ​ថា បេក្ខជន​ដាក់​ពាក្យ​រូប​ណា​ដែល​ជាប់​កុងត្រា​ជាមួយ​ផលិតកម្ម​នានា នោះ​គឺ​មិន​ទទួល​ឡើយ » ។

ទោះជា​យ៉ាងណា​ក្តី ផលិតកម្ម​ហង្ស​មាស​តាម​រយៈ​លោក​មាស រិ​ទ្ធី អំពាវនាវ​ឲ្យ​លោក​ម៉ៅ ហា​ជី​ចូលខ្លួន​ទៅ​ដោះស្រាយ​បញ្ចប់​បញ្ហា​។ ផលិតកម្ម​តែងតែ​យល់​ពី​កំហុស​ខុសឆ្គង​របស់​តារា​ខ្លួន​ដែរ ហើយ​ហង្ស​មាស​ក៏​មិន​មាន​បំណង​សម្លាប់​អាជីព​តារា​ណា​ដែរ ប្រសិនបើ​តារា​នោះ​ដឹងខ្លួន ហើយ​ចេះ​កែខ្លួន ៕